ឯកឧត្តម វេង សាខុន អញ្ជើញទៅពិនិត្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល

03​ 05 2019

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ ទៅពិនិត្យវិទ្យាស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍ វារីវប្បកម្ម សម្តេចតេជោ ហ៊ុន សែន នៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ នាឱកាសនេះ លោកប្រធានវិទ្យាស្ថាន បានជម្រាប ជូនឯកឧត្តមជ្រាបថា វិទ្យាស្ថានបានបង្កើតឡើងនៅឆ្នាំ២០១៣ លើផ្ទៃដី ៣០ហត ដោយចែកជាអគាររដ្ឋបាល ស្រះចិញ្ចឹម ស្រះមេពូជ អាងស្តុកទឹក អគារភ្ញាស់ អគារស្នាក់នៅ និងមន្ទីរពិ សោធន៍។ វិទ្យាស្ថានមានកាតព្វកិច្ច ២សំខាន់ គឺទី១. បន្សុត បង្កាត់ពូជ និងអភិរក្សពូជត្រី ដែលជិតផុតពូជ ទី២.សិក្សាស្រាវជ្រាវពូជ និងផ្សព្វផ្សាយ និងទី៣. បណ្តុះបណ្តាលបច្ចេកទេស ដល់ប្រជាកសិករ មន្រ្តី និងនិស្សិត។ បច្ចប្បន្នកំពុងធ្វើការ សិក្សាស្រាវជ្រាវ បង្កាត់ពូជត្រីដោយចែកចេញ ជាត្រីផលិតកម្ម មានដូចជាត្រីពន្លូង កាប ឆ្ពិន គន្ធ ក្រហែ កាបស កាបក្បាលធំ ទីឡាព្យា និងប្រភេទត្រីស្រាវជ្រាវ មានដូចជាត្រីគ្រំ ក្រាយ ត្រចៀកដំរី និងត្រីខ្យា។

បន្ទាប់ពីបានចុះពិនិត្យ វិទ្យាស្ថានរួច ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី ដែលបានខិតខំ ប្រឹងប្រែង តស៊ូក្នុងស្មារតីទទួលខុសត្រូវ យកចិត្តទុកដាក់ សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាស្ថាន ឲ្យមានការរីកចម្រើន ដែលសាកសមទៅ នឹងឈ្មោះថា វិទ្យា ស្ថានជាតិស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្តេចតេជោ ហ៊ុន សែន ពិតប្រាកដ។ មាន ប្រសាសន៍ណែនាំ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីវិទ្យាស្ថាន លោកសុំឲ្យវិទ្យាស្ថាន គិតគូពីការធ្វើពាណិជ្ជកម្ម គឺមានន័យថាបង្កាត់ពូជ ចិញ្ចឹម និងធ្វើអាជីវកម្ម ដើម្បីបង្កើតប្រភពចំណូល យកមកបំពេញបន្ថែម នូវតម្រូវការរបស់វិទ្យាស្ថាន ធ្វើយ៉ាងណាឲ្យវិទ្យាស្ថាន មានការវិវឌ្ឍន៍ដោយចិរភាព និងនិរន្តរភាព ជាពិសេសលើកកម្ពស់កំរិតជីវភាពរបស់មន្រ្តីវិទ្យាស្ថានឲ្យបានល្អប្រសើរ។ គួរស្វែងរកដៃគូជាមួយក្រុមហ៊ុនឯកជន ឬកសិដ្ឋានចិញ្ចឹមត្រី ដើម្បីសហការធ្វើជាអ្នកផ្គត់ផ្គង់ កូនត្រីក៏ជាការល្អ។ ត្រូវលើកកម្ពស់សមត្ថភាព មន្ទីរពិសោធន៍ និងបង្កើន ការងារស្រាវជ្រាវ និងអភិរក្សបន្ថែមទៀត ជាពិសេសប្រភេទត្រី ដែលជិតផុតពូជ និងរួមគ្នាថែរក្សាវិទ្យាស្ថាន ទាំងមូលឲ្យបានគង់វង្ស ទុកជាប្រយោជន៍ សម្រាប់បម្រើការងារស្រាវជ្រាវ វិស័យជលផល និងជាសម្បត្តិរដ្ឋ ដ៏មានតម្លៃ ទាំងពេលបច្ចុប្បន្ន និងអនាគត។ ខិតខំស្វែងរកដៃគូ មកជួយទាំងថវិកា និងការងារបច្ចេកទេសចិញ្ចឹម និងបង្កាត់ពូជ ដើម្បីបង្កើនកម្រិតបច្ចេកទេស ស្រាវជ្រាវ ឲ្យបានសមស្រប តាមស្តង់ដារក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ឈានទៅធ្វើការចិញ្ចឹម ការកែច្នៃ និងនាំចេញផលិតផលត្រីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នាពេលអនាគត។