ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី បុគ្គលិក កំពង់ផែស្វយ័តខេត្តព្រះសីហនុ

02​ 05 2019

ថ្ងៃពុធ ១២រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខ កម្មករ កម្មការិនី បុគ្គលិកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ដោយមានការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹក និងមន្ត្រីនៃក្រសួង សាធារណការ និងដឹកជញ្ជូន ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គណៈគ្រប់គ្រង និងកម្មករ-កម្មការិនី បុគ្គលិកកំពង់ផែស្វយ័ត ខេត្តព្រះសីហនុ តំណាងក្រុមហ៊ុន និងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ។

ទិវាពលកម្មអន្តរជាតិ គឺជាទិវាប្រវត្តិសាស្ត្រ ពិភពលោក ដែលតែងតែ ត្រូវបានប្រារព្ធឡើង ក្នុងគោលបំណងចងចាំ នូវចលនាតស៊ូ យ៉ាងអង់អាចក្លាហាន របស់កម្មករ-និយោជិត តាមបណ្ដាប្រទេសនានា ក្នុងអំឡុងចុងសតវត្សទី១៩ ដែលទទួលការជិះជាន់ កម្លាំងពលកម្ម ពិសេសគឺការទទួលស្គាល់ នូវសិទ្ធិទទួលបាននូវលក្ខខណ្ឌការងារ សមរម្យ និងផ្ដល់តម្លៃ ក្នុងការរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ ចំពោះប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាលតែង ប្រារព្ធទិវាពលកម្ម អន្តរជាតិ ជារៀងរាល់ថ្ងៃទី១ ខែឧសភា និងអនុញ្ញាត ឱ្យមន្ត្រីរាជការ កម្មករ-និយោជិតទាំងអស់ បានឈប់សម្រាក ដើម្បីចូលរួមអបអរទិវានេះ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាប ជូនអង្គពិធីទាំងមូល អំពីការអភិវឌ្ឍការសាងសង់ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ តាមជំហានៗ និងការកើនឡើង នៃការធ្វើពាណិជ្ជកម្មអន្តរជាតិផងដែរ។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ វាជាមោទនភាពយ៉ាងខ្លាំង របស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លងកាត់ បានកើនឡើងខ្ពស់ ក្នុងឆ្នាំ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧។ រីឯចំណូលអាជីវកម្ម សរុបសម្រេច បានប្រមាណ៧២ លានដុល្លារអាមេរិក។ ផ្អែកលើកំណើនសេដ្ឋកិច្ច ដ៏រឹងមាំ និងកំណើនបរិមាណទំនិញ ឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រ ដែលឆ្លងកាត់កំពង់ផែ នឹងកើនលើស ៧០០.០០០ TEUs នៅឆ្នាំ ២០២០ និងលើស ១.០០០.០០០ TEUs នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែ ត្រូវសម្រេចឱ្យបានទាន់ពេលវេលា និងប្រើប្រាស់យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃ លើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិក ពង្រឹងនូវប្រសិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែ និងកតា្ត ផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែង ក្នុងតំបន់ និងសកលលោក។

លើសពីនេះទៅទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបន្តថា៖ ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធានាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេលខាងមុខ តាមរយៈវិធានការបញ្ចុះថ្លៃលើកដាក់ Lo-Lo ចំនួន ១០% បញ្ចុះថ្លៃ Bonus ពី ៧,៥០ ដុល្លារ មក ៥ ដុល្លារអាមេរិក ក្នុងមួយ Box និងកែសម្រួលមិនគិតថ្លៃឈ្នួល បម្លាស់ទីនាវា (Shifting)។

ជាទីបញ្ចប់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ជួសមុខឱ្យអង្គពិធីទាំងមូល ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស បានសម្ដែង នូវការគោរពដឹងគុណ និងអបអរសាទរ ដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះមហាសមិទ្ធផលជាតិ ដ៏ត្រចះត្រចង់ទាំងឡាយ នៅពាសពេញផ្ទៃប្រទេស ដែលប្រសូត ចេញពីស្នាដៃដឹកនាំ និងការខិតខំប្រឹងប្រែង ឥតឈប់ឈរពុំចេះនឿយហត់ ប្រកបដោយគតិបណ្ឌិត និងប្រាជ្ញាញាណឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកសាង អភិវឌ្ឍ និងការពារមាតុភូមិកម្ពុជា របស់យើង និងជួសមុខ ឱ្យក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក កម្មករ-កម្មការិនីទាំងអស់ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះអតិថិជនក៏ដូចជា អ្នកប្រើប្រាស់សេវាកំពង់ផែទាំងអស់ ដែលបាននិងកំពុងបន្តគាំទ្រ ប្រើប្រាស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដែលជាច្រកពាណិជ្ជកម្មអន្តរជាតិ ឈានមុខគេ របស់ព្រះរាជាណាចក្រកម្ពុជា។