សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាទ្វេភាគីជាមួយប្រធានាធិបតីចិន

29 04 2019

នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ មុនពេលចាកចេញពីទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិននោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ពិភាក្សាការងារ ជា​ទ្វេ​ភាគីជាមួយ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន ដែលជំនួបនេះត្រូវបានធ្វើឡើង នៅមហាវិមានប្រជាជនចិន។

ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតីចិន បានមានប្រសា​សន៍ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្លើយតប តាមការ​អញ្ជើញ​ របស់ថ្នាក់ដឹកនាំចិន អញ្ជើញមកចូលរួម ក្នុងវេទិកាស្តីពី«ខ្សែក្រវ៉ាត់ និងផ្លូវ»លើកទី២ ស្តីពីសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង ប្រទេសចិននាពេលនេះ។ ឯកឧត្តម មានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ បានរួមចំណែក ដល់ភាពជោគជ័យរបស់វេទិកា ដែលយើងបានបញ្ចប់នាពេលនេះ។ ឯកឧត្តម មានប្រសាសន៍បន្តថា យើងនឹងជួបគ្នា ក្នុងកិច្ចប្រជុំ និងវេទិកាក្រោយៗទៀត ដើម្បីបន្តកិច្ចការ នៃប្រទេសទាំងពីរ ឲ្យកាន់តែរឹងមាំថែមទៀត។ លោកប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង ក៏បានអបអរសាទរ ចំពោះសម្ដេចតេជោ ក្នុងការបន្តដឹកនាំប្រទេសកម្ពុជា ជាបន្តទៀតក្នុងអណត្តិថ្មី ហើយឯកឧត្តម គាំទ្រសម្តេចតេជោ ជានិច្ច។ ប្រទេសចិន នឹងបន្តគាំទ្រ ដល់ប្រទេសកម្ពុជា ជាពិសេស ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា កម្ពុជាកំពុងទទួលបាន នូវ​ភាព​ជោគជ័យជាបណ្តើរៗ ពីគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ» តាមរយៈការតភ្ជាប់ លើគ្រប់​វិស័យ។ សម្តេចតេជោ មានប្រសាសន៍បន្តថា យុទ្ធសាស្រ្តខ្សែក្រវ៉ាត និងផ្លូវ ស្របគ្នានិង​យុទ្ធសាស្រ្ត​ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានទិសដៅ ក្នុងការតភ្ជាប់លើគ្រប់ផ្នែក និងគ្រប់វិស័យទាំងអស់។ សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានាធិបតី ដែលបានទទួលសម្ដេច និងគណៈប្រតិភូ ហើយសម្តេច បានអបអរសាទរ ពីភាពជោគជ័យ នៃវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២នេះ ដែលជាគំនិតផ្ដួចផ្ដើម របស់ប្រទេសចិន ក៏ដូចជា ឯកឧត្តម ប្រធានាធិបតីផ្ទាល់ ដែលវាបានក្លាយ ទៅជាការងារ របស់យើងទាំងអស់គ្នា ហើយវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនេះគឺបានចូលរួមចំណែក ជាច្រើនដល់កម្ពុជា សម្រាប់ការ អភិវឌ្ឍប្រទេស។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានចូលរួមជួយ ដល់កម្ពុជា ដែលនឹងត្រូវប្រឈម ជាមួយនឹងការ EBA របស់សហភាពអឺរ៉ុប ដែលចំណុចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់ ពីការខិតខំរបស់ ឯកឧត្តម ក្នុងការជួយ ដល់ប្រទេសកម្ពុជាផងដែ។ ក្នុងឱកាសនោះ សម្តេចតេជោ ក៏បានជម្រាបជូន ឯកឧត្ដមប្រធានាធិបតី ថាកម្ពុជាកំពុង ធ្វើការកែទម្រង់ផ្ទៃក្នុង ដើម្បីធ្វើយ៉ាងណា ឲ្យកម្ពុជាមានលក្ខណៈ ប្រកួតប្រជែង ក្នុងគោលបំណងសម្រួល ដល់ការធ្វើ ពាណិជ្ជកម្ម របស់អ្នកវិនិយោគិនបរទេស នៅក្នុងប្រទេសកម្ពុជា។ សម្ដេចក៏បានស្នើ ដល់ក្រុមហ៊ុនចិន មកធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា ជាបន្តទៀត ជាពិសេសយ៉ាងណា ឲ្យទីផ្សារចិន មានការបើកចំហជាងមុន សម្រាប់ការនាំចូល ផលិតផលកសិផល ពីប្រទេសកម្ពុជាផងដែរ ដើម្បីរក្សា នូវទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានមានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដ៏ល្អនឹងគ្នា។ ប្រទេសយើងទាំង២ បានចុះហត្ថលេខា លើឯកសារសំខាន់ៗ ជាពិសេសកិច្ច សហប្រតិបត្តិការរួមគ្នា ដែលយើងអាចបន្តធ្វើការងារ ជាមួយគ្នា តាមផែនការសកម្មភាព ហើយយើងត្រូវតែបន្ត ថែទាំមិត្តភាព នៃប្រទេសទាំងពីរ អោយបានល្អ។ ឯកឧត្តម ស៊ីជិនពីង ក៏បានលើកឡើងអំពី ព្រះរាជទស្សនកិច្ចរបស់ សម្ដេចព្រះ នរោត្តម សីហមុនី ដែលព្រះអង្គ នឹងត្រូវយាងមកប្រទេសចិន ដើម្បីចូលរួម កិច្ចប្រជុំសំខាន់ៗមួយ នៅពាក់កណ្តាល ខែឧសភាខាងមុខនេះ។ ពាក់ព័ន្ធ នឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ គឺចិន នឹងជំរុញការកសាង ក្នុងតំបន់សេដ្ឋកិច្ច ដូចជាការកសាងព្រលានយន្តហោះ ផ្លូវល្បឿនលឿន ជាពិសេសក្នុងការនាំចូលអង្ករ ពីប្រទេសកម្ពុជា តាមគោលការណ៍ ដែលផ្ដល់ជូន។ ចិននឹងបន្តគាំទ្រជួយ ដល់វិស័យការពារជាតិ ដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិន បានប្រកាសថាចិន នឹងជួយ ៦០០លានយ័ន ដល់វិស័យការពារជាតិកម្ពុជា។ ភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នា ជាពិសេសការផ្លាស់ប្ដូរ ទស្សនៈកិច្ច នៃប្រទេសទាំងពីរ ហើយឯកឧត្តម បានបញ្ជាក់ថា ថ្មីៗនេះប្រទេសចិន និងសិង្ហបុរី បានធ្វើការជាមួយគ្នា ក្នុងការបង្កើតរបៀងសេដ្ឋកិច្ច ដើម្បីជំរុញ សមាហរណកម្មសេដ្ឋកិច្ច ហើយក្នុងន័យនេះ គឺចិនស្វាគមន៍កម្ពុជា ចូលទៅក្នុងរបៀងសេដ្ឋកិច្ចផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបានអរគុណដល់ ឯកឧត្តមប្រធានាធិបតីចិន ក៏ដូចជារដ្ឋាភិបាលចិន ដែលកន្លងមកតែងតែ ចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ហើយសម្តេច ក៏បានគូសបញ្ជាក់ផងដែរថា ស្ថានភាពផ្ទៃក្នុង ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា នៅតែមានភាព ល្អប្រសើរ ហើយបច្ចុប្បន្ន គឺល្អប្រសើរជាងកាលបោះឆ្នោតឆ្នាំ១៩៩៨ ហើយសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០១៨នេះ គឺកាន់តែមានភាព ល្អប្រសើរ ហើយសម្រាប់ បីខែដំបូង នៃឆ្នាំ២០១៩ សេដ្ឋកិច្ចកម្ពុជា ក៏នៅតែមានលក្ខណៈល្អប្រសើរផងដែរ។ ដូច្នេះតាមរយៈជំនួបនេះ គឺបានប្រព្រឹត្តទៅ ជាផ្លែផ្កា ដែលប្រទេសទាំងពីរ នឹងសហការគ្នាជាមិត្តភាព ជាមិត្តដែកថែប ជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាបន្តបន្ទាប់ទៀត៕