ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អនុញ្ញាតឲ្យលោក Takeshi Ueda ប្រធានក្រុមការងារគម្រោង​​ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបសម្តែងការគួរសម

21 02 2019

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Takeshi Ueda ប្រធានក្រុមការងារគម្រោង​នៃធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំ ជំនួយបច្ចេកទេស សម្រាប់កសាងគម្រោង ស្តីពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ខ្សែច្រវាក់ តម្លៃផលិតផលកសិកម្ម។

មានមតិស្វាគមន៍ តាមរយៈលោក Takeshi Ueda ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះធនាគារ អភិវឌ្ឍន៍អាស៊ី ដែលបានបន្តគិតគូ យកចិត្តទុកទាក់ និងគាំទ្រដល់ការអភិវឌ្ឍ វិស័យកសិកម្ម នៅកម្ពុជា ដូចជាជំនួបនាថ្ងៃនេះ ដោយក្រុមការងារ ធនាគារ អភិវឌ្ឍន៍អាស៊ី សហការជាមួយមន្ត្រីជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរួមគ្នា រៀបចំកសាងគម្រោង នេះឡើង ដែលផ្តោតជាសំខាន់ ក្នុងការបំពេញខ្សែច្រវាក់ តម្លៃផលិតកម្ម និងកសិផលដោយ ចាប់ផ្តើមពី A ដល់ Z ធ្វើយ៉ាងនេះ ដើម្បីបង្កើនតម្លៃបន្ថែម ដល់ផលិតផលកសិកម្ម កាត់បន្ថយឈ្មួញកណ្តាល ពង្រីកនិងពង្រឹង វិស័យកែច្នៃ វេចខ្ចប់ ឃ្លាំងស្តុក ការរក្សាទុកដាក់ ក្នុងបន្ទប់ត្រជាក់ និងការដឹកជញ្ជូន ប្រកបដោយជំនាញ បច្ចេកទេស និងការធានាគុណភាព សុវត្តិភាព អនាម័យ និងភូតគាមអនាម័យ និងជាពិសេសកាត់បន្ថយ ការនាំចេញវត្ថុធាតុដើម ក្នុងនោះមានវត្ថុធាតុដើម ដូចជា ដំឡូង ស្រូវ ស្វាយ ស្វាយចន្ទី។ល។

នាឱកាសនេះ លោក Takeshi Ueda បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ដោយសង្ខេប អំពីគម្រោងខាងលើថា គម្រោងនឹងគ្របដណ្តប់ លើខេត្តគោលដៅចំនួន ៦ មានខេត្តត្បូងឃ្មុំ ព្រះវិហា កំពង់ចាម កំពង់ធំ សៀមរាប និង ខេត្តឧត្តមានជ័យ ដោយមានទឹកប្រាក់សរុបជាង ៧៦លានដុល្លារអាមេរិច ដែលជាចំនួយហិរញ្ញប្បទាន ពីធនាគារអភិវឌ្ឋន៍អាស៊ី និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ លទ្ធផលរំពឹងទុក របស់គម្រោងគឺ ១. ជំនួយការងារបច្ចេកទេស ក្រោយពេលប្រមូលផល និងដឹកជញ្ជូន ២. ការកសាងរចនាសម័្ពន្ធគាំទ្រ ដល់ការបំពេញ ខ្សែច្រវាក់តម្លៃ ដូជាការកសាងមន្ទីរពិសោធន៍ អនាម័យ និងភូតភាមអនាម័យ និងការផលិតពូជ ៣.ការកសាងផ្លូវ នៅតាមជនបទ ដើម្បីបង្កលក្ខណងាយស្រួល ដល់ការដឹកជញ្ជូនកសិផល និង ៤.ការកសាងសមត្ថភាព និងការផ្សាភ្ជាប់ រវាងគ្រប់ភាគីពាក់ព័ន្ធ៘ គម្រោងនេះ ក៏បានផ្តល់អាទិភាព ទៅលើដំណាំកសិឧស្សាហកម្ម មានដូចជាស្វាយចន្ទី ដំឡូងមី ស្វាយ បន្លែ និងផលិតកម្មមាន់។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងពេញចិត្ត ចំពោះគម្រោងនេះ ហើយសន្យាថានឹងផ្តល់កិច្ចសហការ ឲ្យបានល្អប្រសើរ ដើម្បីឲ្យគម្រោង សម្រេចទទួលបាន លទ្ធផលល្អប្រសើរ នាពេលអនាគត។ នាឱកាសនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានទាញអារម្មណ៍ ADB ឲ្យជួយគិតគូបញ្ចូល ដំណាំពោត ក្នុងផែនការគម្រោង ដោយដំណាំនេះ កំពុងតែមានសក្កានុពល ទាំងទីផ្សារ ក្នុងស្រុក និងបរទេស។ ក្រៅពីនេះ លោកបានស្នើឲ្យ ADB ជួយលើកកម្ពស់ ការកសាងសមត្ថភាព របស់កសិករ សហគមន៍ និងវិស័យឯកជន ដោយផ្តោត លើការកសាងភាព ជាដៃគូរវាងអ្នកផលិត និងអ្នកកែច្នៃ ដោយអនុវត្តតាមផលិតកម្មកសិកម្ម តាមកិច្ចសន្យា និងការធ្វើទំនើបកម្មកសិកម្ម។ ដោយឡែក វិស័យផលិតកម្មគោ ជាពិសេសការប្តូរពូជសត្វគោ ដែលកំពុង មានទីផ្សារខ្ពស់ ក៏គួរពិនិត្យលទ្ធភាព ក្នុងការជួយគាំទ្រផងដែរ ព្រោះផលិតកម្មគោ គឺជាប្រភពចំណូល ដ៏ធំមួយ ហើយដែលបានជួយកែប្រែ កម្រិតជីវភាព របស់កសិករ យ៉ាងល្អប្រសើរ។