ជំនួបទ្វេភាគីជាមួយឥស្សរជន អំឡុងនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី៨១ គណៈកម្មាធិការដឹកជញ្ជូនផ្លូវគោកអង្គការសហប្រជាជាតិ

21 02 2019

ឆ្លៀតនៅក្នុងឱកាស នៃការចូលរួម កិច្ចប្រជុំប្រចាំឆ្នាំ លើកទី៨១ របស់គណៈកម្មាធិការ ដឹកជញ្ជូនផ្លូវគោក អង្គការសហប្រជាជាតិ លើកទី៨១ ពីថ្ងៃទី១៩-២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគី ជាមួយឥស្សរជនមួយចំនួន ដើម្បីផ្សព្វផ្សាយ អំពីគោលនបាយ របស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍ នៅកម្ពុជា ជាពិសេស ក្នុងវិស័យដឹកជញ្ជូន និងការតភ្ជាប់ និងស្វែងរកជំនួយ លើវិស័យសុវត្ថភាពចរាចរកម្ពុជា ដើម្បីចូលរួមវិភាគទាន ដល់ការសម្រេច បានគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាព របស់អង្គការ សហប្រជាជាតិ ក៏ដូចជា ការបណ្តុះបណ្តាល អំពីការរៀបចំចូលរួម នៅក្នុងកិច្ចព្រមព្រៀង និងអនុសញ្ញាអង្គការ សហប្រជាតិនានា ពាក់ព័ន្ធការដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹកសាប ដល់មន្រ្តីកម្ពុជា។ ឥស្សរជនទាំងនោះ រួមមាន លោកជំទាវ Olga Algayerova អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ចអង្គការ សហប្រជាជាតិ សម្រាប់អឺរ៉ុប (UNECE) ឯកឧត្តម Kristof Schockaert ប្រធានគណៈកម្មាធិការ ដឹកជញ្ជូនផ្លូវគោគ អង្គការសហប្រជាតិ (ITC) ឯកឧត្តម Jean Todt បេសកជនពិសេស អគ្គលេខាធិការ អង្គការសហប្រជាតិ ទទួលបន្ទុកសុវត្ថភាពចរាចរ និង លោក Yuwei Li ប្រធាននាយកដ្ឋាននិរន្តរភាព ដឹកជញ្ជូន នៃអង្គការ UNECE។
ឯកឧត្តម ក៏បានជួបពិភាក្សាផងដែរ ជាមួយឯកឧត្តម Bounchanh Sinthavong រដ្ឋមន្រ្តីសាធារណការ និងដឹកជញ្ជូនឡាវ និងឯកឧត្តម Arkhom Termpittayapaisith រដ្ឋមន្រ្តីដឹកជញ្ជូន នៃព្រះរាជាណាចក្រថៃ អំពីការត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការ ចម្រុះស្តីពីកិច្ចព្រមព្រៀង សម្រួលការ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន របស់មហាអនុតំបន់ ទន្លេមេគង្គ (GMS CBTA) ដែលនឹងប្រារព្ធ ធ្វើពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៩ នៅទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រុញឲ្យព្រះរាជាណាចក្រថៃ ខិតខំពន្លឿនការងារ ដើម្បីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ឆ្លងកាត់ព្រំដែនតាមផ្លូវដែក រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដើម្បីទទួលបាន នូវអត្ថប្រយោជន៍ ពីការចូលរួមអនុវត្ត កម្មវិធីប្រមូលផលដើមដៃ របស់កិច្ចព្រមព្រៀង CBTA ។
ជាលទ្ធផល លោកជំទាវ អគ្គលេខាធិការរងអង្គការ សហប្រជាជាតិ ទទួលបន្ទុកគណៈកម្មការសេដ្ឋកិច្ច អង្គការសហប្រជាជាតិ សម្រាប់អឺរ៉ុប ឯកឧត្តម Kristof Schockaert ប្រធាន គណៈកម្មាធិការ ដឹកជញ្ជូនផ្លូវគោកអង្គការ សហប្រជាតិ ឯកឧត្តម Jean Todt បេសកជនពិសេស អគ្គលេខាធិការអង្គការ សហប្រជាតិ ទទួលបន្ទុកសុវត្ថភាពចរាចរ បានសន្យាពិចារណា លើសំណើ របស់ឯកឧត្តម ទេសរដ្ឋមន្រ្តី ហើយឯកឧត្តម Jean Todt បេសកជនពិសេសអគ្គលេខាធិការ អង្គការសហប្រជាតិ ទទួលបន្ទុកសុវត្ថភាពចរាចរ ដែលជាមហាសេដ្ឋី ដ៏ល្បីឈ្មោះ របស់ប្រទេស ស្វីស សន្យាថានឹងអញ្ជើញ ទៅធ្វើទស្សនកិច្ច នៅកម្ពុជា នៅក្នុងពេលខាងមុខ។