អាជ្ញាធរជាតិអប្សរា​ បើកវគ្គបណ្តុះបណ្តាល ពីការប្រើប្រាស់គេហទំព័រអាយស៊ីស៊ី-អង្គរ

07 11 2018

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការយូណេស្កូ បើកវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់គេហទំព័រ អាយស៊ីស៊ី-អង្គរ (ICC-Angkor) កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីមន្ត្រីគ្រប់នាយកដ្ឋាន នៃអាជ្ញាធរជាតិអប្សរា អង្កការយូណេស្កូ អាជ្ញាធរព្រះវិហារ និងអាជ្ញាធរសំបូរព្រៃគុក ប្រមាណជា ៤០នាក់។

វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយអ្នកជំនាញ មកពីអង្គការយូណេស្កូ និងអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា ក្នុងបំណងឱ្យមន្ត្រីបុគ្គលិក នៃស្ថាប័នទាំងអស់ អាចស្វែងរកព័ត៌មានលម្អិត ប្រកបដោយប្រសិទ្ធិភាព អំពីកិច្ចការអភិរក្ស ការជួសជុលប្រាសាទ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយស្ថាប័នជាតិ និងអន្តរជាតិ រួមទាំងរបាយការណ៍ទាំងស្រុង នៃកិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គ្រប់ឆ្នាំទាំងអស់។

វគ្គសិក្សានេះ ក៏នឹងផ្តល់ជាគំនិតមួយធំ សម្រាប់អាជ្ញាធរជាតិ ព្រះវិហារ និងសំបូរព្រៃគុកដែរ ក្នុងការរៀបចំ គេហទំព័រផ្តល់ព័ត៌មាន ពីសកម្មភាព នៃកិច្ចការអភិរក្ស ការជួសជុល នៅក្នុងតំបន់របស់ខ្លួន៕