ដំណើរកំសាន្តតាមរថភ្លើងរបស់អ្នកស្រុកកោះធំ ភ្នំពេញ-កំពង់ឆ្នាំង

29​ 10 2018

ថ្ងៃចន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម​ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំ ប្រមាណ ៦០០នាក់ ជិះរថភ្លើងពីភ្នំពេញ ទៅខេត្តកំពង់ឆ្នាំង។

ឆ្លៀតឱកាសថ្ងៃឈប់ សម្រាកអបអរសាទរ ព្រះរាជពិធីបុណ្យខួប លើកទី១៤ នៃការយាងគ្រងរាជសម្បត្តិ របស់ព្រះករុណាព្រះបាទ ព្រះនរោត្ដម សីហមុនី ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំប្រជាពលរដ្ឋ ស្រុកកោះធំ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើដំណើរ តាមរថភ្លើង ដើម្បីអបអរសមិទ្ធផលថ្មី ស្វែងយល់ពីការរីកចម្រើន វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក ភាពសម្បូរសប្បាយ របស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ផ្សេងៗ និងបានកំសាន្តសប្បាយ នឹងសម្រស់ធម្មជាតិដ៏ត្រកាល នៅតាមដងផ្លូវនាចុងរដូវវស្សា ធ្លាក់ខ្យល់ ពីទិសខាងជើង។

ឯកឧត្ដម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដោយសារប្រទេសមានសន្តិភាព និងស្ថេរភាពនយោបាយ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ត្រូវបានអភិវឌ្ឍ។ ចំណែកឯ ផ្លូវដែកភាគខាងជើង ត្រូវបានតភ្ជាប់ទាំងស្រុង ពីភ្នំពេញទៅប៉ោយប៉ែត ដើម្បីផ្ដល់ជម្រើស ក្នុងការធ្វើដំណើរ និងដឹកជញ្ជូន សំដៅកាត់បន្ថយ ការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនល្អៗ នឹងតភ្ជាប់គ្រប់ច្រកល្ហក ជាកត្តាទាក់ទាញ ភ្ញៀវទេសចរ និងវិនិយោគិន បង្កើនការនាំចេញនាំចូល បង្កើតការងារ ជូនប្រជាពលរដ្ឋ ពង្រឹងសក្ដានុពលសេដ្ឋកិច្ច គ្រួសារ និងសេដ្ឋកិច្ចជាតិ និងឈានទៅរកការកាត់បន្ថយភាព ក្រីក្រឱ្យនៅតិចបំផុត។

ឯកឧត្ដម ទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៦នេះ នឹងបម្រើប្រជាពលរដ្ឋ ឱ្យបានទ្វេដងទាំងការអភិវឌ្ឍ និងការផ្ដល់សេវា សាធារណៈតាមវិស័យ នីមួយៗ ស្របតាមប្រសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការគ្រប់រូប គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដូចនេះត្រូវបម្រើប្រជាពលរដ្ឋ ឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព និងឱ្យមានតម្លាភាព។

សូមបញ្ជាក់ផងដែរថា នេះគឹជាលើកទីបីហើយ ដែលឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងប្រជាពលរដ្ឋស្រុកកោះធំ ជិះរថភ្លើង ដើម្បីស្វែងយល់ និងបណ្ដុះស្មារតីភាពជាម្ចាស់ ស្រឡាញ់ ថែរក្សា និងការពារសមិទ្ធផល ដ៏មានតម្លៃរបស់យើង ឱ្យបានគង់វង្សទោះក្រោម តម្លៃណាក៏ដោយ ដើម្បីទុកជាកេរ្តិ៍មរតក សម្រាប់អ្នកជំនាន់ក្រោយ ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ បន្តទៅទៀត៕