ឯកឧត្តម អ៊ិត សំហេង អញ្ជើញបើកវេទិកាសំណេះសំណាលរវាងតំណាងរាជរដ្ឋាភិបាលជាមួយវិស័យឯកជន

02 10 2018

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតី​​ក្នុងពិធីបើកវេទិកា សំណេះសំណាល រវាងតំណាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន លើប្រធានបទ “ការអភិវឌ្ឍថ្មីៗ ជុំវិញការអនុវត្តកាតព្វកិច្ច ក្រោមច្បាប់ ស្តីពីការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា” រៀបចំដោយសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅសណ្ឋាគារ តារាអ៊ែរផត ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់រៀបចំ វេទិកាដ៏មាន សារៈសំខាន់នេះឡើង ដើម្បីផ្តល់ឱកាស ដល់គ្រប់សហគ្រាស គ្រឹះស្ថានទាំងអស់ ដែលស្ថិតនៅក្រោម បទប្បញ្ញតិ្តច្បាប់ ស្តីពីការងារ ឱ្យយល់កាន់តែច្បាស់ អំពីការវិវឌ្ឍនានា នៅក្នុងវិស័យការងារ ជាពិសេសត្រៀមខ្លួន ក្នុងការអនុវត្តកាតព្វ របស់ខ្លួន ឱ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ ដោយស្មោះ ចំពោះសហព័ន្ធនិយោជក និងសមាគម ពាណិជ្ជកម្មកម្ពុជា ក៏ដូចជាសមាជិករបស់ CAMFEBA ទាំងអស់ដែលតែងតែ បានយកចិត្តទុកដាក់ សិក្សាស្វែងយល់ និងចូលរួមអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមបទប្បញ្ញតិ្តពាក់ព័ន្ធ នឹងវិស័យការងារ នាពេលកន្លងមក។ សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់ អំពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ របស់កម្មករនិយោជិត នៅកម្ពុជា ដែលជាសក្ខីភាព នៃការចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ផងដែរ។

សមិទ្ធផលជាច្រើន មិនអាចសម្រេចបាននោះទេ ប្រសិនបើមិនមានកិច្ច សហការជាវិជ្ជមាន និងការចូលរួមពីវិស័យឯកជន អង្គការវិជ្ជាជីវៈ និងដៃគូអភិវឌ្ឍន៍នានា របស់កម្ពុជា។ ដូចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំការបន្តសហការ ឱ្យកាន់តែជិតស្និទ្ធ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តសម្រេចបាននូវ៖
១- ការលើកកម្ពស់ លក្ខខណ្ឌការងារ ឱ្យកាន់តែល្អប្រសើរ តាមរយៈការអនុវត្តច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងច្បាប់ ស្តីពីប្រាក់ឈ្នួលអប្បរមា ក៏ដូចជា អនុសញ្ញាអន្តរជាតិ ខាងការងារ ដែលកម្ពុជាបានផ្តល់សច្ចាប័ន។
២- ការពង្រឹងប្រព័ន្ធ និងយន្តការអធិការកិច្ច ការងារតែមួយ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងតម្លាភាព។
៣- ការពង្រឹងសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ លើកកម្ពស់ ការយល់ដឹងអំពីសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់ របស់កម្មករ និយោជិត និងនិយោជក ព្រមទាំងបង្កើន ប្រសិទ្ធភាពវិធានការ ការពារ ទប់ស្កាត់កូដកម្ម បាតុកម្ម និងដោះស្រាយវិវាទ ដោយសន្តិវិធី និងស្របតាមនីតិវិធីច្បាប់ ជាធរមាន ដោយទប់ស្កាត់ ឱ្យបានដាច់ខាត នូវការរំខាន ដល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រើអំពើហិង្សា ដែលបណ្តាល ឱ្យបាត់បង់ផលប្រយោជន៍ ដល់គ្រប់ភាគីពាក់ព័ន្ធរួមទាំងសង្គមជាតិ។
៤- ការពង្រឹងពង្រីក សេរីភាពសហជីព អង្គការវិជ្ជាជីវៈ និងទប់ស្កាត់ការរើសអើង ចំពោះ សហជីព ទប់ស្កាត់ការអនុវត្ត សកម្មភាពខុសច្បាប់ របស់សហជីព ដែលមិនបម្រើ ផលប្រយោជន៍រួម និងពិតប្រាកដ របស់កម្មករនិយោជិត។
៥- ការពង្រឹងឱ្យកាន់តែ ប្រសើរឡើង នូវប្រព័ន្ធការពារសុខភាព និងសុវត្ថិភាពការងារ ជាពិសេស យកចិត្តទុកដាក់លើបរិស្ថាន អនាម័យ អាហារូបត្ថម្ភ សេវាការពារពិនិត្យសុខភាព និងការទប់ស្កាត់ជំងឺឆ្លង សុវត្ថិភាពអគ្គីភ័យ និងសំណង់ ព្រមទាំងទប់ស្កាត់ ការធ្វើការបន្ថែមម៉ោង លើសច្បាប់កំណត់ គ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ក្នុងការ ដឹកជញ្ជូនកម្មករនិយោជិត ដោយអនុវត្ត នូវទិសស្លោក “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ ចរាចរណ៍” និងជំរុញយុទ្ធនាការគ្រោះថ្នាក់ ការងារកម្រិតសូន្យ។
៦- ការកំណត់ប្រាក់ឈ្នួល អប្បបរមា ដោយប្រើប្រាស់ តាមយន្តការដែលបានឯកភាព និងកំណត់នៅក្នុងច្បាប់ ស្តីពីប្រាក់ឈ្នួល អប្បបរមា។
៧- ការពង្រឹងប្រសិទ្ធភាព នៃយន្តការគ្រប់គ្រង ពលករបរទេស នៅកម្ពុជា និងផ្តល់សេវាគាំពារ និងការពារសិទ្ធិពលករកម្ពុជា នៅបរទេស ព្រមទាំងទប់ស្កាត់ការធ្វើ ចំណាកស្រុក ដោយខុសច្បាប់ ទាំងប្រថុយប្រថាន ដោយចាត់វិធានការ ម៉ឺងម៉ាត់ ចំពោះជន ជាមេខ្យល់ ដែលប្រើឧបាយកល អូសទាញ ឬបោកបញ្ឆោត ប្រជាពលរដ្ឋ។
៨- ការអនុវត្តឱ្យបានជោគជ័យ នូវទិសដៅអាទិភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការ លើកកម្ពស់ វិស័យអប់រំ និងការអប់រំបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ ដោះស្រាយឱ្យបានល្អ នូវតម្រូវការ នៃទីផ្សារការងារ ក្នុងប្រទេស។
៩- ការអនុវត្តរបបសន្តិសុខសង្គម សម្រាប់កម្មករនិយោជិត ទូទៅប្រកបដោយ ប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ចាត់ទុកថា នេះជាវេទិកាមួយ ដែលវិស័យឯកជន អាចបន្តសិក្សាស្វែងយល់ អំពីវឌ្ឍនភាពនានា នៅក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីត្រៀមខ្លួន ក្នុងការចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ កាន់តែទូលំទូលាយ។ ទន្ទឹមនឹងនេះ វាក៏ជាឱកាសមួយ ដែលវិស័យឯកជន អាចជួបប្រាស្រ័យ ទាក់ទងដោយផ្ទាល់ ជាមួយតំណាង រាជរដ្ឋាភិបាល ក្នុងការស្វែងរក ដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានា នាពេលបច្ចុប្បន្ន ក៏ដូចជាបញ្ហា ផលប្រយោជន៍រួម ទាំងអស់គ្នា។

ឯកឧត្តម រដ្ឋមន្ត្រី បានស្នើឱ្យសមាជិកសមាជិកា នៃអង្គពិធីទាំងមូល មេត្តាចូលរួមសិក្សាស្វែងយល់ និងជជែកពិភាក្សា ឱ្យបានផុសផុល ក្នុងការចែករំលែក នូវចំណេះដឹង និងបទពិសោធន៍ល្អៗ ដើម្បីរួមគ្នា ស្វែងរកដំណោះស្រាយ ក្នុងការធានាបាន លក្ខខណ្ឌការងារល្អ ប្រសើរ ភាពសុខដុមរមនា ក្នុងទំនាក់ទំនងវិជ្ជាជីវៈ បរិយាកាស វិនិយោគប្រកបដោយភាព ទាក់ទាញ ក៏ដូចជាការចូលរួម បន្តអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិយើង ឱ្យកាន់តែរីកចម្រើនថែមទៀត ប្រកបដោយចីរភាព៕