ឯកឧត្តម វេង សាខុន​ អនុញ្ញាឲ្យលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា (FAO) និងសហការីចូលជួបសម្តែងការគួរសម

02 10 2018

នៅទីស្តីការក្រសួងថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្ម នៃសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា (FAO) និងសហការី ចូលជួបសម្តែងការគួរសម និងពិនិត្យលទ្ធភាព លើការងារមួយចំនួន ដែលអង្គការអាចជួយគាំទ្រ ឬផ្តល់កិច្ចសហប្រតិបត្តិការ បន្ថែមទៀត ធ្វើយ៉ាងណាលើកស្ទួយ វិស័យកសិកម្មកម្ពុជា ឲ្យកាន់តែមានភាព រីកចម្រើនមួយកម្រិតទៀត។

នាឱកាសនេះ លោក Alexandre Huynh តាងនាមឲ្យអង្គការ FAO និងក្នុងនាមខ្លួនលោកផ្ទាល់ សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាល សម្រេចបាននាឆ្នាំកន្លងមក ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយលោកក៏សូមចូលរួមអបអរសាទរ ជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ លោកសង្ឃឹម និងជឿជាក់ថា ក្រោមការដឹកនាំ របស់ឯកឧត្តម រដ្ឋមន្រ្តី វិសាលភាព នៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO នឹងកាន់តែមានភាពរីកចម្រើន និងប្រសិទ្ធភាពថែមទៀត។ ចំពោះគោលបំណង នៃជំនួបនាថ្ងៃនេះ គឺដើម្បីពិនិត្យ លើអនុវិស័យនានា ដែលអង្គការ FAO អាចជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការ និងស្នើសុំអនុសាសន៍ មួយចំនួន ដើម្បីធ្វើការកែសម្រួល ក៏ដូចជាតំរង់ទិសផែនការ យុទ្ធសាស្ត្ររយៈពេល ៥ឆ្នាំថ្មីរបស់អង្គការ ក្នុងការជួយគាំទ្រ ដល់វិស័យ កសិកម្មកម្ពុជា ធ្វើយ៉ាងណាស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការ FAO ដែលបានជួយគាំទ្រយ៉ាងច្រើន ក្នុងដំណើរការ នៃការរៀបចំ គោលនយោបាយ ជាយុទ្ធសាស្រ្ត និងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ពិសេសបានជួយឧបត្ថម្ភ ទាំងបច្ចេកទេស និងថវិកា ដើម្បីអនុវត្តគម្រោង នានាកន្លងមក។ ស្តែងចេញពីលទ្ធផល នៃការអនុវត្តន៍គម្រោងទាំងនោះ ធ្វើឲ្យវិស័យកសិកម្ម មានការរីកចម្រើន ជាបន្តបន្ទាប់។ តាមរយៈ នៃការបំពេញបេសកកម្មរបស់ លោក Alexandre Huynh នៅកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹម និងជឿជាក់ថា អង្គការ FAO នឹងបន្តជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យ កសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន បន្ថែមទៀត នាពេលអនាគត។

សូមបញ្ជាក់ថា កិច្ចប្រជុំនាថ្ងៃនេះ ភាគីទាំងពីរបានឯកភាពគ្នា លើចំណុចសំខាន់ៗមួយចំនួន ដែលត្រូវដាក់បញ្ចូល ក៏ដូចជាផ្តោត ជាសំខាន់ ក្នុងផែនការយុទ្ធសាស្ត្រថ្មី របស់អង្គការ មានជាអាទិ៍៖ ១. ត្រូវលើកកម្ពស់ ការរៀបចំផែនទីកំណត់ តំបន់ដាំដុះ។ ២. បង្កើនការយកចិត្តទុក ដាក់ដោះស្រាយបញ្ហា ទីផ្សារជូនប្រជាកសិករ តាមរយៈការលើកកម្ពស់ ទំនើបកម្មកសិកម្ម ការកែឆ្នៃ និងពាណិជ្ជូបនីយកម្ម រួមជាមួយនឹងការរៀបចំ ផែនការដាំដុះប្រកបដោយ ប្រសិទ្ធភាព និងនិរន្តភាព ដើម្បីតម្រូវចិត្ត នៃទីផ្សារត្រូវការ។ ៣. ជម្រុញការអនុវត្ត ស្តង់ដារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្ម ដើម្បីធានាបាន ទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។ ៤. ពិនិត្យលទ្ធភាព លើការកសាងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រវិស័យកសិកម្ម ដើម្បីបង្កើន ទាំងគុណភាព និងផលិតភាព ធ្វើយ៉ាងណា កាត់បន្ថយថ្លៃដើម ដើម្បីបង្កើនប្រាក់ចំណូល របស់ប្រជាកសិករ។