រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់

02 10 2018

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជា គឺជាប្រទេស បើកចំហរសេដ្ឋកិច្ច ជាមួយគោល នយោបាយ​គាំពារ វិនិយោគល្អជាងគេ នៅក្នុងតំបន់ ជាពិសេសគ្មានការរើសអើង ចំពោះការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ហើយវិនិយោគិន បរទេសមានសិទ្ធិ កាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញ ពីការធ្វើធុរកិច្ចបាន ១០០ភាគរយ។

ឯកឧត្តម រដ្ឋមន្ត្រី បានអះអាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ដើម្បី​ផ្សព្វផ្សាយ ឱកាសវិនិយោគ ជូនប្រតិភូធុរជន នៃបណ្តាប្រទេសអាស៊ាន និងអាមេរិក មកពីក្រុមហ៊ុនធំៗចំនួន ១០ ដឹកនាំដោយលោក ម៉ាយឃើល មីឆាលឡាក់ (Michael W. Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់ នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រតិភូធុរជន អាស៊ាន-អាមេរិក អំពីគោលដៅ នៃយុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាលទី៤ ដែលផ្តោតសំខាន់ លើការកែទម្រង់ ដើម្បីធានា ការអភិវឌ្ឍ សង្គមសេដ្ឋកិច្ច ដោយសមធម៌ និងវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្ន កំពុងត្រូវបានពិនិត្យ និងកែសម្រួល ចុងក្រោយ ដោយក្រុមប្រឹក្សា អ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានសង្គតិភាព (ចំណុចស្រប) ជាមួយច្បាប់ដ៏ទៃទៀត របស់កម្ពុជា ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាព របស់កម្ពុជា ដូចជាលក្ខណៈ ពិសេស នៃទីតាំងភូមិសាស្ត្រ​ (បេះដូងនៃអាស៊ាន)​ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្ម កម្លាំងពលកម្មវ័យក្មេង តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One ដែលផ្តល់ភាព បត់បែនខ្ពស់ ដល់វិនិយោគិន ក្នុងការប្រើប្រាស់ ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បី​នាំចេញទីកាន់ ទីផ្សារអន្តរជាតិ នៅក្រោមប្រព័ន្ធអនុគ្រោះ ពន្ធផ្សេងៗ ផ្តល់ប្រទេសជាដៃគូ របស់កម្ពុជា។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបកស្រាយ នូវសំណួរ និងសំណូមពរផ្សេងៗ ដែលលើកឡើង ដោយប្រតិភូធុរជន អាស៊ាន-អាមេរិក និងសន្យាជួយសម្របសម្រួល រាល់បញ្ហាទាំងឡាយ ដើម្បីឈានទៅសម្រេចបាន ស្ថានភាព ឈ្នះ-ឈ្នះទាំងអស់គ្នា គឺការវិនិយោគដើម្បីបង្កើត ប្រាក់ចំណេញ និងបែងចែងកំណើន ដោយសមធម៌, កាត់បន្ថយផលប៉ះពាល់ បរិស្ថាន និងធានា នូវការអភិវឌ្ឍប្រកប ដោយចីរភាព ស្របតាមយុទ្ធសាស្ត្រ ចតុកោណថ្មី។

ជាការឆ្លើយតប លោក ម៉ាយឃើល មីឆាលឡាក់ តំណាងឱ្យប្រតិភូធុរជន អាស៊ាន-អាមេរិក បានថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្ត្រី ដែលបានរៀបចំជំនួប ដ៏មានសារៈសំខាន់ថ្ងៃនេះ ដើម្បីឱ្យតំណាង ក្រុមហ៊ុនទាំងអស់ បានស្វែងយល់ កាន់តែច្បាស់ អំពីគោលនយោបាយ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសក្តានុពលវិនិយោគ លើវិស័យ អទិភាពផ្សេងៗ រាប់តាំងពីសេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និងការអភិវឌ្ឍ ធនធានមនុស្ស៕