រដ្ឋមន្ត្រីទេសចរណ៍ពិភាក្សាដោះស្រាយបញ្ហាដែលពាក់ព័ន្ធទេសចរណ៍ក្នុងខេត្តព្រះសីហនុ ជាមួយគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ខេត្ត

01​ 10 2018

បន្ទាប់ពីបញ្ចប់ទិវាទេសចរណ៍ ពិភពលោក នាថ្ងៃទី០១ ខែតុលានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន គណកម្មធិការជាតិអភិវឌ្ឍន៍ ទេសចរណ៍ បានបន្តជួបប្រជុំ ជាមួយគណៈកម្មការជាអភិវឌ្ឍន៍ ទេសចរណ៍ ខេត្តព្រះសីហនុ ដែលមាន ឯកឧត្តមអភិបាល យន្ត មីន ជាប្រធានគណៈកម្មការ លោក អភិបាលរងខេត្ត មន្ទីរជំនាញ និងអភិបាលក្រុង ជាសមាជិកនៅសាលា ខេត្តព្រះសីហនុ ដើម្បីពិគ្រោះយោបល់ រិះរកវិធីដោះស្រាយបញ្ហា ប្រឈមមួយចំនួន ពាក់ព័ន្ធការអភិវឌ្ឍ វិស័យទេសចរណ៍ នៅក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត យន្ត មីន លោកអភិបាលរងខេត្ត និងអភិបាលក្រុង បានលើកឡើងបន្តបន្ទាប់គ្នា ពីការគ្រប់គ្រង សន្តិសុខ សណ្ដាប់ធ្នាប់ បញ្ហាអនាម័យ បរិស្ថាន សំរាម កាកសំណល់រាវ ដីធ្លី សំណង់ ការគ្រប់គ្រង អាជីវកម្ម ទេសចរណ៍ ជាដើម ដែលសម្រេច បានលទ្ធផល នាពេលកន្លងមក ហើយក៏បានលើកឡើង ពីបញ្ហាប្រឈមនានា ក្នុងខេត្តព្រះសីហនុ ផងដែរ ដើម្បីរួមគ្នាពិភាក្សារិះរក វិធីសាស្ត្រដោះស្រាយ ឱ្យបានល្អ ប្រកបដោយប្រសិទ្ធភាពជាបន្ត។

បន្ទាប់ពីស្ដាប់ នូវការរាយការណ៍ខាងលើ រួចមក ឯកឧត្តម ថោង ខុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំ ប្រឹងប្រែង របស់គណៈកម្មការ អភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តព្រះសីហនុ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត ដល់គណៈកម្មការជាតិ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ ខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរ-ស្ថាប័ន ជំនាញ នៃគណៈកម្មការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តព្រះសីហនុ ត្រូវខិតខំបន្ថែមទៀត ក្នុងការ គ្រប់គ្រង កាកសំណល់រាវ ក្នុងក្រុង ពិសេសចំពោះមុខ ត្រូវខិតខំទប់ស្កាត់ ឱ្យបាននូវទឹកកខ្វក់ មិនឱ្យហូរចូលសមុទ្រ សំដៅអនុវត្ត ឱ្យបានតាមផែនការ ដែលគណៈកម្មការជាតិគ្រប់គ្រង អភិវឌ្ឍន៍ឆ្នេរបានប្រជុំ រយៈពេល ២ខែកន្លងមក។ សម្រាប់រយ:ពេល មធ្យម​ និងយូរអង្វែង គណៈកម្មការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តព្រះសីហនុ​ នឹងពិភាក្សា ជាមួយក្រសួង ជំនាញពាក់ព័ន្ធបន្តទៀត។

ដោយឡែក ចំពោះបញ្ហាសំរាម ក៏ដូចគ្នាដែរ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យរដ្ឋបាលក្រុងជំរុញ ឱ្យក្រុមហ៊ុន ប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ ត្រូវយកចិត្តទុកដាក់បន្ថែម ក្នុងការបំពេញការងារ និងបន្ថែមឧបករណ៍ មធ្យោបាយ សំភារះចាំបាច់ ដើម្បីបង្កើនប្រសិទ្ធភាព ការងារក្នុងការប្រមូល សំរាម និងកាកសំណល់ក្នុងក្រុង ពិសេសត្រូវ ពង្រាយធុងដាក់សំរាម នៅគ្រប់ផ្ទះប្រជាពលរដ្ឋ ត្រូវមានដេប៉ូសំរាម និងពង្រីកមធ្យោបាយ ដឹកជញ្ជូនសំរាមទាំងនោះ ឱ្យបានជាប់ជាប្រចាំ ព្រមជាមួយការយកចិត្តទុក ដាក់ជំរុញការជួលជុល ផ្លូវទៅកាន់កន្លែង ចាក់សំរាម ឱ្យបានឆាប់រហ័ស​ សំដៅធ្វើ ឱ្យទីក្រុងព្រះសីហនុ ទាំងមូលក្លាយ ជាទីក្រុងស្អាត គ្មានសំរាម។

ត្រូវខិតខំ ទប់ស្កាត់សំណង់ អនាធិបតេយ្យ​ និងគ្រប់គ្រងការដ្ឋានសាងសង់ ឱ្យបានល្អ ពិសេសការដឹកជញ្ជូន បញ្ចេញ កាកសំណល់ សាងសង់ឱ្យបានទាន់ពេលវេលា។​ ត្រូវរាយការណ៍ ជូនក្រសួងជំនាញ ដើម្បីសុំជួយជួសជុល ផ្លូវក្នុងក្រុង អោយបានរហ័ស​ ក្រោយរដូវភ្លៀវនេះ។

ខាងផ្នែកទេសចរណ៍ ត្រូវខិតខំសហការគ្នា ជាមួយក្រុង និង គណកម្មាធិការ គ្រប់គ្រងឆ្នេរ ធ្វើការគ្រប់គ្រងឆ្នេរ អោយបានល្អ ខិតខំសម្អាត​ និងគ្រប់គ្រង ឆ្នេរខ្សាច់ថ្មីៗ ដើម្បីឱ្យប្រជាជនបានកម្សាន្ត។​ ត្រូវគ្រប់គ្រង ផ្តល់អាជ្ញាបណ្ណទេសចរណ៍ ឱ្យបានគ្រប់មូលដ្ឋាន អាជីវកម្ម និងត្រូវខិតខំបណ្តុះបណ្តាល ធនធានមនុស្ស​ ដើម្បីឆ្លើយតបនឹងសំណូមពរការងារ។​ អាជ្ញារធរខេត្ត ក្រុង និងមន្ទីរជំនាញត្រូវខិតខំ គ្រប់គ្រងការដាក់ស្លាកសញ្ញា អាជីវកម្មឱ្យបានល្អ តាមការណែនាំ របស់ក្រសួងជំនាញ។

ថ្វីដ្បិតគណៈកម្មការអភិវឌ្ឍន៍ វិស័យទេសចរណ៍ ខេត្តជួបប្រទះ នូវបញ្ហាខ្វះខាតមួយចំនួន ដូចជាធនធានមនុស្ស សម្ភារៈប្រើប្រាស់ ក៏ដូចជាថវិកា ក៏ពិតមែន ប៉ុន្តែឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើ ដល់មន្ត្រីជំនាញទាំងអស់ ដែលសមាជិក នៃគណៈកម្មការ អភិវឌ្ឍន៍វិស័យ ទេសចរណ៍ ត្រូវខិតខំអនុវត្ត ការងារជំនាញដែលក្រសួងបានដាក់ចុះ ពិសេសនៅពេល សង្កេតឃើញមាន បញ្ហាមិនប្រក្រតី ត្រូវរាយការណ៍ ទៅកាន់ក្រសួងជំនាញ​ ដើម្បីធ្វើការណែ នាំឱ្យបានទាន់ពេលវេលា ពីព្រោះការរាយការណ៍ ពីព័ត៌មានជារឿង ដ៏ចាំបាច់បំផុត ដើម្បីក្រសួង-ស្ថាប័នជំនាញ មានផែនការ ជួយដោះស្រាយ ទាន់ពេលវេលា។

ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្ត ក្រុង នៅតែខិតខំប្រឹងប្រែង សហការគ្នា ធ្វើឱ្យខេត្តព្រះសីហនុ ដែលជាតំបន់សេដ្ឋកិច្ច ពហុបំណងមួយ ដ៏សំខាន់នោះ មានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងក្លាយជាគោលដៅ ទេសចរណ៍ស្អាត និងបៃតង ដើម្បីទទួលបាន អ្នកវិនិយោគ និងទេសចរជាតិ-អន្តរជាតិ ឱ្យបានកាន់តែច្រើន៕