បើកប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់ យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងអាជីវកម្មថ្មអារ ចំនួន២គម្រោង

11 09 2018

នៅទីស្តីការ ក្រសួងបរិស្ថាន ថ្ងៃអង្គារ ២កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធាន អង្គប្រជុំ បានបើកប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់ យោបល់ លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោង អាជីវកម្មថ្មអារ ចំនួន ២គម្រោង រួមមាន (១). គម្រោងអាជីវកម្មថ្មអារ លើផ្ទៃដី ទំហំ ១៨៧,២០ ហិកតា ដែលមានទីតាំង ស្ថិតនៅតំបន់ភ្នំ តួកុលិក ក្នុងភូមិសាស្ត្រភូមិ វាលដេញ ឃុំ អន្លង់ជ្រៃ ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង របស់ក្រុមហ៊ុន សារ៉ាន់-ធីប៊ី ឌីវេឡុបមេន ខូ អិលធីឌី (ម្ចាស់គម្រោង) និង(២). គម្រោងអាជីវកម្មថ្មអារ លើផ្ទៃដី ទំហំ ១៩០ ហិកតា មានទីតាំង ស្ថិតនៅភូមិ ថ្នល់កោង ឃុំ រំដោះ ស្រុក រវៀង ខេត្តព្រះវិហារ របស់ក្រុមហ៊ុន ធី ភី ប៊ី-ធីវី ឌីវេឡុបមេន ខូ អិល ធី ឌី (ម្ចាស់គម្រោង) ដែលគម្រោង ទាំងពីរនេះ សិក្សា និងវាយតម្លៃ ដោយក្រុមហ៊ុនទីប្រឹក្សា CES Co., Ltd.ព្រមទាំងមានការចូលរួមពី ឯកឧត្តមតំណាង អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន ពាក់ព័ន្ធ នៃក្រសួងបរិស្ថាន តំណាងក្រសួង ពាក់ព័ន្ឋ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា រដ្ឋបាល ខេត្តស្ទឹងត្រែង រដ្ឋបាលខេត្តព្រះវិហារ មន្ទីរបរិស្ថាន ខេត្តស្ទឹងត្រែង និង ខេត្តព្រះវិហារ អង្គការ DPA ម្ចាស់គម្រោង និងតំណាង ក្រុមហ៊ុន ទីប្រឹក្សា ផងដែរ។

ឯកឧត្តមប្រធានអង្គប្រជុំ បានធ្វើការសរុប លទ្ធផល ដូចខាងក្រោម ៖
ក. គម្រោងអាជីវកម្មថ្មអារ របស់ក្រុមហ៊ុន សារ៉ាន់-ធីប៊ី ឌីវេឡុបមេន ខូ អិលធីឌី
១. គាំទ្រគម្រោង អាជីវកម្មនេះ
២. ម្ចាស់គម្រោងត្រូវ ដាក់ជញ្ជីងថ្លឹង ទម្ងន់រថយន្ត ដោយសហការ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង ឧស្សាហកម្ម និងសិប្បកម្ម
៣. បញ្ហាព្រៃពាក់កណ្តាល ស្រោង ដែលត្រូវកាត់ចេញ ម្ចាស់គម្រោងត្រូវកំណត់ទំហំ និងចំណុចនិយាមកា ឱ្យបាន ច្បាស់លាស់
៤. បញ្ហាដីធ្លី ម្ចាស់គម្រោងត្រូវ ដោះស្រាយ ឱ្យបានរួចរាល់ មុនពេលចាប់ផ្តើម អនុវត្តគម្រោង ក្នុងករណីដោះស្រាយមិនបាន ត្រូវឆ្វៀលចេញ ពីទីតាំងគម្រោង
៥. ក្រោយពេលបញ្ចប់ អាជីវកម្ម ម្ចាស់គម្រោង ត្រូវប្រែក្លាយរណ្តៅរ៉ែ ទៅជាអាងស្តុកទឹក សម្រាប់ប្រជាជន ប្រើប្រាស់
៦. ម្ចាស់គម្រោង ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុ ប៉ះពាល់បរិស្ថាន និងសង្គម សម្រាប់គម្រោង បង្កើតរោងចក្រ កែច្នៃថ្មអារ
៧. ក្រុមហ៊ុនទីប្រឹក្សា ត្រូវសហការ ជាមួយម្ចាស់ គម្រោងកែសម្រួល តាមយោបល់វិជ្ជមាន របស់សមាជិកអង្គប្រជុំ។

ខ. ក្រុមហ៊ុន ធី ភី ប៊ី-ធីវី ឌីវេឡុបមេន ខូ អិល ធី ឌី
១. គាំទ្រគម្រោង អាជីវកម្មនេះ
២. ម្ចាស់គម្រោង ត្រូវរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គម សម្រាប់គម្រោង បង្កើតរោងចក្រ កែច្នៃថ្មអារ
៣. ក្រុមហ៊ុន ទីប្រឹក្សា ត្រូវសហការ ជាមួយម្ចាស់គម្រោង កែសម្រួល តាមយោបល់វិជ្ជមាន របស់សមាជិកអង្គប្រជុំ៕