ក្រសួងបរិស្ថានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនទីឯកភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិសម្រាប់អាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា

10 09 2018​

«រួមគ្នាគិត រួមគ្នាធ្វើ និងដឹកនាំ នៅក្នុងការងារគ្រប់គ្រង កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ក៏ដូចជាការប្រើប្រាស់ ធនធាន ធម្មជាតិ ឱ្យបានសមស្រប និងមាននិរន្តរភាព ការរស់នៅ ដោយចីរភាព សម្រាប់ជា ឧត្តមប្រយោជន៍ យូអង្វែងរបស់ប្រជាជន កម្ពុជាគ្រប់រូប» នេះជាការលើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនទី ឯកភាព ការងារគ្រប់គ្រង បរិស្ថាន និងធនធានធម្មជាតិ របស់ក្រសួងបរិស្ថាន សម្រាប់អាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា នៅរសៀលថ្ងៃច័ន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ស.ព ២៥៦២ ត្រូវនឹងថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំថ្មី នៃក្រសួងបរិស្ថាន សម្រាប់អាណត្តិទី៦​ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ចំណុះក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន ទាំង២៥ រាជធានី-ខេត្ត​ និងដៃគូអភិវឌ្ឍ​ ដើម្បីជំរុញ​ និងគូសវាសផែនទី​ បែងចែកតួនាទីភារកិច្ច ក្នុងការអនុវត្តការងារ​ សំដៅធានាបាន នូវតុល្យភាព​ សេដ្ឋកិច្ច​ បរិស្ថាន​ សង្គម។ កិច្ចប្រជុំពេលនេះ ជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួម ពីអ្នកពាក់ព័ន្ធ​ ដៃគូអភិវឌ្ឍនានា​ ធ្វើយ៉ាងណាឱ្យក្របខណ្ឌ យុទ្ធសាស្រ្ត​ ឆ្នាំ២០១៨-២០២៣​ ដើម្បីអនុវត្តការងារ លើវិស័យបរិស្ថាន ទទួលបានគុណភាព​ និងនិរន្តរភាពបរិស្ថាន។

ផែនការយុទ្ធសាស្រ្ត ក្រសួងបរិស្ថាន នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលថ្មីនេះ ត្រូវធានាការពារ ធនធាន ធម្មជាតិ របស់កម្ពុជា​ សម្រាប់ជាប្រយោជន៍ ដល់ប្រជាជន​ និងសង្គម​ ដែលជាចក្ខុវិស័យអភិវឌ្ឍ ដោយចីរភាព ក្នុងឆ្នាំ២០២៣​ ដែលជាមាគ៌ា ឆ្ពោះទៅរកអនាគតមួយ ប្រកបដោយវិបុលភាព សម្រាប់ប្រជាពលរដ្ឋ គ្រប់រូប​ ដោយបរិស្ថានល្អ​ផងដែរ៕