ឯកឧត្ដម អ៊ិត សំហេង អញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាង ប.ស.ស និង Philhealth

10 09 2018

ក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងបេឡាជាតិរបបសន្តិសុខសង្គម និង អង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន ដែលពិធីនេះ ចុះហត្ថលេខា រវាងឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជានាយក បេឡាជាតិរបប សន្តិសុខសង្គម និងលោកបណ្ឌិត ROBERT M.SALVADOR សមាជិកក្រុម ប្រឹក្សាភិបាល នៃអង្គភាពធានារ៉ាប់រង សុខភាពហ្វីលីពីន (Philhealth) នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការគាំទ្រ យ៉ាងខ្លាំងនូវការបង្កើត ឱ្យមានជាកិច្ចប្រតិបត្តិ រវាង បេឡាជាតិរបបសន្តិសុខ សង្គម និងសាជីវកម្មធានារ៉ាប់រង សុខភាពហ្វីលីពីន នាពេលនេះ។ ភាពជាដៃគូររបៀបនេះ ពិតជាបានឆ្លើយតប ទៅនឹងគោលនយោបាយ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជា គោលនយោបាយ រួមរបស់រាជរដ្ឋាភិបាល កម្ពុជា។ ឯកឧត្តម មានប្រសាសន៍ លើកឡើងថា PhilHealth បច្ចុប្បន្នបានផ្តល់ នូវសេវាថែទាំសុខភាព បានទូលំទូលាយ ដល់ប្រជាជនហ្វីលីពីន ទាំងអស់ តាមរយៈកម្មវិធីធានារ៉ាប់រង សុខភាព ជាពិសេសជន ងាយរងគ្រោះ អ្នកជម្ងឺ ជនចាស់ជរា ជនពិការ ស្ត្រី និងកុមារ ព្រមទាំងផ្តល់ នូវសេវាថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់ទុគភ៌តជន។

តាមរយៈ អនុស្សរណនេះ ភាគីទាំងពីរ និងចែករំលែក នូវចំណេះដឹង និងការកសាង សមត្ថភាព លើការសិក្សា និងការអង្កេត ពីយុទ្ធសាស្រ្ត និងការប្រព្រឹត្តទៅរបស់ PhilHealth ក្នុងការអនុវត្តកម្មវិធី ធានារ៉ាប់រង សុខភាពជាតិ ជាពិសេស លើប្រធាន បទដូចជា៖
១. កម្មវិធីធានារ៉ាប់រង សុខភាពជាតិ
២. ប្រវត្តិ និងទិសដៅ យុទ្ធសាស្រ្តនានារបស់ PhilHealth
៣. កម្មវិធី សម្រាប់សមាជិកភាព
៤.តាវកាលិក និងសេវារបស់ PhilHealth
៥. ការបង្កើត តាវកាលិក និងការទទួលស្គាល់គុណភាព របស់មូលដ្ឋានសុខាភិបាល
៦. ដំណើរការ និងការវាយតម្លៃផ្នែកហិរញ្ញវត្ថុ
៧. រចនាសម្ព័ន្ធប្រតិបត្តិការ របស់PhilHealth
៨. ការទំនាក់ទំនង និងការគាំទ្រ ដល់កម្មវិធីធានារ៉ាប់រង សុខភាពជាតិ
៩. យន្តការឆ្លើយតប របស់PhilHealth ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ភាគីទាំងពីរនឹងខិតខំសម្រេច ឱ្យបានជោគជ័យ ទៅតាម គោលបំណង នៃអនុស្សរណៈ យោគយល់គ្នានេះ ដែលផ្តល់ឱកាស ឱ្យអង្គភាពទាំងពីរ ស្វែងយល់ ពីទស្សនៈផ្សេងៗ ដូចជាការដកស្រង់ និងចែករំលែក នូវបទពិសោធន៍ លើបញ្ហាដែលពាក់ព័ន្ធ ឱ្យគ្នាទៅវិញ ទៅមក ដូចជាប្រព័ន្ធ និងជំនាញ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុ និងផែ្នក បច្ចេកទេស។