រៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ត្រីភាគី ដើម្បីពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩

10 09 2018

នាព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានរៀបចំកិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ត្រីភាគី ដើម្បីពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៩។

ក្រុមការងារនេះ ដឹកនាំដោយ ឯកឧត្តម ហេង សួរ អនុប្រធានលេខាធិការ ដ្ឋានគណៈកម្មការ ប្រឹក្សាការងារ។ កិច្ចប្រជុំនេះ គឺជាកិច្ចចាប់ផ្តើម នៃការពិភាក្សា កម្រិតបច្ចេកទេស ដែលមានលក្ខណៈលម្អិត និងគ្រប់ជ្រុងជ្រោយ ដែលអាចទទួលយក បានពីគ្រប់ភាគី ដើម្បីផ្តល់ជាមូលដ្ឋាន ដល់គណៈកម្មការ ប្រឹក្សាការងារ ក្នុងការប្រជុំសម្រេច។

យន្តការនេះ ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០១៤ ដើម្បីឱ្យ ភាគីតំណាងនិយោជក ភាគីតំណាងកម្មករនិយោជិត (សហជីព) និងភាគីតំណាង រាជរដ្ឋាភិបាល បង្ហាញអំពីគោលជំហររបស់ខ្លួន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ ក្នុងការកំណត់ប្រាក់ឈ្នួល អប្បបរមា ដែលទទួលបានការឯកភាពគ្នា កន្លងមក និងត្រូវបានកំណត់ ដោយច្បាប់។