វគ្គផ្សព្វផ្សាយការអនុវត្តពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅកម្ពុជា ក

03 09 2018

នៅព្រឹកថ្ងៃចន្ទ ៨រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងបរិស្ថាន​ មានរៀបចំ វគ្គផ្សព្វផ្សាយការអនុវត្ត ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី មន្រ្តីរាជការ នៃក្រសួងបិស្ថាន និង យុវជននៃសហភាព សហពន្ធ័យុវជនកម្ពុជា រាជធានីភ្នំពេញ។
ថ្លែងនៅក្នុងឱកាស ពិធីបើកអង្គសិក្ខាសាលានេះ ឯកឧត្តម បានមានប្រសាសន៍ថា សិក្ខាសាលានៅព្រឹកនេះ ពិតជាមានសារ:សំខាន់ សម្រាប់យើងទាំងអស់គ្នា ស្របពេលដែលប្រទេស ១៩៧ ប្រទេសជាហត្ថលេខី នៃពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន កំពុងប្រារព្ធដែរ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីប្រជាពលរដ្ឋទូទាំង ពិភពលោក តាមរយៈការចូលរួម អនុវត្ត ១.ការប្រារព្ធទិវាអូហ្សូនពិភពលោក ១៦កញ្ញា ជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៩៥ ដើម្បីផ្សព្វផ្សាយ និង បញ្ជ្រាបចំណេះដឹង ពីសារ:ប្រយោជន៍ នៃស្រទាប់អូហ្សូន និង សារធាតុបំផ្លាញ ស្រទាប់អូហ្សូន ២.អនុសញ្ញាវីយ៉េន ស្តីពីកិច្ចការពារ ស្រទាប់អូហ្សូន តាំងពីឆ្នាំ១៩៨៥ ៣. ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូហ្សូន តាំងពីឆ្នាំ ១៩៨៧ ពិភពលោកយើង ទទួលបានជោគជ័យ ជាប្រវត្តិសាស្រ្តដោយកាត់ បន្ថយការធ្លុះធ្លាយ ស្រទាប់អូហ្សូនពីជាង ២៦លានគីឡូម៉ែតក្រឡា មកនៅត្រឹមប្រមាណ ១៦លានគីឡូម៉ែត្រក្រលា នៅឆ្នាំ២០១៧ ។ ឯកឧត្តម ក៏បានជម្រាប ជូននូវសាធាតុបំផ្លាញស្រទាប់ អូហ្សូនជាច្រើនប្រភេទ ដែលយើងកំពុងប្រើប្រាស់ ដោយមិនដឹងខ្លួនតាមរយៈ បរិក្ខាម៉ាស៊ីន និងថ្នាំកសិកម្មនានា នៅក្នុងនោះឯកឧត្តមក៏បានបំផុស និង លើកទឹកចិត្តអោយយុវជនកម្ពុជា ដែលមានជំនាញ រួមគ្នារិៈរកនូវគំនិតច្នៃប្រឌិត រកនូវសារធាតុជំនួស អោយសារធាតុនានា ដែលបំផ្លាញស្រទាប់អូហ្សូន ដើម្បីរួមគ្នាថែរក្សា ស្រទាប់អូហ្សូន រក្សាបរិយាកាស រក្សាតុល្យភាព ជីវៈចម្រុះគ្រប់ប្រភេទ លើភពផែនដីយើង។ នៅឆ្នាំនេះ ទិវាអូហ្សូនពិភពលោក១៦ កញ្ញា ២០១៨ ប្រព្រឹត្តិទៅ ក្រោមប្រធានបទ “ថែភពផែនដី ឱ្យត្រជាក់និង បន្តអនុវត្តអនុវត្ត ការពារស្រទាប់អូហ្សូន និងបរិយាកាស របស់យើង ក្នុងទិវាអូហ្សូនពិភពលោក” ដូចនេះយើង និងបន្តអនុវត្ដ ពិធីសារម៉ុងរ៉េអាល់ ដើម្បីបន្តចូលរួមអនុវត្តវិសោធនកម្ម ទីក្រុងគីហ្កាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលត្រូវបានអនុម័ត ដោយកិច្ចប្រជុំភាគី នៃពិធីសារម៉ុងរ៉អាល់ នាឆ្នាំ២០១៦ នៅប្រទេសរ៉ូវ៉ាន់ដា និងចូលជាធរមាន នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ដាក់ឱ្យ ត្រួតពិនិត្យការផលិត ការប្រើប្រាស់សារធាតុ ហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ។ស្រទាប់អូហ្សូន ត្រូវបានគេរកឃើញ ក្នុងសុញ្ញាកាសចន្លោះពី ១៦ ទៅ ៥០ គីឡូម៉ែត្រ ពីផែនដី អូហ្សូនកកើតឡើង ពីអាតូមអ៊ុកស៊ីសែន ចំនួន៣(O3) និងជួយការពារខ្លួនយើងពី រលក កាំរស្មីព័ណ៌ស្វាយ (UV) ពីព្រះអាទិត្យ។ការបាត់បង់ស្រទាប់ អូហ្សូន នឹងធ្វើឱ្យមានការកើនឡើង កាំរស្មីព័ណ៌ស្វាយ មកលើផែនដី ដែលនាំ ឱ្យកើននូវសម្ពាធ មកលើស្បែក និងប្រព័ន្ធ ការពារ ដែលធ្វើមាន ឥទ្ធិពលមិនល្អ មកលើរាងកាយមនុស្ស រុក្ខជាតិ សត្វ និងវត្ថុប្រើប្រាស់ផ្សេងៗ នឹងឆាប់ទ្រុឌទ្រោម។
គួរបញ្ជាក់ថា :កម្ពុជាបានចូលជាសមាជិក នៃអនុសញ្ញាទីក្រុង វីយ៉េន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុ បំផ្លាញ ស្រទាប់អូហ្សូន នៅថ្ងៃ ទី២៧ ខែមិថុនា ឆ្នាំ២០០១ និងបាន រៀបចំនិង អនុវត្ដ នូវកម្មវិធី ជាតិ និង ផែនការមួយចំនួន ក្នុងការគ្រប់គ្រង លុបបំបាត់ សារធាតុបំផ្លាញ ស្រទាប់អូហ្សូន នៅព្រះរាជាណាចក្រកម្ពុជា។
កម្ពុជាយើងបានលុប បំបាត់ ទាំងស្រុងសារធាតុ CFC ក្លរួភ្លុយអររ៉ូកាបូន នាឆ្នាំ ២០១០ ហើយ បច្ចុប្បន្នយើង កំពុងអនុវត្តន៍ផែនការ លុបបំបាត់សារធាតុ ហាយដ្រូផ្លុយអររ៉ូកាបូន HCFC ដែលជាសារធាតុ មានសក្តានុពល ធ្វើអោយកើនឡើង កំដៅផែនដីខ្ពស់ ជាងឧស្ម័នកាបូនិក រហូតដល់ជាង ១០០០-១ ៣០០០ដង អោយបាននៅឆ្នាំ ២០៤០ ខាងមុខ។