ដល់ឆ្នាំ២០៣០ កម្ពុជាត្រូវការសណ្ឋាគារជាង ១០ម៉ឺន បន្ទប់នៅទូទាំងប្រទេស និងជាង៣ម៉ឺនបន្ទប់សណ្ឋាគារនៅខេត្តព្រះសីហនុ

02​ 09​ 2018

ក្រសួងទេសចរណ៍ បានបង្ហាញ ការព្យាករណ៍ថា នៅឆ្នាំ២០១៨ កម្ពុជានឹងទទួលបានភ្ញៀវ អន្តរជាតិ ប្រមាណ ៦,២ លាននាក់ និងនៅឆ្នាំ២០២០ ប្រមាណជាង ៧លាននាក់ ហើយដល់ឆ្នាំ២០៣០ នឹងទទួលបានទេសចរអន្តរជាតិ ប្រមាណ ១៥លាននាក់ និងទេសចរជាតិ ប្រមាណ ១៣លាននាក់។ ដើម្បីឆ្លើយតបនឹង កំណើនភ្ញៀវទេសចរនេះ កម្ពុជាត្រូវការសណ្ឋាគារ ប្រមាណជាង ១០ម៉ឺនបន្ទប់ (សណ្ឋាគារប្រណិត លំដាប់ផ្កាយ ៤ និងផ្កាយ៥ ប្រមាណ៦០% ស្មើប្រមាណ៦មុឺនបន្ទប់) នៅទូទាំងប្រទេស ក្នុងនោះសម្រាប់ ខេត្តព្រះសីហនុ ត្រូវការបន្ទប់សណ្ឋាគារ ជាង ៣ម៉ឺនបន្ទប់បន្ថែមទៀត (សណ្ឋាគារប្រណិតជាង២ម៉ឺនបន្ទប់) ដើម្បីឆ្លើយតប នឹងតម្រូវការកំណើនភ្ញៀវទេសចរ អន្តរជាតិ ប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់នៅឆ្នាំ២០៣០។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការព្យាករណ៍ ដ៏គួរ ចាប់អារម្មណ៍នេះ ដល់វិនិយោគិនចិន និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ និងទូរទស្សន៍ មកពីអគ្គនាយកដ្ឋានវិទ្យុ ភាពយន្ត និងទូរទស្សន៍ចិន នៅក្នុងពិធីបើកសម្ពោធ “សណ្ឋាគារ ព្រីនស៍ថាម Prince Times Hotel” និងការបើកដំណើរការ ថតខ្សែភាពយន្ត “ពន្លកស្នេហ៍រីក លើដីកម្ពុជា” នាល្ងាចពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ នៅសណ្ឋាគារ ព្រីនស៍ថាម ខេត្តព្រះសីហនុ ដែលមានវត្តមាន ចូលរួមពីឯកឧត្តម យន់ មីន អភិបាល ខេត្តព្រះសីហនុ លោក លី មីន អគ្គនាយកក្រុមហ៊ុន ព្រិន្ទស៍រៀលអេស្ទត (ខេមបូឌា )គ្រុប តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងផ្នែកជន ក្នុងវិស័យទេសចរណ៍ នៅខេត្តព្រះសីហនុ។

ឯកឧត្តម រដ្ឋមន្ត្រី បង្ហាញការគាំទ្រ ចំពោះគម្រោងវិនិយោគ លើវិស័យទេសចរណ៍ និងអំពាវនាវ ឲ្យមានការវិនិយោគ បន្ថែមទៀត ប្រកប ដោយគំនិតច្នៃប្រឌិត និងទទួលខុសត្រូវខ្ពស់ គោរពតាមបទដ្នាន បរិស្ថាន និងគោលការណ៍ ការណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង តំបន់ឆ្នេរសមុទ្រ ដើម្បីឆ្លើយតប នឹងកំណើនទេសចរ និងនិរន្តរភាពទេសចរណ៍ នាពេលបច្ចុប្បន្ន និងពេលអនាគត។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់ក្រុមហ៊ុនចិន ព្រិន្ទស៍រៀលអ៊ីស្ទេត (ខេមបូឌា) គ្រុប ដែលបានធ្វើការវិនិយោគ សណ្ឋាគារ ប្រណិតលំដាប់អន្តរជាតិមួយនេះ (ដែលមាន១៩២បន្ទប់) ដោយមានការគិតគូរ យ៉ាងម៉ត់ចត់ ដល់កិច្ចការពារ បរិស្ថាន និងគម្រោងល្អៗ ដ៏ទៃទៀត របស់ក្រុមហ៊ុននេះ នៅខេត្តព្រះសីហនុ ហើយឯកឧត្តម ក៏បានកោតសរសើរ ដល់ក្រុមហ៊ុន ព្រីនស៍រៀលអ៊ីស្ទេត ដែលបានផ្តួចផ្តើមគំនិត ការផលិតខ្សែភាពយន្ត “ពន្លកស្នេហ៍រីកលើដីកម្ពុជា” ដែលអាចជួយ ដល់ការផ្សព្វផ្សាយ កម្ពុជាទៅកាន់ ទីផ្សារពិភពលោក ។

សូមបញ្ជាក់ជូនថា បច្ចុប្បន្ននេះ កម្ពុជាមានសណ្ឋាគារ ប្រមាណជាង ៨០០ កន្លែង ស្មើនឹង ៤៦ពាន់I បន្ទប់ (ក្នុងនោះសណ្ឋាគារ ប្រណិតមាន ប្រមាណជាង ២ម៉ឺនបន្ទប់) ដោយឡែក្នុងនោះ ខេត្តព្រះសីហនុមាន សណ្ឋាគារ ៦៩កន្លែង ស្មើនឹងជាង ៤ពាន់បន្ទប់ (សណ្ឋាគារ ប្រណិត មានទើបមានប្រមាណជាង ១០០០បន្ទប់)។