ឯកឧត្តម ផៃ ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតចំណតរថយន្តក្រុង(Bus Depot)

30 08 2018

នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃព្រហស្បត្តិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍ វាយតម្លៃ ហេតុប៉ះពាល់ បរិស្ថាន និងសង្គមដំបូង (IESIA) លើគម្រោងបង្កើតចំណត រថយន្តក្រុង(Bus Depot) លើផ្ទៃដីទំហំ ៤ហិកតា មានទីតាំងស្ថិត នៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់រដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាល់ធេន។

អង្គប្រជុំបានសម្រច បានលទ្ធផល ដូចខាងក្រោម៖
១. ក្រុមហ៊ុនទីប្រឹក្សាត្រូវពិនិត្យឡើង នូវប្លង់បច្ចេកទេស និងវាយតម្លៃ ទៅលើប្រព័ន្ធជលសាស្រ្ត
២. ពាក់ព័ន្ធនឹងសំណល់រឹង-រាវ ក្រុមហ៊ុនទីប្រឹក្សា និងម្ចាស់គម្រោង ត្រូវសិក្សាពីកាសាងសង់ (ក). អាងប្រព្រឹត្តិកម្មសំណល់រាវ (ខ). ឡដុតសំរាម
៣. សូមឯកភាព ទៅលើគម្រោងចំណត រថយន្តក្រុងនេះ និងទទួលមតិយោបល់ និងព័ត៌មានពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដើម្បីធ្វើការកែសម្រួល។ គួសបញ្ជាក់ថា៖កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រី តំណាងអគ្គនាយកដ្ឋាន និង អគ្គលេខាធិការដ្ឋាន ពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ជំនាញរដ្ឋបាលជលផល និងជំនាញរដ្ឋបាលព្រៃឈើ) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋាន វាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងរដ្ឋាករស្វយ័ត ដឹកជញ្ជូនសាធារណៈ រថយន្តក្រុង (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាផងដែរ។