កិច្ចប្រជុំលើកទី៣ របស់គណៈកម្មាធិការបច្ចេកទេសជំរឿនទូទៅប្រជាជននៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩

30 08 2018

នារសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងផែនការ និងជាប្រធានគណៈកម្មាបច្ចេកទេស​ ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំ លើកទី៣ របស់គណៈកម្មាការបច្ចេកទេស ជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ដោយមានការចូលរួមពី ឯកឧត្តម ថន ស៊ីថន រដ្ឋលេខាធិការ ឯកឧត្តម ហោ ដារ៉ារិទ្ធ អនុរដ្ឋលេខាធិការ លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក គណៈកម្មាការ ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោម ឱវាទវិទ្យាស្ថានជាតិស្ថិតិ ចូលរួមផងដែរ។

កិច្ចប្រជុំផ្តោតសំខាន់លើ៖
១- ពិភាក្សាអំពីរបាយការណ៍ វឌ្ឍនភាព ការងារជំរឿន
២- ពិភាក្សាអំពីការធ្វើស្ពត (Spot)ជំរឿន និងសំឡេង ជូនដំណឹង តាមប្រព័ន្ធទូរស័ព្ទ ព្រមទាំងអាវយឹត និងតារាងសំណួរគំរូ ដែលត្រូវបោះពុម្ព

៣- សេចក្តីអនុម័ត លើស្ពតជំរឿន និងឯកសារទាក់ទងផ្សេងៗ ។

ជាចុងបញ្ចប់ នៃកិច្ចប្រជុំពិភាក្សា ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរ ដល់តំណាង UNFPA ប្រចាំព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានជាតិស្ថិតិ មេត្តាសហការគ្នា អោយបានជិតស្និតរាល់ កិច្ចសហប្រតិបត្តិការ ដំណើរការអនុវត្តជំរឿន តាមដំណាក់ការនិមួយៗ រវាង UNFPA និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ អោយបានដំណើរការល្អប្រសើរ ជំរុញដោះស្រាយបញ្ហា ប្រឈមផ្សេងៗអោយបានលឿន ដើម្បីអោយដំណើរការ ការងារជំរឿនទូទៅប្រជាជន នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០១៩ ខាងមុខនេះ សម្រេចបានជោគជ័យ និងទទួលបានទិន្នន័យ មានភាពសុក្រឹត និងដែលអាចជឿទុកចិត្តបាន សម្រាប់ប្រើប្រាស់ ក្នុងគោលដៅអភិវឌ្ឍន៍ជាតិ ក៍ដូចជាក្នុងគោលដៅ អភិវឌ្ឍន៍ប្រកបដោយ ចីរភាពផងដែរ។