លោកជំទាវ ភឿង សកុណា ជួបសំណេះសំណាលជាមួយបុគ្គលិកអចិន្ត្រៃយ៍ និងជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលត្រូវធ្វើសមាហរណកម្ម ជាមន្ត្រីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

30 08 2018

នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាល ជាមួយបុគ្គលិកជំនាញ និងអចិន្ត្រៃយ៍ចំនួន៣៥៥នាក់ ដែលត្រូវធ្វើសមាហរណកម្ម ជាមន្ត្រីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ពិធីនេះរៀបចំឡើង នៅសាលសន្និសីទអង្គរ នៃមជ្ឈមណ្ឌលអាជ្ញាធរជាតិអប្សរា ក្នុងបំណងផ្តល់ដំណឹង អំពីលក្ខខណ្ឌមួយចំនួន ដែលត្រូវអនុវត្ត និងការ ទទួលបាន នូវផលប្រយោជន៍សាធារណៈ ជាច្រើនផ្សេងទៀត ស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាល រាប់បញ្ចូលទាំងឱកាស នៃបង្កើតអាជីព វិជ្ជាជីវៈ ការទទួលបានការផ្តល់សេចក្តី ទុកចិត្តតែងតាំង ឱ្យទទួលភារកិច្ចថ្មីៗ និងការដំឡើងប្រាក់បៀរវត្សរ៍ នៅពេលក្លាយខ្លួន ជាមន្ត្រីរាជការ។

បន្ថែមពីនោះ លោកជំទាវ ក៏ក្រើនរំឭកដល់បុគ្គលិកទាំងអស់ថា ក្នុងនាមជាមន្ត្រី អាជ្ញាធរជាតិអប្សរា ដែលបំពេញការងារ អភិរក្សលើកស្ទួយ តម្លៃមរតកវប្បធម៌ជាតិ គឺជាភ័ព្វសំណាងមួយ ដែលមនុស្សជាច្រើន ប៉ងប្រាថ្នា។ ដូច្នេះ សូមឱ្យមន្ត្រីទាំងអស់ ត្រូវបំពេញការងារ ដោយយកចិត្តទុកដាក់ មានវិន័យ ត្រឹមត្រូវខ្ជាប់ខ្ជួន ផ្ចិតផ្ចង់ក្នុងការងារ និងរៀនសូត្រ ដកស្រង់យកបទពិសោធន៍ ការងារឱ្យបានកាន់តែច្រើន ដើម្បីភាពរីកចម្រើន នៃសមត្ថភាពរបស់ខ្លួន និងប្រសិទ្ធភាពការងារ ព្រោះថាមន្ត្រីទាំងនេះ គឺជាសសរទ្រូងយ៉ាងរឹងមាំ ក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ប្រកប ដោយចីរភាព រមណីយដ្ឋានអង្គរ និងអាចក្លាយ ជាថ្នាក់ដឹកនាំស្ថាប័ន អាជ្ញាធរជាតិអប្សរា នាពេលអនាគត៕