សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់កែលម្អលើសេចក្តីព្រាងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម

13 08 2018

ព្រឹកថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្ម បានសហការ ជាមួយអង្គការជីអាយហ្សិត នៃរដ្ឋាភិបាលអាល្លឺម៉ង់ (GIZ) និងលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សា និងប្រមូលធាតុចូល សម្រាប់កែលម្អ លើសេចក្តីព្រាង ក្របខ័ណ្ឌ នៃការអភិវឌ្ឍ សេដ្ឋកិច្ច កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (National Consultation Workshop on Framework for CLMV Economic Development) នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុភ័ក្រ្ត អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងមានការ ចូលរួមពីតំណាង អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋានអាស៊ាន អង្គការ GIZ ជំនាញការ របស់ក្រុមហ៊ុន Fidelity Ventures of Asia (FVA) និងតំណាង វិស័យឯកជនពាក់ព័ន្ធ។

នៅក្នុងពិធីបើក ឯកឧត្តមអនុរដ្ឋលេខាធិការ បានស្វាគមន៍ និងបានជម្រាប ជូនអង្គសិក្ខាសាលាអំពីប្រវត្តិ ដែលនាំឱ្យមាន ការរៀបចំ ក្របខ័ណ្ឌ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច CLMV ដោយសារទទួលបាន ការឯកភាពពីថ្នាក់ដឹកនាំកំពូល នៅឯកិច្ចប្រជុំកំពូល CLMV លើកទី៨ កាលពីខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ និងទទួលបានការគាំទ្រ ពីប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ GIZ សម្រាប់រៀបចំក្របខ័ណ្ឌ សម្រាប់អភិវឌ្ឍន៍ សេដ្ឋកិច្ចនេះ។

ឯកឧត្តម ក៏បានបានលើកទឹកចិត្ត ឱ្យអង្គសិក្ខាសាលា លើកឡើងពីបញ្ហាប្រឈមនានា ដែលស្ថាប័នរដ្ឋ និងវិស័យឯកជន នៃប្រទេស CLMV កំពុងជួបប្រទះ ស្នើឡើងនូវដំណោះស្រាយ នានារួមមាន ការធ្វើឱ្យប្រសើរឡើង នូវកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ការពង្រឹងធនធាន មនុស្ស រៀបចំលិខិតបទដ្ឋានច្បាប់ទាក់ទង នឹងពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងហេដ្ឋារចនា សម្ព័ន្ធតភ្ជាប់ CLMV ទាំងផ្នែកទន់ និងរឹង ការធ្វើ ឱ្យប្រសើរឡើង នូវខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងប្រទេស CLMV និងបង្កើនការនាំចេញ ទៅក្រៅតំបន់។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យតំណាង អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុ ចូលបន្ថែមទៀតលើសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច CLMV នេះ ដើម្បីទទួល បានសេចក្តីព្រាង ដែលឆ្លុះបញ្ចាំង ពីតថភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលអាចដោះស្រាយ បញ្ហាប្រឈម និងទាញយកប្រយោជន៍ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា និងជាពិសេសដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ច មធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការគ្រោងទុក។

បន្ទាប់មក Dr. Suthad Setboonsarng និងក្រុមការងារររបស់ FVA បានធ្វើបទបង្ហាញ ស្តីពីសេចក្តីព្រាង ក្របខ័ណ្ឌអភិវឌ្ឍន៍ សេដ្ឋកិច្ច CLMV ដែលលោក និងក្រុមការងារ បានរៀបចំឡើង ដោយផ្តោតសំខាន់លើ គម្រាងអាទិភាព ដែលគ្រោងនឹងអនុវត្ត ជំហានដំបូងលើវិស័យ សំខាន់ៗ ចំនួន៤ រួមមាន៖ ១-CLMV as Quality Food Hub, ២-Seamless Border, ៣-Tourism, និង ៤-Synchronization of CLMV Payment System ក្នុងចំណោមវិស័យ អាទិភាពទាំង៦ ដែលត្រូវបានកំណត់។ តាមការរំពឹងទុក សិក្ខាសាលា នឹងទទួលបានធាតុចូល ជាច្រើនពីតំណាង របស់ស្ថាប័នរដ្ឋ និងវិស័យឯកជន។