កិច្ចប្រជុំពិសេស រដ្ឋមន្ត្រីបរិស្ថានអាស៊ាន ស្តីពីផែនការប្រែប្រួលអាកាសធាតុ

12 07 2018

នៅប្រទេសសិង្ហបុរី ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ ដោយចីរភាព ជាតំណាង ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី១០ ខែកក្កដា ២០១៨ បានដឹកនាំគណៈប្រតិភូ ដែលរួមមាន ក្រសួងបរិស្ថាន និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមធ្វើសេចក្តីថ្លែងការណ៍ ក្នុងកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីបរិស្ថានអាស៊ាន អំពីផែនការប្រែប្រួលអាកាសធាតុ ក្នុងកិច្ចប្រជុំកំពូល ស្តីពីទីក្រុង ពិភពលោក សប្តាហ៍ទឹកអន្តរជាតិសិង្ហបុរី និងបរិស្ថានស្អាត ដែលបានចាប់ផ្តើម ពីថ្ងៃទី៩-១២ ខែកក្កដា ឆ្នាំ២០១៨ ក្នុង ប្រទេសសិង្ហបុរី។

ឯកឧត្តម វ៉ាន់ មុនីនាថ បានថ្លែងបញ្ជាក់អំពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការចូល រួមចំណែកជាមួយពិភពលោកនិងថ្នាក់តំបន់ ដើម្បីប្រយុទ្ធប្រឆាំង ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការអនុវត្តគោលនយោបាយ ចតុកោណរបស់រាជរដ្ឋាភិបាល ជាពិសេសផែនការ យុទ្ធសាស្ត្រ ឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុកម្ពុជា (២០១៤-២០២៣) និងផែនការសកម្មភាព ការប្រែប្រួលអាកាសធាតុ តាមក្រសួង-ស្ថាប័ន ការផ្តល់សច្ចាប័នកិច្ចព្រមព្រៀង ទីក្រុងបារីសក្នុងការចូលរួមចំណែក របស់ភាគី នៃអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និងការអនុវត្តផែនការបន្សុំាជាតិ និងគោលការណ៍ណែនាំ ដើម្បី បញ្ជ្រាបប្រែប្រួលអាកាសធាតុ ទៅក្នុងផែការ និងថវិការបស់រដ្ឋបាល ថ្នាក់ក្រោមជាតិ។

ឯកឧត្តម វ៉ាន់ មុនីនាថ បាន បញ្ជាក់ថាក្នុងក្របខ័ណ្ឌច្បាប់ និងស្ថាប័ន កម្ពុជា កំពុងវិភាគបញ្ចប់ សេចក្តីព្រាងក្រមបរិស្ថាន ដែលបានដាក់ បញ្ចូលតួនាទី និងការទទួលខុសត្រូវការ ប្រែប្រួលអាកាសធាតុ ហើយកម្ពុជា ក៏បានបង្កើតក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព ដែលជាយន្តការមួយ សំដៅធានាបាននូវតុល្យភាព រវាង សេដ្ឋកិច្ច សង្គម បរិស្ថាន និង វប្បធម៌។ ដូច្នេះ កម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតដៃគូ ដើម្បីកៀរគរធនធាន សម្រាប់អនុវត្តគោល នយោបាយ លិខិតបទដ្ឋានគតិយុត្ត ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាព ពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ។

នៅក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំនោះ ឯកឧត្តម វ៉ាន់ មុនីនាថ ក៏បានជួបប្រជុំទ្វេរភាគី ជាមួយប្រតិភូជប៉ុន ពិភាក្សាអំពី ការគ្រប់គ្រង សំរាមសមុទ្រ និងប្រតិភូសិង្ហបុរី អំពីការពង្រឹងកិច្ចសហការ លើវិស័យបរិស្ថាន។