ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើងនៅទីស្តីការក្រសួងពាណិជ្ជកម្ម

11 07 2018

រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានបង្ហាញជំនឿថា ឯកសារគោលនយោបាយ ដំឡូងមី នឹងប្រែក្លាយកម្ពុជា ឲ្យទៅជាទីតាំង ឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់ដំឡូងមី ដែលអាចជឿទុកចិត្តបាន សម្រាប់ទីផ្សារពិភពលោក ដោយសារឯកសារនេះ ផ្តល់នូវចក្ខុវិស័យច្បាស់លាស់ និងវិធីសាស្ត្ររៀបចំ ខ្សែសង្វាក់តម្លៃសំខាន់ៗ ដើម្បីធ្វើឲ្យដំណាំដំឡូងមី ទទួលបានទិន្នផលច្រើន និងមានតម្លៃខ្ពស់ អាចឆ្លើយតបតម្រូវការ នៃទីផ្សារទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញជំនឿចិត្តដូចនេះ នាឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ និងទទួលឯកសារគោលនយោបាយដំឡូងមី ដែលរៀបចំឡើង នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការចូលរួម ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មកពីអន្តរក្រសួង តំណាងវិស័យឯកជន និងអង្គការ UNDP ដែលជាសមាជិក សមាជិកា នៃគណៈកម្មការរៀបចំ គោលនយោបាយជាតិដំឡូងមី ប្រមាណជាង ៥០នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់នាយកដ្ឋាន គោលនយោបាយពាណិជ្ជកម្ម ដែលបានប្រឹងប្រែង សហការ ជាមួយអង្គការ UNDP និងស្ថាប័នពាក់ព័ន្ធ ធ្វើការចងក្រងឯកសារ ដ៏មានសារៈសំខាន់នេះឡើង ដើម្បីបម្រើការអភិវឌ្ឍវិស័យ ដំឡូងមីកម្ពុជា ដែលជាដំណាំសក្តានុពលទី២ បន្ទាប់ពីដំណាំស្រូវ និងជាផលិតផល អាហារប្រចាំសតវត្សរ៍ ទី២១។

លោកបណ្ឌិត រីឆាត ម៉ាស្ហល សេដ្ឋវិទូនៃអង្គការ UNDP ប្រចាំប្រទេសកម្ពុជា បានគូសបញ្ជាក់ថា គោលនយោបាយដំឡូងមី នឹងប្រែក្លាយដំឡូងមី ទៅជាដំណាំ ដែលផ្តល់ទិន្នផល និងប្រាក់ចំណូលខ្ពស់ សម្រាប់ប្រជាកសិករក្រីក្រ និងជាផលិតផល ដែលបម្រើការ អភិវឌ្ឍឧស្សាហកម្ម នៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត បានបន្តទៀតថា ដើម្បីបង្កើនប្រសិទ្ធភាព ការអនុវត្តគោលនយោបាយ រចនាសម្ព័ន្ធអភិបាលកិច្ច ត្រូវបានបង្កើត ឡើង ហើយខ្សែសង្វាក់តម្លៃដំឡូងមី ត្រូវបានបែងចែកជាផ្នែកៗ ដើម្បីតភ្ជាប់ ជាមួយវិស័យអទិភាពផ្សេងទៀត។

សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជាបានក្លាយជាប្រទេស ដែលឈរ នៅលំដាប់លេខរៀងទី៨ ក្នុងចំណោមប្រទេស ផលិតដំឡូងមីធំៗទាំង១០ នៅលើពិភពលោក។ ចាប់តាំងពីឆ្នាំ២០១១ ផ្ទៃដីដាំដុះដំឡូងមី ត្រូវបានពង្រីកពី ៤០០ពាន់ហិកតា ដល់ ៥៧៤ពាន់ហិកតា នៅក្នុងឆ្នាំ២០១៥ ហើយបានផ្តល់ទិន្នផល សរុបជាង ១៣លានតោន។ កន្លងមក យុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្ម (CTIS) បានដាក់បញ្ចូល ដំណាំដំឡូងមី ទៅជាផលិតផល អទិភាពមួយ ដើម្បីអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃ និងធ្វើពិពិធកម្មការនាំចេញ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានកំពុងប្រឹងប្រែងជំរុញ ការនាំចេញផលិតផល ដំឡូងមី ទៅកាន់ប្រទេសចិន ដោយសារ តែប្រទេសទាំងពីរ បានចុះហត្ថលេខា លើពិធីសារ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធ និងលក្ខខណ្ឌតម្រូវ ផ្នែកភូតគាមអនាម័យ និងអនាម័យ ហើយបានកំពុងសិក្សា ពីលទ្ធភាពកែច្នៃពីដំឡូងមី និងធ្វើពិពិធកម្ម ទីផ្សារនាំចេញ។