ចិនបន្តស្វែងយល់បន្ថែម​ លើផ្នែកសុខភាព និងសុវត្ថិភាព ក្នុងវិស័យការងារ នៅកម្ពុជា

10 07 ​​2018

មន្រ្តីជាន់ខ្ពស់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យក្រុមគណៈប្រតិភូ នៃអគ្គនាយកផ្នែកសង្គ្រោះបន្ទាន់ និងសុវត្ថិភាពការងារ នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបពិភាក្សាការងារ និងស្វែងយល់បន្ថែម អំពីស្ថានភាពសុខភាព និងសុវត្ថិភាព ដែលបានអនុវត្ត ក្នុងវិស័យការងារ នៅកម្ពុជា។

បើតាមប្រសាសន៍ របស់ឯកឧត្តម ឡេង តុង ប្រធាននាយកដ្ឋា ពេទ្យការងារ នៃក្រសួងការងារ បានឱ្យដឹងថា នៅក្នុងជំនួបរវាង ឯកឧត្តម ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងក្រុមប្រតិភូ​ នៃអគ្គនាយក ផ្នែកសង្គ្រោះបន្ទាន់ និងសុវត្ថិភាពការងារ ប្រទេសចិន នៅពេលនេះគឺភាគីចិន ចង់ស្វែងយល់ ពីសុខភាព និងសុវត្ថិភាពការងារ ដែលកំពុងអនុវត្ត នៅកម្ពុជា ដើម្បីបន្តបញ្ជូន អ្នកវិនិយោគមកកម្ពុជា និងជួយការពារ ដល់អ្នកវិនិយោគ របស់ចិន នៅកម្ពុជា។

មួយវិញទៀត ចិនចង់ជួយកម្ពុជា លើការបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកសុខភាព និងសុវត្ថិភាពការងារ ដោយបានអញ្ជើញ មន្រ្តី កម្ពុជាឱ្យ ទៅចូលរួមវគ្គ បណ្តុះបណ្តាល នៅប្រទេសចិន ដែលកន្លងមកធ្លាប់បានធ្វើចំនួន ២វគ្គ រួចមកហើយ នឹងគ្រោងធ្វើនៅអំឡុង ខែតុលា
ឆ្នាំ២០១៨ ខាងមុខនេះម្តងទៀត។

ឯកឧត្តម ឡេង តុង បានបញ្ជាក់ថា ទាក់ទិននឹងសុវត្ថិភាពការងារនេះ ភាគីចិនផ្តោតជាសំខាន់ ទៅលើការលើកកម្ពស់ បញ្ហាប្រព័ន្ធគ្រប់គ្រងសុខភាព និងសុវត្ថិភាព ខាងការងារនៅកម្ពុជា នេះតែម្តង។ ដោយសារអ្នកវិនិយោគចិន កន្លងមកភាគច្រើន វិនិយោគលើវិស័យកាត់ដេរ ប៉ុន្តែបច្ចុប្បន្ននេះ គេឃើញចិន ងាកទៅវិនិយោគ លើវិស័យសំណង់ច្រើន ដូច្នេះចិនត្រូវការការពារ ដល់អ្នកវិនិយោគរបស់ខ្លួន ទាំងនិយោជក និងកម្មករនិយោជិត។

ទោះយ៉ាងណា ភាគីទាំងពីរបានឯកភាព គ្នាលើការផ្លាស់ប្តូរ ទស្សនកិច្ចសិក្សា បន្ថែមពីគ្នាទៅវិញទៅមក ពិសេសលើផ្នែកសុខភាព និងសុវត្ថិភាពការងារនេះ ដើម្បីធ្វើយ៉ាងណាធានា ឱ្យបានល្អទាំងកម្មករ និយោជិត និងនិយោជក ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កន្លងមកនៅតាមរោងចក្រមួយចំនួន ធ្លាប់មានបញ្ហាប្រឈម ទាក់ទិនទៅ និងការដួលសន្លប់ កម្មករ និយោជិត ប៉ុន្តែរយៈពេល ៦ខែ ដើមឆ្នាំ២០១៨នេះ ការដួលសន្លប់ បានថយចុះច្រើន ដោយសារមានការយកចិត្ត ទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៕