ឯកឧត្តម ប៉ាន សូរស័ក្តិ ជួបពិភាក្សាជាមួយលោក ថូម៉ាស ហ៊ុន (Thomas HUNDT) នាយកប្រតិបត្តិក្រុមហ៊ុន Smart នៅទីស្តីការក្រសួងពាណិជ្ជកម្ម

04​ 07 2018

ដើម្បីរួមចំណែកពង្រឹង​ ការអនុវត្ត វិស័យកម្មសិទ្ធិបញ្ញាជាតិ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានពន្យល់ក្រុមហ៊ុន ស្មាតអាស្យាតា (Smart Axiata) ដែលជាប្រតិបត្តិករ ទូរគមនាគមន៍ចល័ត អំពីច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ និងលក្ខខណ្ឌ តម្រូវមួយចំនួន ដើម្បីទទួលបានការចុះបញ្ជីម៉ាក និងការការពារស្របច្បាប់ នៅក្នុងប្រទេសកម្ពុជា។

ការពន្យល់របស់ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សា ជាមួយលោក ថូម៉ាស ហ៊ុន (Thomas HUNDT) នាយកប្រតិបត្តិក្រុមហ៊ុន Smart នៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ដែលបានដាក់ពាក្យ ស្នើសុំចុះបញ្ជីម៉ាក របស់ក្រុមហ៊ុន ស្មាតអាស្យាតា ខូអិលធីឌី និងការចុះបញ្ជីជាម៉ាកល្បី។

នៅក្នុងឱកាសនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបលោក ថូម៉ាស ហ៊ុន អំពីភាពខុសគ្នារវាងម៉ាក និងពាក្យទូទៅ ព្រមទាំងលក្ខខណ្ ឌចាំបាច់ នៃការជ្រើសរើសម៉ាក ដើម្បីចុះបញ្ជីការពារ។ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្នើដល់លោកនាយក ប្រតិបត្តិក្រុមហ៊ុន ស្មាតអាស្យាតា សហការ ជាមួយនាយកដ្ឋាន កម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ដើម្បីបំពេញលក្ខខណ្ឌ ទៅតាមច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែង មិនស្មោះត្រង់ ដែលជាផ្នែកមួយ នៃវិស័យកម្មសិទ្ធិបញ្ញា។

លើសពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏គូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់ក្រសួងពាណិជ្ជកម្ម ក្នុងការបន្តគាំទ្រ វិស័យឯកជន និងការលើកកម្ពស់ វិស័យកម្មសិទ្ធិបញ្ញាជាតិ ព្រមទាំងបានថ្លែងអំណរគុណ ដល់ លោកថូម៉ាស ហ៊ុន ដែលបានវិនិយោគ និងធ្វើសកម្មភាពសង្គមជាច្រើន ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា។

ជាការឆ្លើយតប លោក ថូម៉ាស ហ៊ុន បានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានបកស្រាយ ពីនីតិវិធី និងលក្ខខណ្ឌតម្រូវ សម្រាប់ការចុះបញ្ជីម៉ាក នៅក្នុងប្រទេសកម្ពុជា។ លោកនាយកប្រតិបត្តិរូបនេះ ក៏បានសន្យារៀបចំសំណើ សុំចុះបញ្ជីម៉ាក របស់ក្រុមហ៊ុនឡើងវិញ ដោយសហការ ជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងអនុវត្តន៍ទៅតាមច្បាប់ ដែលបានកំណត់។

សូមបញ្ជាក់ថា «ម៉ាក» សំដៅលើឈ្មោះ ឬនិម្មិតសញ្ញា ដែលអាចមើលឃើញ សម្រាប់សម្គាល់ទំនិញ ឬសេវារបស់សហគ្រាសមួយ​ ឲ្យខុសពីទំនិញ ឬសេវា របស់សហគ្រាសមួយទៀត។ ការប្រើប្រាស់ម៉ាក នៅក្នុងប្រទេសកម្ពុជា ត្រូវគោរពតាមច្បាប់ ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែង មិនស្មោះត្រង់ ដែលរដ្ឋសភា បានអនុម័ត និងដាក់ឲ្យប្រើប្រាស់ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០០១ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៧ នីតិកាល ទី២៕