ឯកឧត្តម វេង សាខុន និងឯកឧត្តម គួច ចំរើន ចូលរួមក្នុងពិធីផ្សារណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព

04​ 07 2018

នៅទីរួមខេត្តកំពង់ចាម​ នាព្រឹកថ្ងៃពុធ ៧រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានចូលរួម ក្នុងពិធីផ្សារណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព ក្រោមគម្រោងសាកល្បង លើកដំបូង របស់រាជរដ្ឋាភិបាល សម្រាប់ការជំរុញផលិតកម្មស្បៀង ក្នុងខេត្តគោលដៅចំនួន១១ ដែលបានបោះទុនវិនិយោគ ចំនួនប្រមាណ ២០ លានដុល្លារអាមេរិក ។ ការរៀបចំពិធីផ្សារណាត់បន្លែសុវត្តិភាព និងផលិតផលសុវត្តិភាព នាថ្ងៃនេះឡើង គឺក្នុងគោលបំណងបំផុស ឲ្យប្រជាជនទូទៅ មានចំណាប់អារម្មណ៍ ក្នុងទិញបន្លែដែលមានគុណភាព និងសុវត្តភាព យកទៅបរិភោគ និងបង្ហាញឲ្យអ្នកទទួលទិញដុំ យកទៅលក់នៅផ្សារដ៏ទៃ បានទទួលស្គាល់ ពីសមត្ថភាព នៃការផលិតបន្លែ ប្រកបដោយគុណភាព និងសុវត្តភាពរបស់កសិករ ក្នុងខេត្តនេះ។
សូមបញ្ជាក់ថា គម្រោងខាងលើនេះ មានគោលបំណងការលើកស្ទួយ ផលិតផលកសិកម្មជាតិ និងកាត់បន្ថយការនាំចូល ដោយត្រូវបង្កើនការផលិត នូវផលិតផលកសិកម្ម ប្រកបដោយគុណភាព និងសុវត្តិភាព និងបង្កើនប្រាក់ចំណូល របស់កសិករខ្នាតតូច និងមធ្យម ដែលកំពុងមានបញ្ហាប្រឈម នឹងការធ្វើចំណាកស្រុក តាមរយៈ៖
1) ការបង្វែរទិសដៅ នៃការផលិត ពីការអភិវឌ្ឍ តាមបែបវិបុលកម្ម ទៅកាន់ការអភិវឌ្ឍ តាមបែបប្រពលវប្បកម្ម និងកសិពាណិជ្ជកម្ម
2) ការបញ្ចូលបច្ចេកទេស ទំនើបនៃការដាំដុះដំណាំ ការប្រើប្រាស់ពូជដំណាំ ការពង្រីកសមត្ថភាពដាំដុះ លើផ្ទៃដី ដែលមានស្រាប់ និងការផលិត នូវផលិផលកសិកម្ម ប្រកបដោយគុណភាព និងសុវត្តិភាព
3) ការបញ្ចូលបច្ចេកទេស ស្រោចស្រពដំណក់ទឹក
4) ការកែលម្អរចនាសម្ព័ន្ធ ខ្សែចង្វាក់ផលិតកម្ម ក្នុងការផលិត
5) ការផលិត តាមគោលការណ៍ នៃការអនុវត្តកសិកម្មល្អ
6) ការផ្តល់នូវចំណេះដឹង ដល់កសិករ ក្នុងការផលិត វេចខ្ចប់ ស្របតាមស្តង់ និងតម្រូវការទីផ្សារ។
លើសពីនេះទៀត គម្រោងសាកល្បងនេះបាន និងកំពុងចូលរួមចំណែកក្នុងការផ្តល់ជាចក្ខុវិស័យ និងការរៀបចំ កសាងគោលនយោបាយ ជាយុទ្ធសាស្រ្ត ក្នុងការអភិវឌ្ឍវិស័យកសិកម្មជាតិ សម្រាប់ឆ្នាំ ២០១៩ ដល់ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយ កសិកម្មកម្ពុជា ទៅជាកសិកម្ម ទំនើប មានលក្ខណៈប្រគួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួល អាកាសធាតុ និងនិរន្តភាព ដែលនាំដល់ការកើនឡើង នៃប្រាក់ចំណូលគ្រួសារ កសិករស្រប តាមកំណើនសេដ្ឋកិច្ច ប្រកបដោយវិបុលភាព និងសុខមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា ។