ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យលោកស្រី​ Pauline Tamesis ជាអ្នកសម្របសម្រួល និងតំណាងអង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម

02​ 07 2018

នៅទីស្តីការក្រសួង រសៀលថ្ងៃច័ន្ទ ០៥រោច ខែបឋមសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាត ឱ្យលោកស្រី​​ Pauline Tamesis ជាអ្នកសម្របសម្រួល និងតំណាង អង្គការសហប្រជាជាតិ UNDP ប្រចំាកម្ពុជា និងសហការី ចូលជួបសម្តែង ការគួរសម និងស្វែងយល់ពីកិច្ចសហការ បញ្ហាប្រឈម ដើម្បីឈាន ការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម នៅកម្ពុជាបន្ត។

នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានថ្លែងអំណរគុណ ជូនចំពោះអង្គការ សហប្រជាជាតិ UNDP ប្រចំាកម្ពុជា ដែលបានគ្រាំទ្រកម្ពុជា ចាប់តំាងពីឆ្នំា ១៩៥៨ ដល់ឆ្នំា១៩៧៥ ហើយបន្តជួយ ឆ្នំា១៩៨០ រហូតដល់បច្ចប្បន្ន ជាពិសេសកិច្ចសហការ លើកកម្ពស់ វិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងអង្គការ សហប្រជាជាតិ UNDP ប្រចំាកម្ពុជា បានផ្តល់ការគ្រាំទ្រ ដល់រាជរដ្ឋាភិបាល គោលនយោបាយ បច្ចេកទេស និងថវិកាលើវិស័យ កសិកម្ម ដូចជា ផ្តល់គម្រោងការពង្រឹង សមត្ថភាពមន្រ្តី និងកសិករលើបច្ចេកវិជ្ជាថ្មី ការបំរែបំរួលអាសធាតុ លើកសិកម្ម ការគ្រប់គ្រង ធនធានធម្មជាតិ ប្រកបដោយនិរន្តភាព ដោយសំរេចបាន នូវគោលដៅអាទិភាព តាមផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ(NSDP) ដើម្បីធ្វើឲ្យប្រសើរឡើង ចំណូល ពីវិស័យកសិកម្ម សម្រាប់លើកស្ទួយជីវភាព រស់នៅរបស់ប្រជាជន ដែលនេះជាមោនភាព នៃកិច្ចសហប្រតិបត្តិការ រវាងអង្គការ សហប្រជាជាតិ UNDP និងក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយគ្នានេះ ឯកឧត្តម ក៍ជម្រាបជូនអង្គការ សហប្រជាជាតិ UNDP ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រួវការទីផ្សារលក់ ផលិតផល លើដំឡូងមី ចេក ផ្លែមាន និងស្វាយ។ល។ បន្ថែមទៀត ដែលកន្លងមក UNDP បានផ្តល់គម្រោងលើការផលិតដំឡូងមី រហូតដល់ ការជួយបណ្តុះបណ្តាល បច្ចេកទេស និងឈានកាន់ទីផ្សារអន្តរាជាតិ ហើយជាមួយគ្នានេះដែរ សូមឲ្យ UNDP បន្តជួយលើដំណំាស្វាយ ដោយកសិករកំពុង ជួបបញ្ហទីផ្សារ ដែល UNIDO គួរធ្វើការពង្រីក គម្រោងការងារ ក្នុងការជួយធ្វើការ សម្របសម្រួល នូវលក្ខខ័ណ្ឌមួយចំនួន ជាមួយប្រប្រទេស បញ្ជារទិញ រួម ជាមួយ និងវិធីការវេចខ្ចប់ ពីព្រោះកម្ពុជា មានសក្តានុពល លើការផ្គត់ផ្គង់ស្វាយ មិនប្រកាន់រដូវ ដែលតាមការព្យាករណ៍ នៅឆ្នាំ២០១៩ កម្ពូជាអាចផលិត ស្វាយកែវរមៀត មិនតិចជាងកន្លះលានតោន។

លោកស្រីប្រធាន បានរាយការណ៍ ជូនឯកឧត្តមរដ្ឋមន្រ្តីថា កិច្ចសហការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង UNDP មានលក្ខណៈល្អប្រសើរ ជាមួយដៃគូ អភិវឌ្ឍន៍ ដោយកន្លងមក UNDP បានវិនិយោគ លើវិស័យកសិកម្ម ផលិតកម្មកសិកម្ម ការបំរែបំរួល អាកាសធាតុ ភាពធន់ទ្រំា សុវត្តិភាពស្បៀង ដែលជួយលើកកម្ពស់ វិស័យកសិកម្ម នៅកម្ពុជា។ លោកស្រីប្រធាន បានជម្រាបសួរ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែម៖១) ការវិនិយោគ លើវិស័យកសិកម្ម នៅកម្ពុជា ២) ផលិតកម្ម និងការកែច្នែផលិតផល ៣) លទ្ធភាព ទទួលបានទីផ្សារ សម្រាប់កសិករ និង ៤) ការចែករំលែកពត័មាន អំពីកម្មវិធី UNDP រយៈពេល ៥ ឆ្នំាដែលបានគ្រោង អនុវត្តបន្តជួយ លើវិស័យកសិកម្ម។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបបា្រប់ទៅភាគី UNDP ថាវិស័យកសិកម្មពិត ជាត្រូវការអ្នកវិនិយោគ លើការផ្តល់បច្ចេកទេស ការទុកដាក់ វេចខ្ចប់ និងការស្វែងរកទីផ្សារ សម្រាប់ផលិតផល កសិកម្មទំាង ក្នុងប្រទេស និងក្រៅ និងការជួយគ្រាំទ្រ ពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងកិច្ចសហការណ៍យ៉ាងល្អប្រសើរ ក្នុងឆន្ទះតែមួយ គឺពង្រឹងលទ្ធភាពប្រកួតប្រជែង ផលិតផលកម្ពូជា ដើម្បីបម្រើ ឱ្យសេចក្តីត្រូវការ ក្នុងស្រុក និងធ្វើការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។

ជាការឆ្លើយតប លោកស្រីប្រធាន បានថ្លែងអំណរគុណ ចំពោះឯកឧត្តម រដ្ឋមន្រ្តី ដែលបានផ្តល់អនុសាសន៍ដ៍ល្អ សម្រាប់កិច្ចសហការ លើវិស័យកសិកម្ម ជាពិសេសការវិនិយោគ និងទីផ្សារ សម្រាប់ផលិតផល កសិកម្មនៅកម្ពុជា ហើយ UNDP នៅតែបន្តការគ្រំាទ្រ ទំាងបច្ចេកទេស និងថវិការសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរិតចំណង នៃកិច្ចសហប្រតិបត្តិការ នេះឱ្យកាន់តែប្រសើរឡើង។