អាជ្ញាធរជាតិអប្សរា​ នឹងចាត់វិធានការយ៉ាងតឹងរឹង ចំពោះការបង្ហោះ Drone នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

12 06 2018

ដើម្បីទប់ស្កាត់ការបង្ហោះយន្តហោះខ្នាតតូច (Drone) ក្នុងតំបន់អង្គរ ឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សា ជាមួយស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗដូចជា តំណាងរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលកម្ពុជា តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងសាលាខេត្តសៀមរាប តំណាងស្នងការនគរបាល ខេត្តសៀមរាប តំណាងមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ប្រធាននាយកដ្ឋាននគរបាល ទេសចរណ៍ តំណាងនាយកដ្ឋាន នគរការពារបេតិកភណ្ឌ តំណាងគ្រឹះសា្ថនអង្គរ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប តំណាងមន្ទីរទេសចរណ៍ ខេត្តសៀមរាប តំណាងមន្ទីរព័ត៌មាន ខេត្តសៀមរាប សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំង៦ នៅខេត្តសៀមរាប តំណាងសមាគមទីភ្នាក់ងារទេសចរណ៍ នៅខេត្តសៀមរាប និងមេធាវី របស់អាជ្ញាធរជាតិអប្សរា ជាដើម ដើម្បីរិះរកវិធានការស្របច្បាប់ និងអាចអនុវត្ត បានប្រកបដោយប្រសិទ្ធភាព។

ការរៀបចំកិច្ចប្រជុំនេះឡើង ស្របពេលដែលការលួចបង្ហោះ Drone ក្នុងរមណីយដ្ឋានអង្គរ មានការកើនឡើងយ៉ាងគំហុក ក្នុងរយៈពេល ២ឆ្នាំចុងក្រោយ នេះ ពោលគឺត្រីមាសទី១ ឆ្នាំ២០១៧ មានចំនួន៥៨ គ្រឿង និងត្រីមាសទី១ឆ្នាំ២០១៨ មានរហូត ដល់ចំនួន ១៥៨ គ្រឿង បើទោះជាអាជ្ញាធរជាតិអប្សរា ធ្លាប់បានផ្សព្វផ្សាយជាសាធារណៈ តាមរយៈសេចក្តីជូនដំណឹង លេខ៦៧៧/១៦រប.សជណ ហើយក្រុមការងារបាន ព្យាយាមទប់ស្កាត់ យ៉ាងណាក្តី។ ការរៀបចំកិច្ចប្រជុំនេះ គឺក្នុងគោលដៅពិភាក្សា រកវិធីសាស្ត្រផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយ ទៅកាន់អ្នកប្រើប្រាស់ Drone និងរិះរកវិធានការពិន័យតឹងរឹងបន្ថែមទៀត។

ឯកឧត្តម សុខ សង្វារ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា កំណើននៃ Droneក្នុងតំបន់អង្គរនេះ វាជាហានិភ័យ ដល់ប្រាង្គប្រាសាទនានា បង្កការរំខាន និងអាចប៉ះពាល់ ដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងរមណីយដ្ឋានអង្គរ និងភ្ញៀវទេសចរថែមទៀត។ ម្យ៉ាងវិញទៀត Drone ជាបច្ចេកវិជ្ជាដ៏ទំនើប ដែលអាចបង្កភាពងាយស្រួល ដល់ក្រុមភេរវកម្ម ក្នុងការបំផ្លាញ ដល់រមណីដ្ឋាន បេតិកភណ្ឌពិភពលោកផងដែរ។

លោក ក្រូច វ៉ាន់ឌី អនុប្រធាននាយកដ្ឋាន អាកាសចរណ៍ស៊ីវិល បញ្ជាក់ថា ជាគោលការណ៍ កន្លងមក លេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបាន កំណត់មិនឲ្យមាន ប្រើប្រាស់ Drone ជាលក្ខណៈបុគ្គលឡើយ។ អាចអនុញ្ញាត បានតែក្នុងករណីក្រុមហ៊ុន មានចុះបញ្ជីត្រឹមត្រូវ និងអាចអនុញ្ញាត ឲ្យបង្ហោះ ក្នុងរយៈចម្ងាយ ១៥០គម ពីតំបន់ហាមឃាត់ និងមិនឲ្យហួសពីកម្ពស់ ១៥០ម៉ែត្រពីដី។

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡាយ ប៊ុនថន ប្រធាននាយកដ្ឋាន នគរបាលទេសចរណ៍ បានបង្ហាញការគាំទ្រ ចំពោះការរឹតបន្តឹង នូវវិធានការទប់ស្កាត់ និងបង្ក្រាប នូវការបង្ហោះ Drone ក្នុងតំបន់ហាមឃាត់ ជាពិសេស គឺរមណីយដ្ឋានអង្គរតែម្តង។ ឯកឧត្ដមបញ្ជាក់ថា វិធានការ ដែលសំខាន់ គឺការទប់ស្កាត់ កុំឲ្យមានអ្នកលួចបង្ហោះបាន តាមរយៈការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ គ្រប់ទីតាំងសំខាន់ៗ ដែលភ្ញៀវទេសចរឆ្លងកាត់ និងស្នាក់នៅ មុននឹងពួកគាត់ធ្វើដំណើរ ទៅកាន់កន្លែងកម្សាន្ត។

ជាលទ្ធផល កិច្ចប្រជុំនេះបានព្រមព្រៀងគ្នា ដើម្បីបង្កើតក្រុមការងារចម្រុះមួយ ដែលនឹងពិភាក្សា ទៅលើអង្គច្បាប់ ដើម្បីចាត់វិធានការ តឹងរឹងបន្ថែមទៀត។ ចំណែកវិធានការ ជាបណ្តោះអាសន្ន គឺត្រូវចាប់ Drone រក្សាទុកមួយរយៈ ជាបណ្តោះអាសន្ន និងតម្រូវឲ្យម្ចាស់បំពេញ បែបបទ ស្នើសុំតាមក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត នឹងរៀបចំការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ ថែមទៀត នូវបម្រាមប្រើប្រាស់ Drone ក្នុងតំបន់អង្គរ ដូចជា ការបោះពុម្ពផ្ទាំងប៉ាណូធំៗ ការដាក់សញ្ញាហាមឃាត់ នៅលើបណ្ណទស្សនា និងការផ្សព្វផ្សាយ នៅលើគេហទំព័រទេសចរណ៍ ជាដើម៕