ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)

11 06 2018

នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់ លើរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់ បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតរោងចក្រ ផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច លើផ្ទៃដីទំហំ ៧,៤៨ហិកតា មានទីតាំងស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នៅក្នុងភូមិក្នុងភូមិពូធឿង ឃុំបិតត្រាំង និងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ របស់ក្រុមហ៊ុនខេមបូឌាន ឆាវទូ ម៉ាញនីង & មេធលឡឺជី ឯ.ក ម្ចាស់គម្រោង ដែលបានសិក្សា និងរៀបចំរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា RCBCC CO., LTD.។. អង្គប្រជុំបានផ្តោតលើការពិនិត្យ និងពិភាក្សា លើចំណុចសំខាន់ៗ មួយចំនួនដូចជា៖ (១).ការគ្រប់គ្រងលើការនាំចូល ទុកដាក់វត្ថុធាតុដើម និងសារធាតុគីមី (២).ផែនការប្រើប្រាស់ទឹក (៣).ការគ្រប់គ្រងគុណភាពខ្យល់ (ឧស្ម័ន ធូលី) (៤).ការគ្រប់គ្រង់សំណល់រឹង-រាវ (៥).ខ្សែសង្វាក់ផលិតកម្ម (៦).បញ្ហាសុខភាព និងសុវត្ថិភាពការងារ ។ជារួមអង្គប្រជុំ បានសម្រចបានលទ្ធផល ដូចខាងក្រោម៖
១. អង្គប្រជុំបានគាំទ្រ គម្រោងរោងចក្រផលិតស្ពាន់ សំណ ស័ង្កសី និងអាស៊ីតស៊ុលផួរិច នៅខេត្តព្រះសីហនុ
២. ក្រុមហ៊ុនត្រូវកែលម្អរបាយការណ៍ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ ក្នុងរយៈពេល ៣០ថ្ងៃ យ៉ាងយូរ។