អ្នកជំនាញ បង្ហាញពីរចនាសម្ពន្ធស្រះខាងជើង មុខអង្គរវត្ត ដែលបានពីលទ្ធផលកំណាយស្រាវជ្រាវ

11 06 2018

មន្រ្តីជំនាញ នៃអាជ្ញាធរជាតិអប្សរា បានបង្ហាញថា ការងារកំណាយស្រាវជ្រាវ នៅស្រះខាងជើងមុខអង្គរវត្ត ទទួលបានលទ្ធផលខ្លះហើយ មកដល់ពេលនេះ។ ជាលទ្ធផលបឋម ក្រុមការងារ បានរកឃើញ រចនាសម្ពន្ធស្រះ ដែលមានកាំជណ្តើរ ធ្វើអំពីថ្មបាយក្រៀម នៅតួស្រះនិងថ្មភក់ នៅមាត់ស្រះ ក្រៅពីនោះមានការ ចាក់បង្គរដីជាស្រទាប់ៗខុសៗគ្នាដើម្បីរក្សាស្ថេរភាព ផ្ទៃស្រះទាំងមូល។

នៅក្នុងកិច្ចប្រជុំបច្ចេកទេស លើកទី៣០ របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចការគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ កាលពីព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨ អ្នកស្រី នេត ស៊ីមន បុរាណវិទូ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ការធ្វើកំណាយនេះ មានចំនួន ២ទីតាំង។ ទីតាំងទី១ ដែលកំពុងកំណាយ មាន៣រណ្តៅជាប់គ្នា ហើយលទ្ធផលបឋម បានបង្ហាញអំពីការរៀបចំគ្រឹះ មាត់ស្រះ និងជណ្តើរ ៣កាំចុះក្រោម សាងអំពីថ្មភក់ និងកាំជណ្តើរក្រោមៗ ទៀតធ្វើអំពីថ្មបាយក្រៀម កប់ដី ដែលមានសភាពទ្រុឌទ្រោម ខូចខាតរូបរាងក្នុងទម្រង់ មិនច្បាស់លាស់ ពិបាកសន្និដ្ឋានថា ជាកាំជណ្តើរ ឬជាដីបុកបង្ហាប់ ធ្វើជាបាតស្រះ។

អ្នកស្រីបានបញ្ជាក់ទៀតថា តាមរយៈការសិក្សាស្រទាប់ដីនេះ បានបង្ហាញទម្រង់ពិសេសៗ៣ចំណុចសំខាន់ៗ។ ទី១. ការចាក់បង្គរដីយ៉ាងធំ នៅផ្ទៃខាងក្រៅស្រះ ដែលបានបុកបង្ហាប់ឆ្លាស់គ្នា ដោយមានស្រទាប់ថ្មបាយក្រៀមលាយដីឥដ្ឋ លាយថ្មភ្នំ ស្របតាមបណ្តោយមាត់ស្រះ រីឯផ្ទៃខាងក្រោម មានការបុកបង្ហាប់ ជាមួយដីខ្សាច់លាយដីឥដ្ឋ លាយថ្មបាយក្រៀម។ ទី២. រចនាសម្ពន្ធស្រះទាំងមូល បានរៀបកាំជណ្តើរថ្មភក់ នៅមាត់ស្រះ ព្រមទាំងរៀបថ្មបាយក្រៀមផ្នែកខាងក្រៅនៅបាតស្រះ មានការបុកបង្ហាប់ដី មានខ្សាច់លាយថ្មភ្នំ នៅស្រទាប់នេះ ដែលពិបាកកំណត់តួនាទី នៃការប្រើប្រាស់ ដោយសារថ្មភ្នំ និងថ្មបាយក្រៀម មានការពុកផុយជាអន្លើៗ។ ទី៣. ការចាក់បង្គរសម័យថ្មី រកឃើញកំណាត់ឈើ បន្ទះក្តារប្រើប្រាស់ សម័យមុន និងលាយឡំដោយសម្ភារៈ សម័យថ្មី។ បន្ទាប់ពីបញ្ចប់គម្រោងកំណាយ រណ្តៅទីមួយនេះ ក្រុមការងារ នឹងបន្តកំណាយ នៅស្រះផ្នែកខាងកើតឆៀងខាងត្បូង ដែលជារណ្តៅទី២។

សូមបញ្ជាក់ដែរថា ការធ្វើកំណាយនេះ មានគោលបំណង លើកតម្លៃស្រះ ដែលជាផ្នែកមួយ នៃស្ថាបត្យកម្មប្រាសាទអង្គរ ទម្រង់ស្ថាបត្យកម្មប្រាសាទ សម្រាប់ការពង្រឹង ជួសជុល លើសោភណ្ឌភាពស្រះ និងទម្រង់ទស្សនីយភាពទេសចរ។ គូររំឭកដែរថា កន្លងមកស្រះខាងជើង និងខាងត្បូង មុខអង្គរវត្ត ត្រូវបានបំផ្លាញដោយធម្មជាតិ នៅក្នុងឆ្នាំ១៩២០-២១ សាលាបារាំងចុងបូព៌ា មានលោក HENRI Machal (ហង់រី ម៉ាហ្សាល់) បានធ្វើកំណាយ និងជួសជុលឡើងវិញ។ នៅឆ្នាំ២០០៥-២០០៧ ក្រុមការងារបុរាណវិទ្យា ក៏បានសិក្សារចនាសម្ពន្ធស្រះ ខាងត្បូងរកឃើញ ជណ្តើរចំនួន ៦កាំ ដែលមានស្ថានភាពល្អ និងជណ្តើរថ្មបាយក្រៀមពុកផុយ និងបាតគ្រឹះមានសភាពនៅល្អ នៅឡើយ៕