សម្តេចតេជោ ហ៊ុន សែន អញ្ជើញត្បាញក្រមាក្រឡាទី១០០០ម៉ែត នៅវាលព្រះមេរុ (វាលព្រះមេន)

07 06 2018

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមត្បាញក្រមាក្រឡា ទី១០០០ម៉ែត ដែលជាក្រម៉ាវែងជាងគេ លើពិភពលោក ដើម្បីបង្ហាញពីការរួបរួមកម្លាំង របស់ពលរដ្ឋខ្មែរ ក្នុងការបំបែកឯតទគ្គកម្មពិភពលោក។

សូមជម្រាប​ថា យុទ្ធនាការក្រមា៖ «បំបែកឯតទកគ្គកម្ម ក្រមាវែងជាងគេលើពិភពលោក» ត្រូវបាននាំមកជូនបងប្អូន ប្រជាជនខ្មែរទាំងអស់ ក្នុងគោលបំណងធំៗបី រួមមាន៖
១) លើកកម្ពស់មោទនភាពជាតិ និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ
២) បង្កើតការចូលរួមចំណែក ពីប្រជាជនកម្ពុជា គ្រប់មជ្ឍដ្ឋានទាំងអស់ ដើម្បីរួមគ្នាថែរក្សានិងលើកស្ទួយមត៌កវប្បធម៌ប្រពៃណីខ្មែរ
៣) ជំរុញឲ្យមានសាមគ្គីភាព និងឯកភាពជាតិ តាមរយៈការរួមគ្នាបង្កើតស្នាដៃ ដ៏ធំសម្រាប់ជាតិ។​

បន្ទាប់ពីបានចូលរួមត្បាញ ក្រមារួចរាល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនា ការតាំងបង្ហាញនូវសកម្មភាពផ្សេងៗ ដែលបានរៀបចំ ក្នុងយុទ្ធនាការត្បាញក្រមា ដែលមានការតាំងបង្ហាញ ពីផលិតផលក្រមានៅទីនេះ ព្រមទាំងបានអញ្ជើញ ថតរូបអនុស្សាវរីយ៍ ជាមួយក្រុមការងារ នៅទីនេះ ក្នុងបរិយាកាសរីករាយ ក្រៃលែងផងដែរ៕