ឯកឧត្តម ប៉ាន សូរស័ក្តិ​ ប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៨ ស្តីពីលទ្ធផលការងារកម្មសិទ្ធិបញ្ញា និងផែនការសកម្មភាពការងារឆ្នាំ២០១៨

17​ 05 2018

ថ្លែងនៅក្នុងកិច្ចប្រជុំ​ គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទិ្ធបញ្ញា លើកទី៨ ស្តីពីលទ្ធផលការងារ កម្មសិទ្ធិបញ្ញា និងផែនការសកម្មភាព​ការងារឆ្នាំ២០១៨ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទិ្ធបញ្ញា បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារ កម្មសិទ្ធិបញ្ញា ឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍បន្តថា ក្នុងឆ្នាំ២០១៧កន្លងទៅនេះ លទ្ធផលសំខាន់ៗមួយចំនួន គួរជាទីមោទនៈ ដូចជា ការចូលជាសមាជិក នៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងលីស្បោន អំពីឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ការកសាងច្បាប់ ការពង្រីកកិច្ចការពារម៉ាក សម្គាល់ភូមិសាស្ត្រទំនិញ ការដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធ ស្នើសុំចុះបញ្ជីម៉ាក តាមប្រព័ន្ធអេឡិចត្រូនិក កិច្ចសហប្រតិបត្តិការអន្តរជាតិ គម្រោងកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ ការយល់ដឹងផ្នែកកម្មសិទ្ធិបញ្ញា ការកសាងសមត្ថភាព របស់មន្ត្រីជំនាញ និងមន្រី្តអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ការបង្ក្រាបបទល្មើស កម្មសិទ្ធិបញ្ញា ក៏ដូចជាការផ្តល់ សេវាសាធារណៈ ផ្នែកកម្មសិទ្ធិបញ្ញា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ បន្ថែមថា អង្គភាពអនុវត្ត ច្បាប់កម្មសិទ្ធិបញ្ញា បានបង្រ្កាប និងទប់ស្កាត់បទល្មើស កម្មសិទ្ធិបញ្ញាយ៉ាង សកម្ម ដើម្បីការពារសិទិ្ធស្របច្បាប់ និងសុខភាពសាធារណៈ។ ម្យ៉ាងវិញទៀត ដើម្បីឲ្យកិច្ចការកម្មសិទ្ធិបញ្ញា និងការអនុវត្តច្បាប់ ឲ្យបានកាន់ តែមានប្រសិទ្ធភាព ថែមទៀត លិខិតបទដ្ឋានគតិយុត្តជាច្រើន ក៏ត្រូវបានអនុម័តផងដែរ។ លើសពីនេះទៅទៀត សេចក្តីព្រាងច្បាប់ និងបទប្បញ្ញត្តិកម្មសិទ្ធិបញ្ញា ជាច្រើនទៀត បាននិងកំពុងបន្តរៀបចំពិនិត្យ និងពិភាក្សាផងដែរ។

ទន្ទឹមនឹងនេះឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តជូន​គណៈកម្មាធិការ និងសមាជិកគណៈកម្មាធិការជាតិ គ្រប់គ្រងកម្មសិទ្ធិបញ្ញាទាំងអស់ សូមមេត្តាបន្តកិច្ច ខិតខំបំពេញការងារ តាមការទទួលខុសត្រូវរៀងៗខ្លួន ដើម្បីចូលរួមចំណែក ក្នុងការកសាងប្រព័ន្ធកម្មសិទិ្ធបញ្ញា ឲ្យបានរឹងមាំ ការគ្រប់គ្រង ការបង្កើនការយល់ដឹង ការកសាងម៉ាកយីហោ ការបង្កើតថ្មី ការធ្វើអាជីវកម្ម ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដែលជាឧបករណ៍ គន្លឹះដ៏សំខាន់ ក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិ យើងមានភាព រីកចំរើនជឿនលឿនទៅមុខ។