កម្ពុជារំពឹងទទួលបានទេសចរឥណ្ឌា៨ម៉ឺននាក់ នៅឆ្នាំ២០១៨, ថ្ងៃនេះក្រសួងទេសចរណ៍កម្ពុជា-ឥណ្ឌា ចរចាគ្នាពីយុទ្ធសាស្ត្រជំរុញលំហូរទេសចរបន្ថែម

10​ 05 2018

បន្ទាប់ពីបានរៀបចំ​ សន្និសីទផ្សព្វផ្សាយទេសចរណ៍ឥណ្ឌានៅកម្ពុជា (Incredible India Road Show 2018) ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ រួចមក ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍ឥណ្ឌា នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ បានបន្តបើកកិច្ចប្រជុំ លើកទី២ នៃក្រុមការងារទេសចរណ៍កម្ពុជា-ឥណ្ឌា មួយទៀត នៅខេត្តសៀមរាប ទឹកដីបេតិកភណ្ឌដ៏ល្បីល្បាញ របស់កម្ពុជា ជាមួយ នឹងគោលបំណង ដ៏មានសារសំខាន់។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហោ មុនីរ័ត្ន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍កម្ពុជា លោកជំទាវ Rashmi Verma រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នៃសាធារណរដ្ឋឥណ្ឌា និងឯកឧត្តម MANIKA JAIN ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ព្រមជាមួយវត្តមាន សមាជិកប្រតិភូ នៃប្រទេសទាំងពីរ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ផងដែរ។

ឯកឧត្តម ហោ មុនីរ័ត្ន បានលើកឡើង ពីសារសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបាន វាយតម្លៃខ្ពស់ លើលទ្ធផល ដែលកើតចេញ ពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែក យ៉ាងសំខាន់ ដល់ការជំរុញកំណើនទេសចរ។ ឯកឧត្តម ហោ មុនីរ័ត្ន បានលើកឡើងអំពីចំណុចសំខាន់ៗ សម្រាប់ការពិភាក្សា ឆ្ពោះទៅរកជំហានរីកចម្រើន នៃកិច្ចសហប្រតិបត្តិការ ទេសចរណ៍ ក្នុងនោះភាគីទាំងពីរបាន ឯកភាពគ្នាក្នុងការគិតគូរ ដល់ការអភិវឌ្ឍវិស័យ ទេសចរណ៍ ប្រកបដោយនិរន្តរភាព ស្របតាមផែនការការងារ នៃការអនុវត្តអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍រវាងកម្ពុជា និងឥណ្ឌា ពិសេសផ្តោតលើចំណុច សំខាន់ៗ រួមមាន៖

* ការសម្រួលការធ្វើដំណើរ របស់ភ្ញៀវទេសចរ, ការគិតគូរដោះស្រាយឧបសគ្គ និងបញ្ហាប្រឈមក្នុងការទំនាក់ទំនង និងការធ្វើដំណើរ, ជំរុញការ លើកកម្ពស់គុណភាព និងសេវាកម្មទេសចរណ៍។
* ជំរុញការផ្សព្វផ្សាយ ទីផ្សាររួមគ្នា ការរៀបចំដំណើរទស្សនកិច្ច ស្វែងយល់អំពី FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយ ការរៀបចំព្រឹត្តិការណ៍ បង្ហាញផ្លូវទេសចរណ៍ (Roadshow) និងការគាំទ្រគ្នា​ ទៅវិញទៅមក ក្នុងការចូលរួម ក្នុងពិព័រណ៍ទេសចរណ៍ អន្តរជាតិ ដែលរៀបចំឡើង ដោយប្រទេសនីមួយៗ។
* ពង្រឹងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធទន់ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ការពង្រឹងស្ថាប័ន នៃអភិបាលកិច្ចល្អ ការកសាងសមត្ថភាព និងកម្មវិធីបណ្ដុះបណ្ដាល សម្រាប់មន្ត្រីរដ្ឋាភិបាល ក្នុងវិស័យទេសចរណ៍។
* សហការជាមួយស្ថាប័នពាក់ព័ន្ធ អំពីលទ្ធភាពការតភ្ជាប់ តាមផ្លូវអាកាស សម្រាប់ជើងហោះហើរត្រង់ រវាងឥណ្ឌា និងកម្ពុជា។
* បង្កើតការយល់ដឹង និងជំរុញផ្សព្វផ្សាយ តំបន់គោលដៅទេសចរណ៍ និងខ្សែទស្សនកិច្ចព្រះពុទ្ធសាសនា និងធម្មយាត្រា ដែលទាក់ទង នឹងប្រវត្តិសាស្ត្រ វប្បធម៌ និងធម្មជាតិ។

គួរបញ្ជាក់ថា នៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិប្រមាណ ៥,៦លាននាក់ កលនឡើង ១១% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះទេសចរឥណ្ឌា មានចំនួន ៥៩.៥៧១នាក់ កើនឡើង ២៩%។ លើសពីនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០១៨ ទេសចរឥណ្ឌា ដែលមកទស្សនាកម្ពុជា បានកើនឡើង ១០% ដែលមានចំនួន ១០.៧៥០នាក់។ ឆ្នាំ២០១៨នេះ កម្ពុជារំពឹង នឹងទទួលទេសចរ ឥណ្ឌាប្រមាណ ៨ម៉ឺននាក់។