រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបសំណេះសំណាល​ ជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance

05 05 2018

កាលពីរសៀលថ្ងៃសុក្រ​ ទី០៤ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានទទួលជួបសំណេះសំណាល ជាមួយក្រុមហ៊ុនជប៉ុន Idemitsu Saison Microfinance ដែលបានមកបោះទុនវិនិយោគ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា។

នៅក្នុងឱកាសនោះ លោក Koichi Watanabe តំណាង របស់ក្រុមហ៊ុន Idemitsu Saison Microfinance បាន​ជម្រាប ​ជូន​ឯកឧត្តម រដ្ឋមន្ត្រី អំពីប្រវត្តិ​ និងចក្ខុវិស័យក្រុមហ៊ុន របស់លោក ដែលផ្តោតសំខាន់ លើការចូលរួម ពង្រីកឥណទាន សម្រាប់វិស័យកសិកម្ម តាមរយៈ​សេវាកម្ម ផ្ដល់ប្រាក់កម្ចីរយៈពេលវែង និងការប្រាក់ទាប ដល់កសិករផ្ទាល់ ឬដល់សហគមន៍​ណាមួយ ក្រោមរូបភាព ដាក់ទ្រព្យបញ្ចាំ និងមិនមានទ្រព្យបញ្ចាំ។

ជាកិច្ចឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណលោក​ Koichi Watanabe ដែលបានរួមចំណែក ជួយដល់វិស័យកសិកម្ម និងកសិករកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ការពង្រីក​ឥណទាន ក្នុងវិស័យកសិកម្ម គឺជាកិច្ចការអទិភាពមួយ របស់រាជរដ្ឋាភិបាល​ ហើយការវិនិយោគ របស់ក្រុមហ៊ុន Idemitsu Saison នឹងរួមចំណែកដោះស្រាយបញ្ហា ដែលកសិករ និងម្ចាស់អាជីវកម្ម ខ្នាតតូច​ភាគច្រើន​បានជួបប្រទះ​ ដោយសារតែ​ឥណទានកសិកម្ម មានសារៈសំខាន់ ដល់ការពង្រីកមុខរបរ ក៏ដូចជាបង្កើនផលិតកម្ម ឲ្យស្របទៅនឹងតម្រូវការនៃទីផ្សារ។

ឯកឧត្តម ​រដ្ឋ​មន្ត្រី​ ក៏បានស្នើសុំឲ្យក្រុមហ៊ុន បន្តសហការឲ្យបានស្អិតរមួត ជាមួយប្រជាកសិករ​ សហគ្រាសធុនតូច និងមធ្យម និងសមាគមន៍​កសិកម្ម​មួយចំនួនថែមទៀត ដូចជា ស្រូវ-អង្ករ ដំឡូងមី ម្រេច ពោត កៅស៊ូ ស្វាយ និងស្វាយចន្ទី​។ល។ ដោយសារតែរផលិតផល ទាំងអស់នោះ មានសក្ដា​នុពលខ្ពស់ សម្រាប់អភិវឌ្ឍន៍ ខ្សែសង្វាក់តម្លៃ​ ដើម្បី​ធ្វើពិពិធកម្មការ នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕