ឯកឧត្តម ស៊ុន ចាន់ថុល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ កម្មការនី បុគ្គលិក និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ

01 05 2018

ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (SAP) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងសាកសួរសុខទុក្ខកម្មករ កម្មការនី បុគ្គលិក និយោជិតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៣២ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ៖ “សន្តិភាព ស្ថិរភាព ដើម្បីការងារ និងមុខរបរ”។

ថ្លែងទៅកាន់ អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ អំពីគម្រោងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដែលត្រូវ អនុវត្តបន្ត និងសមិទ្ធផលសម្រេចបាន សំខាន់ៗរួមមាន៖ ការដាក់ឱ្យដំណើរការនាវាដឹកអ្នកដំណើរ ព្រែកព្នៅ-ក្រុងតាខ្មៅ ការដាក់ឱ្យដំណើរ ការឡើងវិញ នូវផ្លូវដែក ពីប៉ោយប៉ែត-សិរីសោភ័ណ-បាត់ដំបងក្រោយកាត់ផ្តាច់ ដោយសង្គ្រាម អស់រយៈពេល ៤៥ឆ្នាំ និងការដាក់ឱ្យដំណើរការផ្លូវដែក ពីភ្នំពេញ ទៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ជាដើម។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំឭកផងដែរថា សុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកចក្រកម្ពុជា គឺជាកត្តាដ៏សំខាន់ មិនអាចខ្វះបាន ក្នុងការទាក់ទាញ វិនិយោគិន ពីបរទេស បង្កើតការងារធ្វើជូន កម្មករកម្មការនី ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់កសិផល រួមចំណែកដល់ការរីកចម្រើន សេដ្ឋកិច្ចជាតិក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ និងធ្វើឱ្យប្រជាពលរដ្ឋ ដែលរស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រធ្លាក់ចុះមក នៅប្រហែល១៣%។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអំពាវនាវ ដល់បងប្អូនកម្មករ កម្មការិនី ក៏ដូចជាប្រជាពលរដ្ឋ ទូទាំងប្រទេស សូមរួបរួមគ្នាការពារ និងថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយឱ្យបានគង់វង្ស ដើម្បីកសាងប្រទេសជាតិ មាតុភូមិ របស់យើង ឱ្យកាន់តែមានការរីកចម្រើន ថែមទៀត។ និងបានអំពាវនាវ សូមឱ្យទៅបោះឆ្នោត ឱ្យបានគ្រប់ៗគ្នានាពេលឆាប់ៗ ខាងមុខ និងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសបន្តបម្រើ និងអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធស្ពានថ្នល់ ឱ្យកាន់តែមានការ រីកចម្រើនថែមទៀត។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណនិងការកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល កំពង់ផែ និងមន្ត្រីបុគ្គលិក កម្មករ កំពង់ផែ ក្រុមព្រះសីហនុផ្ទាល់ អាជ្ញាធរដែនដី ព្រមទាំងអង្គការ JICA ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ចូលរួមសហការ ជួយគាំទ្រ បង្កលក្ខណៈងាយស្រួល ដើម្បីធានាសម្រេចបាន ជោគជ័យការងារកន្លងមក។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យថ្នាក់ដឹកនាំ មន្ត្រី កម្មករ បុគ្គលិកកំពង់ផែទាំងអស់ ឱ្យបន្តខិតខំបំពេញការងារ កាន់តែខ្លាំងក្លា ឡើងថែមទៀត រួបរួមគ្នា បង្ហាញសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ របស់ខ្លួន ចំពោះមជ្ឍដ្ឋានជាតិ និងអន្តរជាតិ ក្នុងនាមជាកំពង់ផែ បម្រើឱ្យវិស័យពាណិជ្ជកម្មអន្តរជាតិ យ៉ាងពិតប្រាកដ ធានាបាននូវការជឿទុក ចិត្តពីសំណាក់អតិឋិជន។

ជាទីបញ្ចប់ នៃកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននាំយកអំណោយ មកចែកជូនដល់ តំណាងកម្មករ កម្មការនី បុគ្គលិក និយោជិតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដើម្បីអបអរដល់សាទរ ដល់ខួបអនុស្សាវរីយ៍ លើកទី១៣២ នៃទិវាពលកម្មអន្តរជាតិ។