តើដឹងទេថាស្ពានបុរាណ តាមបណ្តោយផ្លូវជាតិលេខ៦ ពីប្រាសាទបាគង ដល់ទីប្រជុំជនកំពង់ក្តី មានចំនួនប៉ុន្មាន?

22 04 2018

តើដឹងទេថាស្ពានបុរាណ តាមបណ្តោយផ្លូវជាតិលេខ៦ ពីប្រាសាទបាគង ដល់ទីប្រជុំជនកំពង់ក្តី មានចំនួនប៉ុន្មាន?

ផ្លូវជាតិលេខ៦ ពីបាគងទៅទីប្រជុំជនកំពង់ក្តី គឺរត់លើកំណាត់ផ្លូវបុរាណពីសម័យអង្គរ ហើយតាមការស្រាវជ្រាវ របស់អ្នកបុរាណវិទ្យា បានរកឃើញថា កំណាត់ផ្លូវនេះមានស្ពានបុរាណចំនួន២១ ក៏ប៉ុន្តែបច្ចុប្បន្នស្ពានបុរាណចំនួន១០ បានខូចបាត់រូបរាង ហើយមាននៅសល់តែស្ពាន ចំនួន១១ ប៉ុណ្ណោះ ដែលអាចរក្សាបាន។

ការខូចខាតបាត់បង់ ក៏ព្រោះតែកត្តាពេលវេលា ការខ្វះខាតកិច្ចការគាំពារ នាពេលប្រទេសស្ថិត ក្នុងស្ថានប្រទាញប្រទង់ ដោយសារសង្រ្គាមសីុវិល ហើយស្ពាន ដែលមាននៅសល់ទាំង១១ នោះមានដូចជា ស្ពានអូរចិញ្ជៀន ស្ពានតូច ស្ពានថ្មបាយក្រៀម ស្ពានថ្ម ស្ពានតាមាស ស្ពានភូមិអូរ ស្ពានថ្នាល់ដាច់ ស្ពានស្វាយ ស្ពានបឹងអំពិល ស្ពានខ្ពស់ និងស្ពានព្រះទិស។

កន្លងមកស្ពានបុរាណទាំង១១ នេះ មានការទ្រុឌទ្រោមខ្លាំង ទើបនៅឆ្នាំ២០១៣ នៅពេលធ្វើការជួសជុលផ្លូវជាតិលេខ៦ ឡើងវិញ ទើបអាជ្ញាធរជាតិអប្សរា បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនចិន ដែលទទួលម៉ៅការធ្វើផ្លូវវាងស្ពានបុរាណទាំងនោះ ដើម្បីថែរក្សា អភិរក្សស្ពានទាំងនោះ ឱ្យបានគង់វង្សតកូនចៅ និងសម្រាប់បម្រើវិស័យទេសចរណ៍ផង។

ក្នុងន័យថែរក្សា និងលើកតម្លៃស្ពានបុរាណទាំងនោះ នាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា បានយកចិត្តដាក់ថែទាំ និងលើកតម្លៃស្ពានបុរាណ ដូចជា ស្ពានព្រះទិស ដោយដាក់ឱ្យមានភ្នាក់អភិរក្ស ចំនួន៤នាក់ បំពេញការងារជាអចិន្រ្តៃយ៍ បានកសាងរោងឆ្មាំ ១ខ្នង បង្គន់អនាម័យ ១ខ្នង មាន ៤បន្ទប់ សម្រាប់បម្រើទេសចរ។ ដោយឡែកស្ពានបុរាណចំនួន ១០ទៀត យើងបានដាក់ស្លាកឈ្មោះស្ពានបុរាណ តាមស្ពាននីមួយៗ ដើម្បីឱ្យភ្ញៀវទេសចរ បានស្គាល់ ព្រមទាំងធ្វើការសម្អាត ជារៀងរាល់ខែរួមមាន៖ ការកាប់ឆ្ការរុក្ខជាតិតូចធំ រើសសំរាមជុំវិញស្ពាន និងមើលស្ថានភាពស្ពានជាដើម៕