រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យកងទ័ពរួមកម្លាំងគ្នា ដើម្បីការពារសន្តិភាពបច្ចុប្បន្ន

05​ 04 2018

នាឱកាសអញ្ជើញ​ ជាអធិបតីភាព ក្នុងពិធីប្រគល់អំណោយ ជូនបញ្ជាការដ្ឋានកាំភ្លើងធំ ស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអំពាវនាវ ដល់កងព័ទទាំងអស់ ពង្រឹង សាមគ្គីភាព និងការពារដាច់ខាត មិនឱ្យជន ឬក្រុមណាមួយ ធ្វើការបំផ្លាញសន្តិភាពបច្ចុប្បន្នរបស់កម្ពុជា បានឡើយ។

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគុណតម្លៃ «សន្តិភាព» ដែលប្រសូត្រចេញពីគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់ ក្នុងការផ្តល់ឱកាស ជូនប្រជាជនគ្រប់រូប អាចចូលរួមស្តារ និងកសាងប្រទេសឡើងវិញ ពីចំណុចសូន្យ រហូតទទួលបានកិត្តិនាមល្បីរន្ទឺ នៅលើឆាកអន្តរជាតិ ព្រមទាំងធានា បាននូវនិរន្តរភាព នៃការអភិវឌ្ឍ ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ក៏ដូចជាការលើកស្ទួយនីតិរដ្ឋ សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូ របស់ប្រជាជនគ្រប់រូប។

«ពិតណាស់! យើងមានវប្បធម៌នៃការអត់អោន និងវប្បធម៌នៃសន្ដិភាព ប៉ុន្តែយើងមិនត្រូវលើកលែង ចំពោះជនណាក៏ដោយ ដែលប៉ុនប៉ង ធ្វើឲ្យប្រទេសជាតិរបស់យើង ធ្លាក់ចូលទៅក្នុងអស្ថិរភាព និងភ្លើងសង្គ្រាម ដូចអតីតកាលដ៏ជូរជត់ សាជាថ្មីទៀតឡើយ! ហើយនេះ គឺជាកាតព្វកិច្ច និងតួនាទីស្នូល របស់បងប្អូន កងទ័ពជាតិនៃយើង» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជក់។

«ឈរលើមូលដ្ឋានសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដើម្បីកំណើនការងារសមធម៌ និងប្រសិទ្ធភាព បានធ្វើ ឱ្យកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ជាមធ្យម ៧% ក្នុង ១ឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ ចុងក្រោយ» «កំណើនដ៏រឹងមាំនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីឆ្នាំ ២០១៦ ហើយកំពុងធ្វើដំណើរ ក្លាយទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០» ឯកឧត្តម រដ្ឋមន្ត្រី បានបន្ថែម។

ទន្ទឹមគ្នានេះ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានពាំនាំនូវប្រសាសន៍ ផ្តាំសាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ជូនដល់កងទ័ពទាំងអស់ ដែលកំពុងឈរជើងការពារជាតិ និងមាតុភូមិ នៅតាមសមរភូមិជួរមុខ ដែលជានិច្ចជាកាល សម្តេចទាំងទ្វេបានឧបត្ថម្ភស្បៀង ថវិកា និងសម្លៀកបំពាក់ តាមរយៈក្រុមការងារចម្រុះ កសាងសំណង់ យុទ្ធសាស្ត្រតូចធំ និងបណ្តាញគមនាគមន៍ខ្វាត់ខ្វែង ផ្តល់ដីកម្មសិទ្ធិស្របច្បាប់ ជូនប្រជាជន សាងសង់ផ្ទះ ជូនយោធិនពិការ និងជាបណ្តើរៗ កសាងភូមិ/ឃុំ នៅតាមបន្ទាត់ព្រំដែន ឲ្យកាន់តែរីកចម្រើនរៀងរាល់ថ្ងៃ។

សូមជម្រាបថា អំណោយ ដែលប្រតិភូក្រសួងពាណិជ្ជកម្ម ប្រគល់ជូនបញ្ជាការដ្ឋាន កាំភ្លើងធំ នាពេលនោះ រួមមាន៖ ចាក់សាបផ្លូវចូលទីបញ្ជាការ ប្រវែង ៨០ម៉ែត្រ, ផ្តល់ស័ង្កសីចំនួន ៣៧៥សន្លឹក, ស៊ីម៉ងត៍ចំនួន ២០តោន, ព្រំស័ង្កសី ប្រវែង ៤៣ម៉ែត្រ, បន្ទះសូឡា ២ផ្ទាំង, វិទ្យុទាក់ទង Camfone P6000 ១០គ្រឿង, អង្រឹងប៉ារ៉ាមានមុងចង ២០ឈុត, ស្បៀងក្រៀម, ស្រាបៀរ ១០០កេស, ទឹកក្រូច ២០កេស, កូនឈើគ្រញូង, និងបេង ៥៣០ដើម និងឧបត្ថម្ភថវិកាជូនកងទ័ពចំនួន ៣៧២នាក់ (ក្នុងម្នាក់ ៤ម៉ឺនរៀល) ព្រមទាំងជូនអង្គភាពចំនួន ២លានរៀល៕