ឯកឧត្តម វេង សាខុនអនុញ្ញាតលោក អ៊ុង គីគុង នាយកផ្នែកលក់នៃក្រុមហ៊ុនស្រាបៀរអង្គរខេមប្រូ (CAMBREW LTD) និងសហការីចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មី

06 04 2018

នាព្រឹកថ្ងៃច័ន្ទ ០៦រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០6 ខែមេសា គ.ស ២០១៨ នៅនៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអនុញ្ញាតលោក អ៊ុង គីគុង នាយកផ្នែកលក់ នៃក្រុមហ៊ុនស្រាបៀរអង្គរខេមប្រូ (CAMBREW LTD) និងសហការីចូលជួបសម្តែងការគួរសម​ និងជូនពរឆ្នាំថ្មី។ មានប្រសាសន៍ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែង នូវអំណរគុណ យ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន ដែលបានដាក់ទុនវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការវិនិយោគនេះ បានជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ពិសេសសេដ្ឋកិច្ចគ្រួសារ តាម រយៈការបង្កើតការងារ ជូនបងប្អូន ប្រជាពលរដ្ឋ នៅនិងកន្លែង និងក្មួយៗនិស្សិត ដែលបាន បញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យថ្មីៗ ហើយសកម្មភាពនេះ គឺបានឆ្លើយតបទៅ នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធសាស្រ្ត អភិវឌ្ឍ វិស័យធនធានមនុស្ស។ នាឱកាសនេះ លោកអ៊ុង គីគុង បានជម្រាប ជូនឯកឧត្តម រដ្ឋមន្រ្តី ជ្រាបថា បច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកបម្រើការ គ្រប់កម្រិត ថ្នាក់ចំនួនជាង ២ពាន់នាក់ ជារៀងរាល់ឆ្នាំក្រុមហ៊ុន បានផ្តល់អាហារូបករណ៍ ដល់និស្សិតចំនួន ១០០នាក់គ្រប់ជំនាញ ដែលគិត មកទល់បច្ចប្បន្ន មាននិស្សិត ៥ ជំនាន់ហើយស្នើនិង ៥០០ នាក់។ គិតមកទល់បច្ចុប្បន្ន ក្រុមហ៊ុនបាននាំ ផលិតផលស្រាបៀរអង្គរ ដែលជាផលិតផលស្រាបៀរ របស់កម្ពុជាដំបូងគេបង្អស់ ទៅកាន់ ១២ ប្រទេស រួមទាំងទីផ្សារប្រទេសចិនផងដែរ។ មានមតិណែនាំ ដល់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំឲ្យក្រុមហ៊ុន ពិនិត្យពិចារណាល ប្រើប្រាស់វត្ថុធាតុ ដើមក្នុងស្រុក ឲ្យអស់លទ្ធភាព ប្រយោជន៍ដើម្បីកាត់បន្ថយ បរិមាណនាំចូលពីបរទេស នេះម៉្យាង ម៉្យាងទៀត គឺជួយគាំទ្រផលិតផល កសិកម្មក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្រ្តី ស្នើសុំឲ្យក្រុមហ៊ុន សហការ ជាមួយវិស័យឯកជន ដោយអនុវត្តគោលការណ៍ នៃការធ្វើកសិកម្មតាមកិច្ចសន្យា ចៀសវាងនាំចូលវត្ថុធាតុដើម សម្រាប់ក្រុមហ៊ុន និងទុកដីឲ្យ នៅទំនេរចោល ដោយមិនបានទាញយកប្រយោជន៍។ អនាគត ឯកឧត្តមរដ្ឋមន្រ្តី ថានឹងគ្រោងរៀបចំកិច្ចប្រជុំមួយ រវាងក្រុមហ៊ុនផលិត ឬកែច្នៃ ជាមួយអ្នកវិនិយោគ ដើម្បីសិក្សាពីលទ្ធភាពផលិតវត្ថុធាតុដើម ដែលរោងចក្រត្រូវការ ហើយនេះក៏ជាឱកាស សម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ចែករំលែកបទពិសោធន៍ និងសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ រួចដាក់ចេញនូវយន្តការអនុវត្ត ជាក់ស្តែងមួយ សម្រាប់គ្រប់ ភាគីយកទៅអនុវត្ តឲ្យទទួលបានជោគជ័យ។