សិស្សបឋមសិក្សាឈូក ខេត្តកំពង់ធំ ទស្សនកិច្ចសិក្សា នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប

19​ 03 2018

សិស្សានុសិស្ស សរុបចំនួន២១០នាក់ មកពីសាលាបឋមសិក្សាឈូក ស្ថិត នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងសាលាបឋមសិក្សា វត្តព្រះហ៊ូត ស្ថិត នៅក្នុង ស្រុកជីក្រែង ខេត្តសៀមរាប បានធ្វើទស្សនៈកិច្ចសិក្សាមកកាន់ តំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប ដើម្បីទស្សនាសត្វខ្សឹប ដែលជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត នៅលើសាកលលោក និងស្វែង យល់អំពី ទីជម្រកធម្មជាតិរបស់ពួកវា នៅក្នុងតំបន់អភិរក្សនេះ។ ដំណើរទស្សនៈកិច្ចសិក្សានេះ រៀបចំដោយអង្គការWCS។ សិស្សានុសិស្សបានស្វែងយល់ ពីសារៈសំខាន់របស់សត្វខ្សឹប ដែលជាសត្វកម្រ និងងាយរងគ្រោះ។ បន្ថែមពីនេះការរៀបចំ ដំណើរទស្សនៈកិច្ចនេះ គឺដើម្បីឱ្យសិស្សានុសិស្សទាំងអស់ ចូលរួមក្នុងការការពារថែរក្សាសត្វព្រៃ របស់កម្ពុជា តាមរយៈការផ្សព្វផ្សាយ ឱ្យស្រឡាញ់សត្វព្រៃ។

សត្វខ្សឹប ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទរងគ្រោះ ជិតផុតពូជបំផុត ខណៈ ចំនួនរបស់វា នៅលើសាកលលោក មានតិចជាង ៨០០ក្បាល។ កម្ពុជា គឺជាប្រទេសដ៏សំខាន់ បំផុតនៅលើសាកលលោក ដើម្បីអភិរក្សសត្វខ្សឹបនេះ កុំឲ្យបាត់បង់ ខណៈចំនួនរបស់សត្វខ្សឹប នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ៤៣២ក្បាល។ ទីជម្រកវាលស្មៅ នៃតំបន់ទំនាបទន្លេសាប ក្នុងខេត្តកំពង់ធំ និងសៀមរាប គាំទ្រដល់ ការរស់នៅ របស់សត្វខ្សឹបច្រើនជាងគេបង្អស់នៅលើ សាកលលោក និងមានសារៈសំខាន់បំផុតសម្រាប់ការរស់រាន មានជីវិតរបស់ពួកវា។

តំបន់ការពារទេសភាព ទំនាបខាងជើងទន្លេសាប ត្រូវបានបង្កើតឡើងក្នុង នៅឆ្នាំ២០១៦ និង គ្របដណ្តប់លើផ្ទៃដី ៣១.១៥៩ហិកតា នៅក្នុងខេត្ត កំពង់ធំ និងសៀមរាប។ អង្គការWCS កំពុង ធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក្រសួងបរិស្ថានដើម្បីអភិរក្សតំបន់ ការពារទេសភាពទំនាបខាងជើង ទន្លេសាប និងសត្វស្លាបសំខាន់ៗ ដូចជាសត្វខ្សឹប ជាដើមតាមរយៈ សកម្មភាពជាច្រើន ដូចជា ការអនុវត្តន៍ច្បាប់ ការការពារសំបុកសត្វខ្សឹប គម្រោងនិរន្តរភាពស្រូវ និងការលើកកម្ពស់ ការ យល់ដឹង ដល់ប្រជាសហគមន៍ជាដើម។