សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើន

13​ 02 2018

នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រ​ ​ដល់និស្សិតសាកលវិទ្យាល័យ​វេស្ទើន​ប្រមាណ ៤,១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ និស្សិតដែលត្រូវទទួលសញ្ញាបត្រនៅព្រឹកនេះ រួមមានកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែល បានបញ្ចប់ការសិក្សា ដោយជោគជ័យ នាពេលនេះ។សម្តេចតេជោក៏បានថ្លែង នូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែង របស់សាកលវិទ្យាល័យវេស្ទើន ដែលកន្លងមកបានធ្វើការ បណ្តុះបណ្តាល និស្សិតកម្ពុជា បានប្រមាណជាង ១ម៉ឺន នាក់ រួចមកហើយ និងបានកំពុងធ្វើការបណ្តុះបណ្តាល និស្សិតជាង ៥០០០នាក់ បន្តែមទៀត ក្នុងនោះ និស្សិតដែលទទួលបានការងារធ្វើ មានប្រមាណជាង៣,០០០នាក់ផងដែរ។ សិស្សរៀនកាន់តែពូកែ គឺមានការបង់ប្រាក់ កាន់តែតិច នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលចង់បានបំផុត ដើម្បីចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងគុណភាពសិក្សា ហើយគុណភាពសិក្សា គឺជាបញ្ហាមួយ ដែលសាកលវិទ្យាល័យនីមួយៗត្រូវតែគិតគូរ ដើម្បីអោយធនធាមនុស្សរបស់យើង កាន់តែមានភាពរឹងមាំថែមទៀតនា ពេលខាងមុខ។

នៅពេលដែលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន តម្រូវការការងាររបស់យើង កាន់មានជាបន្តបន្ទាប់ ដែលទាមទារអោយមានធនធានមនុស្ស កាន់តែច្រើន។ បច្ចុប្បន្នកម្ពុជាយើងបាន ប្រើប្រាស់ធនធានមនុស្ស ពីខាងក្រៅ លើផ្នែកការសាងសង់សំណង់ផ្សេៗ ដោយសារតែយើងនៅខ្វះ ធនធានក្នុងស្រុក។ ដូច្នេះយើងត្រូវតែពង្រឹង សមត្ថភាពធនធានមនុស្ស អោយខ្លាំងក្លាថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កត់សំគាល់ថា ពេលដែលចូលដល់មហាវិទ្យាល័យ ចំនួននិស្សិតស្រីមានការថយចុះ ដែលកត្តាទាំងនេះ ហើយគឺទាមទារ អោយមានការសិក្សាស្រាវជ្រាវ និងពិភាក្សា រវាងក្រសួងអប់រំយុវជន និងកីឡានឹងអាណាព្យាបាល ក្នុងការស្វែងរកដំណោះស្រាយ និងដើម្បីជំរុញនិស្សិត ដែលជាស្រ្តីទទួលបានការបណ្តុះបណ្តាល លើវិស័យអប់រំនេះ អោយបានច្រើនបន្ថែមទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ជានិច្ចកាលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ ចំពោះវិស័យអប់រំ នៅកម្ពុជាក្នុង ការបណ្តុះបណ្តាល ធនធានមនុស្ស អោយមានសមត្ថភាព ដើម្បីធ្វើការអភិវឌ្ឍប្រទេស អោយមានការរីកចម្រើន។ ជាមួយគ្នានោះ រាជរដ្ឋាភិបាល បានខិតខំកសាងសលារៀន ជាច្រើនតាមបណ្តាជនបទនានា ហើយយើងក៏បានកំណត់ថា ក្នុងឃុំមួយ យ៉ាងហោចណាស់ ក៏ត្រូវមាន អនុវិទ្យាល័យ១ ផងដែរដើម្បីធ្វើការបណ្តុះបណ្តាល ធនធានមនុស្សយើង អោយកាន់តែមានភាពល្អប្រសើរឡើង។ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ ដ៏ចាំបាច់នានាដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ គឺជាផ្នែកមួយយ៉ាង សំខាន់សំរាប់ ជំរុញភាពលូតលាស់ នៃសេដ្ឋកិច្ចកម្ពុជា និងធ្វើអោយការរស់នៅ របស់ប្រជាលរដ្ឋ កាន់តែមានភាពល្អប្រសើរ។

កម្ពុជាបាននឹងកំពុងដាក់ចេញ នូវគោលនយោបាយជាតិ ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលជា គោលនយោបាយមួយ ក្នុងការជំរុញ វិស័យឧស្សាហកម្ម នៅកម្ពុជាអោយមានសន្ទុះ ទៅមុខ ដូចជាវិស័យ ឧស្សាហកម្មកាត់ដែរ ឧស្សាហកម្មកសិកម្ម និងឧស្សាហម្ម ទេចរណ៍ជាដើម ដែលវិស័យទាំងអស់នេះ នាពេលបច្ចុប្បន្នបាននឹងកំពុង ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។

ទាក់ទងនឹងបបញ្ហាចរាចរណ៍ នឹងការកាត់តទ្រុងឡានខុសបច្ចេកទេស កាលពីប៉ុន្មានថ្ងៃនេះ គឺមានឡានជាច្រើនរយគ្រឿង ត្រូវបានកាត់ទ្រុងចេញ ។ ឡានតទ្រុងខុសបច្ចេកទេសទាំងនេះ គឺមានរាប់ពាន់គ្រឿង។ សម្តេចតេជោ បានកត់សម្គាល់ឃើញថា នៅពេលដែលសម្តេច បានដាក់ចេញ នូវបទបញ្ជា គឺឃើញមន្រ្តី បានចាត់វិធានការធ្វើ។ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ សង្កត់ធ្ងន់ថាជាថ្មីម្តងទៀត តើមន្រ្តីយើង អនុវត្តច្បាប់ ឬអនុវត្តបទបញ្ជា? មន្រ្តី និងអាជ្ញាធម៌ពាក់ព័ន្ឋទាំងអស់ ត្រូវតែពង្រឹង ការអនុវត្តន៍ច្បាប់ អោយបានល្អជាប្រចាំ មិនមែនធ្វើ តែក្នុងពេលនាយករដ្ឋមន្រ្តី ចេញបទបញ្ជាទេ។

ក្រោយពីបានបញ្ជប់នូវការថ្លែងសន្ទរថា និងផ្តល់អនុសាសន៍សំខាន់ៗ រួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់ សញ្ញាបត្រ ដល់និស្សិតជ័យលាភី និងបានថតរូបអនុស្សាវរីយ៍ ក្នុងបរិយាកាសរីករាយក្រៃលែង៕