គណៈកម្មការស្ត្រី និងកីឡាបំផុសស្មារតីឲ្យយុវជនចូលរួម រត់កម្សាន្តដើម្បីសេក្តីស្រឡាញ់ ឲ្យបានច្រើនកុះករ នៅកោះពេជ្រ

08 02 2018

គណៈកម្មការស្ត្រីនិងកីឡា អមគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានបំផុសស្មារតីឲ្យយុវជនចូលរួមចុះឈ្មោះរត់កម្សាន្តនៅកោះពេជ្រ ក្នុងទិវារត់ដើម្បី សេក្តីស្រឡាញ់ នាព្រឹក ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ ចុងសប្តាហ៍នេះ ដើម្បីឲ្យយុវវ័យ យល់ដឹងឲ្យកាន់ តែច្បាស់ អំពីអត្ថន័យពិត នៃថ្ងៃ Valentine’s Day ១៤កុម្ភៈ ជៀសវាង ការយល់ច្រឡំ ពីអំពើ ខុសឆ្គង ប្រាសចាកពីវប្បធម៌ ដើមមកពីបរទេសមួយនេះ និងជះឥទ្ធិពល មិនល្អ ដល់ប្រពៃណី របស់ជាតិផងដែរ។

កញ្ញា តៃ លីដា អនុប្រធាន គណៈកម្មការស្ត្រី និងកីឡាអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ថា ទិវារត់កម្សាន្តដើម្បីសេក្តីស្រឡាញ់ ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធធ្វើឡើងជាលើកទី៥ ហើយក្នុងរយៈពេលជាច្រើនឆ្នាំ កន្លងមកនេះការផ្សព្វផ្សាយ ពីខ្លឹមសារពិតនៃ Valentine’s Day នេះបានជ្រួតជ្រាប ទៅក្នុងស្រទាប់យុវវ័យកម្ពុជាកាន់តែ ច្រើនឡើងៗ។អនុប្រធានរូបនេះបានះអាងថា សម្រាប់ការចុះឈ្មោះ ចូលរួមរត់កម្សាន្តឆ្នាំនេះមិនគិតថ្លៃឡើយដោយក្នុងគោលដៅធ្វើយ៉ាងណាឲ្យមានយុវជនចូលរួមឲ្យបានច្រើនកុះករ។មកដល់ថ្ងៃនេះ អ្នកចុះឈ្មោះបានចំនួនជាង២២០០នាក់ហើយ ខណៈការរំពឹងទុកថា មានអ្នកចូលរួមអាចនឹងកើនឡើងលើសពីឆ្នាំមុនៗ ។កាលពីឆ្នាំ២០១៧កន្លងទៅ ព្រឹត្តិការណ៍នេះទទួលបានអ្នកចូលរួមជាង២១០០នាក់ ដោយយុវជន ខ្មែរនានាកាន់តែយល់ដឹងអំពីទិវានៃក្តីស្រឡាញ់ នេះ គឺជាការគោរពប្រតិបត្តិ ចំពោះមនុស្សម្នាទូទៅមិត្តភ័ក្ត្រ ញាតិសណ្តានឬឪពុកម្តាយមិនមែនជាលះបង់ខ្លួនប្រាណចំពោះបុរសជាគូសង្សានោះឡើយ។      

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ឆ្នាំមុនមានអ្នកចូលរួម ប្រមាណជិត២ពាន់នាក់។ ដោយឡែកសម្រាប់ឆ្នាំ២០១៨ គិតត្រឹមពេល នេះ មានការកើនឡើង រហូតដល់ជាង៣ពាន់នាក់ ដែលចំនួននៃការកើនឡើងនេះ គឺមកពី មហាជន មានការយល់ដឹង កាន់តែច្បាស់ ពីគោលបំណងនៃការបង្កើត ព្រឹត្តិការណ៍ Run For Love ។

ឯកឧត្ដមបញ្ជាក់ថា គោលបំណងសំខាន់នៃព្រឹត្តិការណ៍នេះគឺចង់ឲ្យមហាជនយល់ដឹងពីទិវា បុណ្យសេចក្ដីស្រលាញ់ គឺសំដៅលើការស្រលាញ់រវាងឪពុកម្ដាយ បងប្អូន និង មិត្តភ័ក្ដិ ជាដើម ពោលមិនមែន សំដៅលើសេចក្ដីស្នេហា ខុសប្រពៃណីរវាង កំលោះ ក្រមុំ ឡើយ។ សម្រាប់ ថវិកា ដែលទទួលបានពីព្រឹត្តិការណ៍នេះ គណៈកម្មាធិការនឹងយកទៅជួយឧបត្ថម្ភដល់សាលារៀនដែលមានការខ្វះខាត នៅជុំវិញរាជធានី ឬតាមបណ្ដាខេត្តផ្សេងៗ។

សូមបញ្ចាក់ថា នៅឆ្នាំនេះគឺជាឆ្នាំទី៥ នៃការបង្កើតព្រឹត្តិការណ៍នេះសម្រាប់ទីតាំងឆ្នាំ២០១៨ គ្រោងធ្វើឡើងនៅកោះពេជ្រដែលត្រូវបានចែកជា២វិញ្ញាសាធំៗ គឺវិញ្ញាសារត់ចម្ងាយ ៣គីឡូ ម៉ែត្រនិង៥គីឡូម៉ែត្រ។ការចុះឈ្មោះអាចទាក់ទងទៅគណៈកម្មាធិការ ជាតិអូឡាំ ពិក កម្ពុជា ឬតាមរយៈក្រុមហ៊ុន Smart ៕