សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម

28 01 2018

នៅរសៀល ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ​​ ជាមួយ លោក តូ ឡាំ(TO LAM) រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោក TO LAM បានជំរាបជូនសម្តេចតេជោ អំពីស្ថានភាពប្រទេសវៀតណាម ដែលទទួលបានជោគជ័យ លើការគ្រប់គ្រងសេដ្ឋកិច្ច និងសង្គម សុវត្ថិភាពសាធារណៈ ហើយចំពោះទំនកា់ទំនងការទូត ក៏ទទួល ជោគជ័យផងដែរ កាលពី ឆ្នាំ២០១៧កន្លងទៅនេះ។ ចំពោះដំណើរទស្សនកិច្ច មកកម្ពុជាពេលនេះ គឺដើម្បីជួបប្រជុំការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការ រវាងក្រសួងទាំងពីរ ហើយនឹងលើកទិសដៅ សម្រាប់ការអនុវត្តរួមគ្នា នៅឆ្នាំ២០១៨ នេះផងដែរ។

ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងទំាង២ ដែលបានសម្រេច និងកំណត់ក្នុងឆ្នាំកន្លងមក គឺទទួលបាន។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនង រវាងក្រសួងទាំងពីរ បានខិតខំពង្រឹងទប់ស្កាត់ នូវឧក្រិដ្ឋកម្ម នៅតាមព្រំដែន ឧក្រិដ្ឋកម្មឆ្លងដែន និងបានជំរុញកិច្ចសហប្រតិបត្តិការ នៅតាមព្រំដែន រឹងមាំថែមទៀត ដែលធ្វើឱ្យប្រជាជននៅតាមព្រំដែនរស់ នៅមានសុវត្ថិភាព គ្មានការភិតភ័យ និងប្រកបរបរអាជីវកម្មតូចធំងាយស្រួល ជាមួយ នឹងទំនាក់ទំនងគ្នា យ៉ាងល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ច សហប្រតិបត្តិការរវាងក្រសួង នគរបាលវៀតណាម និង ក្រសួងមហាផ្ទៃកម្ពុជា ដែលបានខិតខំធ្វើការ ជាមួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសការទំនាក់ទំនង សហការជាមួយគ្នាបានល្អ ដោយមានការយោគយល់គ្នាខ្ពស់ រវាងខេត្តនឹងខេត្ត នៅជាប់ព្រំដែន រវាងប្រទេសទាំងពីរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍បន្ថែមឱ្យក្រសួងទាំងពីរ គឺក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម បន្តសហការគ្នា ជាពិសេស លោក TO LAM និង សម្តេចក្រឡា ហោម ស ខេង បន្តធ្វើការរួមគ្នា ដើម្បីពង្រឹងការងារសន្តិសុខសុវត្ថិភាព រវាងប្រទេសទាំងពីរ អោយកាន់តែល្អប្រសើរឡើង៕