អ្នកទេសចរ​ កំពុងចាប់អារម្មណ៍សក្តានុពលអេកូទេសចរណ៍ធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តពោធិ៍សាត់

11 01 2018

កន្លងមកភ្ញៀវទេសចរបរទេស​ ចម្រុះជាតិសាសន៍ បានសម្រុកចូលមកទស្សនា តំបន់អេកូទេសចរណ៍ធម្មជាតិ ក្នុងស្រុកវាលវែង ​ជាពិសេសតំបន់ ឃុំអូរសោម។ លោក យ៉ត ស៊ីថា មន្ត្រីឧទ្យានុរក្ស នៃតំបន់ការពារធម្មជាតិភ្នំសំកុស បានលើកឡើងថាស្ទើរជារៀងរាល់ថ្ងៃ មានភ្ញៀវទេសចរបរទេស មក ទស្សនាក្នុងតំបន់ការពារធម្មជាតិ ជាក្រុមគ្រួសារ និងជាក្រុមចម្រុះជាតិសាសន៍ មកទស្សនាធនធានធម្មជាតិ ជាពិសេសនៅតំបន់អូរសោម និងជួរភ្នំក្រវាញ ដែលមានទេសភាពស្រស់ត្រកាល ពោរពេញដោយទេសភាព និងធនធានធម្មជាតិល្អប្រណីត។ លោក ប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានលើកឡើងថាមន្ទីរមានគម្រោង កែប្រែជីវភាព សហគមន៍ ដោយការអភិវឌ្ឍន៍អេកូទេសចរណ៍ និងរៀបចំឲ្យមាន ប្រព័ន្ធអេកូទេសចរណ៍សំរាប់ឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ដោយឡែកមន្ត្រីឧទ្យានុរក្ស ក៏បានប្រែក្លាយជាមគ្គុទេសទេសចរ និងជាអ្នកការពារ ធនធានធម្មជាតិផងដែរ។ សូមបញ្ជាក់ថា មន្ទីរបរិស្ថានខេត្តពោធិ៍សាត់គ្រោងរៀបចំនៅគ្រប់ស្នាក់ការតំបន់ និងសហគមន៍តំបន់ ការពារធម្មជាតិឱ្យ មានកន្លែងផ្តល់ពត៌មាន ទេសចរ និងមានសេវានាំភ្ញៀវទេសចរនៅថ្ងៃខាងមុខ៕