សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើសន្និសីទ សារព័ត៌មានរួម​ ជាមួយសហប្រធានប្រទេសចិន

10 01 2018

បន្ទាប់ពីបានអញ្ជើញ​ ក្នុងពិធីផ្ទេរតំណែង នៃកិច្ចប្រជុំសហប្រតិបត្តិការមេគង្គ-ឡានឆាង (Mekong-Lancang)អោយទៅប្រទេសឡាវរួចហើយ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ជាមួយសហប្រធានប្រទេសចិន ដែលមានការ ចូលរួមពីប្រមុខដឹកនាំប្រទេស៤ទៀត និងពីបណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើនរូបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដោយសោមនស្សថា កិច្ចប្រជុំថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងល្អពេញចិត្ត ពីព្រោះប្រទេស ទាំងអស់ បានពិនិត្យឡើងវិញ នូវវឌ្ឍនៈភាពដែលសម្រេចបានចាប់ពីកិច្ចប្រជុំលើកទី ១ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន កាលពីខែ មីនាឆ្នាំ ២០១៦ កន្លងទៅ។ មិនដល់២ ឆ្នាំផង យើងបានជំរុញយន្តការអនុតំបន់ថ្មីនេះ អោយក្លាយជាគម្រោង កិច្ចប្រតិបត្តិការដ៏ពេញលេញមួយ។ ចំពោះ សមត្ថភាពស្ថាប័ន គឺយើងកសាងបាននូវរចនា សម្ព័ន្ធប្រតិបត្តិការការងារពហុស្រទាប់ និងយន្តការអនុវត្ត ដែលមានលក្ខណៈរឹងមាំ និងពេញលេញ ហើយមានទំនុកចិត្ត យ៉ាងមុតមាំថាយន្តការទាំងនេះ នឹងជំរុញឲ្យប្រទេសជាសមា ជិកទាំង៦ អាចធ្វើដំណើរបានកាន់តែលឿនឆ្ពោះ ទៅរកគោលដៅ នៃការប្រែក្លាយកិច្ច សហប្រតិបត្តិការមេគង្គ-ឡាងឆាង ទៅជាសហគមន៍មួយ ដែលមានអនាគត សន្តិភាព និងវិបុលភាពរួមគ្នា ។

នៅក្នុងចំណោមបណ្ដាយន្តការនានា យើងបានបង្កើតឡើងនូវលេខាធិការ ដ្ឋានអង្គភាព សម្របសម្រួលថ្នាក់ជាតិ នៅក្នុងប្រទេសជាសមាជិកទាំង៦ និងបានជំរុញក្រុមការងារ រួមសម្រាប់វិស័យអាទិភាពសំខាន់ៗ នៃសហប្រតិបត្តិការ ឲ្យមានសកម្មភាពរស់រវើក។ បណ្ដាស្ថាប័នមួយចំនួន ផ្សេងទៀត ក៏នឹងត្រូវបានបង្កើត ឡើងផងដែរ ដើម្បីជួយគាំទ្រ ដល់កិច្ចសហការមេគង្គ-ឡាន ឆាង រួមមានជាអាទិ៍: មជ្ឈមណ្ឌលសហប្រតិបត្តិការ ធនធានទឹក ,មណ្ឌលកិច្ច សហប្រតិបត្តិការបរិស្ថាន មេគង្គ-ឡានឆាង និងមជ្ឈមណ្ឌលសិក្សាទន្លេមេគង្គជាដើម។

ក្នុងការដាក់ចេញ ឲ្យអនុវត្តនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់សាធារណរដ្ឋប្រជាមានិតចិន ដើម្បីទ្រទ្រង់ បណ្ដា គម្រោងខ្នាតតូច និងមធ្យម, គឺយើងបានកត់សម្គាល់ប្រកប ដោយក្ដីសោម នស្ស និងពេញចិត្តចំពោះ គម្រោងទាំង១៣២ ក្នុងក្រុមគម្រោងដំណាក់ កាលទី១ ដែលទ្រទ្រង់ដោយមូលនិធិ ពិសេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០១៧ ត្រូវបានអនុវត្តជាលំដាប់យ៉ាងខ្ជាប់ខ្ជួន។

កិច្ចប្រជុំថ្ងៃនេះពួកយើង បានឈានដល់ការសម្រេចបាន នូវកុងសង់ស៊ីស និងអនុម័ត នូវឯកសារសំខាន់ៗចំនួនពីរគឺ ១) សេចក្ដីថ្លែងការណ៍ ទីក្រុង ភ្នំពេញ នៃកិច្ចប្រជុំថ្នាក់ដឹកនាំ នៃកិច្ចសហប្រតិបត្តការមេគង្គ-ឡានឆាងលើកទី២ និងទី ២) ផែនការសកម្មភាព៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង២០១៨-២០២២។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវមោទនៈភាព ចំពោះរាល់សមិទ្ធផល ដែលសម្រេចបានដោយសុទិដ្ឋិនិយមខ្ពស់ចំពោះអនាគត នៃកិច្ចសហប្រតិការមេគង្គ-ឡានឆាងនេះ និងបានថ្លែងអំណរគុណ ដល់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះតួនាទីដឹកនាំ ក្នុងការ ពន្លឿន របៀបវារៈនៃកិច្ច សហប្រតិបត្តិការមេគង្គ-ឡានឆាង និងចំពោះការគាំទ្រឥតងាករេ លើភាពជាសហប្រធាន របស់កម្ពុជាក្នុងអំឡុងពេល ២ឆ្នាំ​កន្លងមកនេះ។ បន្ទាប់ពីសន្និសីទកាសែត នេះហើយ គឺប្រមុខដឹកនាំប្រទេសទាំង៦ បានអញ្ជើញពិសារអាហា រពេលល្ងាចរួមគ្នា នៅវិមានសន្តិភាព ប្រកបដោយ ភាពស្នីទស្នាល និងសប្បាយរីករាយក្រៃលែង៕