រដ្ឋមន្ត្រីពាណិជ្ជកម្ម ដាក់សម្ពោធផ្លូវបេតុងប្រវែង ៩០០ម៉ែត្រ ទុកជាចំណងដៃឆ្នាំថ្មី ជូនប្រជាពលរដ្ឋក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម

09 01 2018

ដើម្បីសម្រួល ដល់ការធ្វើដំណើររបស់ប្រជាជន នៅក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងការប្រកបមុខរបរ និងធ្វើពាណិជ្ជកម្មផ្សេងៗ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកព្រៃឈរ បានដាក់ឲ្យដំណើរការផ្លូវបេតុងចំនួន ១ខ្សែ ប្រវែង ៩០០ម៉ែត្រ ដែលបានចំណាយ ថវិកាសាងសង់ អស់ប្រមាណជាង ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិក តាមរយៈក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំស្រង៉ែ រួមជាមួយសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ថ្លែងនៅក្នុងពិធីសម្ពោធ ដែលរៀបចំឡើង កាលពីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងអំពីសារៈសំខាន់ នៃសន្តិភាព ដែលជាបច្ច័យនាំឲ្យ មានការអភិវឌ្ឍនៅគ្រប់ទីកន្លែង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿន វឌ្ឍនភាព នៃការអភិវឌ្ឍប្រទេស ឲ្យបានខ្លាំងក្លាថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គុទ្ទេសក៍ដ៏ឆ្នើម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាប ជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល ក្នុងដំណើរការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម និងលើក កម្ពស់ ជីវភាពរស់នៅ របស់ប្រជាជន និងមន្ត្រីរាជការទូទាំងប្រទេស។ «នៅឆ្នាំ២០១៨ នេះរាជរដ្ឋាភិបាល បានដាក់ឲ្យដំណើរការមូល និធិថែទាំ សុខមាលភាពជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និវត្តជន ក្រុមប្រឹក្សាគ្រប់ជាន់ថ្នាក់ និងមន្ត្រីភូមិ និងកំពុងបន្តរៀបចំ នូវការគាំពារ សង្គមខាងសុខភាព និងហានិភ័យផ្សេងៗទៀត ឲ្យមានវិសាលភាពគ្របដណ្តប់សម្រាប់ប្រជាជនទូទៅ» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ផ្លូវបេតុងថ្មីដែលបានដាក់សម្ពោធនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងការសម្រេចចិត្តត្រឹមត្រូវ របស់ ថ្នាក់ដឹកនាំស្រុក និងឃុំស្រង៉ែ ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុង លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការបែងចែកកំណើនប្រកបដោយសមធម៌ ជាពិសេសចូលរួមអនុវត្តន៍គោលការណ៍នៃអភិបាលកិច្ចល្អ សំដៅជួយសម្រួល និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

«ខ្ញុំសង្ឃឹមថា ផ្លូវថ្មីនេះនឹងលើកស្ទួយមុខមាត់ស្រុកព្រៃឈរ និងឃុំស្រង៉ែ ដែលជាបេះដូងនៃខេត្តកំពង់ចាម។ ថ្វីបើបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធជាតិ មាន វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្តី ប៉ុន្តែយើងមិនបញ្ឈប់ សកម្មភាពត្រឹមនេះឡើយ គឺយើងនៅតែបន្តកសាង ជួសជុល និងកែលម្អទាំងហេដ្ឋា រចនា សម្ព័ន្ធចាស់ និងថ្មីបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការធ្វើសកម្មភាពពាណិជ្ជកម្មផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំង ប្រទេស» ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងបន្ថែម។
គួររំលឹកដែរថា កន្លងមកក្រុមការងារថ្នាក់ជាតិចុះជួយស្រុកព្រៃឈរ ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកសាងនូវសមិទ្ធផលជាច្រើនដូចជា ធ្វើការជួសជុលផ្លូវ សាងសង់ផ្ទះ ព្រះវិហារ កសាងអណ្តូងទឹក ជីកប្រឡាយ ដាក់ប្រព័ន្ធលូ ផ្តល់ស្បៀងអាហារ និងសម្ភារប្រើប្រាស់ជូនប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ។ លើសពីនេះ ក្រុមការងារ តែងបានធ្វើការឧបត្ថម្ភជាសម្ភារៈ និងថវិកាដល់ស្ត្រីឆ្លងទន្លេ និងគ្រួសារដែលមាន សមាជិក សមាជិកាទទួលមរណភាព ក៏ដូចជាទ្រទ្រង់សកម្មភាពសង្គមផ្សេងៗ រួមមានកីឡា និងសាសនាផងដែរ។

ជាក់ស្តែងនៅពេលឆាប់ៗខាងមុខនេះ ក្រុមការងារ នឹងធ្វើការដាក់សម្ពោធ ឲ្យប្រើប្រាស់ផ្លូវលំក្រាលគ្រួសក្រហម ១ខ្សែទៀត មានទីតាំងស្ថិត នៅក្នុង ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ផ្លូវលំនេះ មានបណ្តោយប្រវែង ១,៦១០ម៉ែត្រ និងទទឹងប្រវែង ៦ម៉ែត្រ ចាក់គ្រួស-ដីស កម្រាស់ ០,៣ម៉ែត្រ និងមានទទឹងខ្នងលើប្រវែង ៤ម៉ែត្រ ក្រាលគ្រួសក្រហមកម្រាស់ ០,១៥ម៉ែត្រ ចំណាយថវិកាសាងសង់អស់ប្រមាណជិត ៧០លានរៀល តាមរយៈកិច្ចសហការ រវាងក្រុមការងារចុះពង្រឹងឃុំព្រៃឈរ និងអាជ្ញាធរឃុំ។ បច្ចុប្បន្ន ផ្លូវលំមួយខ្សែនេះ ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរ ទៅមកជាបណ្តើរៗ រួចហើយ៕