រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើប្រតិភូកសិកម្មចិន វិនិយោគលើដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីជំរុញការនាំចេញ

04 01 2018

នៅក្នុងជំនួបជាមួយប្រតិភូ កសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យ កែច្នៃផលិត ផល កសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន កាលពីរសៀលថ្ងៃទី០៤ ខែមករា​ ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បាន ស្នើភាគីចិនធ្វើការអភិវឌ្ឍ ចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផល ទាំងពីរនេះ ឲ្យបាន អតិបរិមា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញ ខ្ពស់ របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់ នៅលើទីផ្សារ។ ឯកឧត្តមបានគូសបញ្ជាក់ថា កម្ពុជា កំពុងចងក្រងគោល នយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើ ពិពិធកម្មវិស័យ ការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។

«កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផល ទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន» ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។

ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មាន អំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោក បានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគ លើការអភិវឌ្ឍចង្វាក់តម្លៃ នៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។

ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជូនអនុសាសន៍ដល់ ឯកឧត្តមរដ្ឋមន្ត្រី លើកយកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិន ដែលនឹងអញ្ជើញអមដំណើរ ឯកឧត្តម លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សន កិច្ចផ្លូវការ នៅកម្ពុជា នាដើមសប្តាហ៍ក្រោយ។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ ២០១៦ ប្រទេសទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤,៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញ របស់កម្ពុជាមាន ទឹកប្រាក់ ៨៣០លានដុល្លារ និងនាំចូល ៣,៩០០លានដុល្លារ។ ចិន គឺជាប្រទេស វិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគ របស់ចិនមានចំនួន ៥,០០០,១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គិសនី។ ដោយឡែកភ្ញៀវ ទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨ នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕