កិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែតុលា និងខែវិច្ឆិកា គ.ស ២០១៧

05​ 12 2017

នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹក ជញ្ជូន តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលត្រួត ពិនិត្យអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែតុលា និងខែវិច្ឆិកា គ.ស ២០១៧ ដោយមានការចូលរួម ពីសមាជិកគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និង មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់ លើការតាក់តែង លិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ និងឯកសារជំនាញ លទ្ធផលត្រួតពិនិត្យ រឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហាប្រឈម និងទិសដៅការងារ អនុវត្ត បន្ត។

សូមជម្រាបជូនថា គ្រោះថ្នាក់ចរាចរណ៍ ខែតុលា ឆ្នាំ២០១៧នេះមាន ចំនួន២២៧ករណី បណ្តាលឱ្យស្លាប់ចំនួន១១២នាក់ និង របួសចំនួន៣០៨នាក់ ភាគច្រើន នៅរាជធានីភ្នំពេញ។ ចំនួនជនរងគ្រោះ គិតជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៣,៦នាក់ និងរបួសចំនួន១០នាក់ បើប្រៀប ធៀបនឹងរយៈពេលដូចគ្នានៃខែកញ្ញា (ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចុះចំនួន៥៨ករណី ស្មើនឹង ២០% ស្លាប់ថយចុះចំនួន៤៦នាក់ ស្មើនឹង២៩% និងរបួសថយចុះចំនួន ១២៩នាក់ស្មើនឹង៣០% ប៉ុន្តែបើ ប្រៀបធៀប នឹង រយៈពេលនៃខែតុលា (ឆ្នាំមុន) ឆ្នាំ២០១៦ គ្រោះថ្នាក់ថយចុះចំនួន៥៤ករណី ស្មើនឹង១៩% ស្លាប់ថយចុះចំនួន ១២នាក់ ស្មើនឹង ១០% និងរបួសថយចុះចំនួន ៣៣៦នាក់ស្មើនឹង៥៤%។

ចំណែកខែវិច្ឆិកាវិញ គ្រោះថ្នាក់ចរាចរណ៍មានចំនួន ២៧៦ករណី បណ្តាលឱ្យស្លាប់ចំនួន១៤៨ នាក់ និងរបួសចំនួន៥៧៧ ធៀប នឹងរយៈពេលដូចគ្នា នៃខែតុលា(ខែមុន) ឆ្នាំ២០១៧ គ្រោះថ្នាក់កើនឡើង ចំនួន៥២ករណី ស្មើនឹង២៤% ស្លាប់ចំនួន៣៨នាក់ ស្មើនឹងចំនួន៣៥%។ ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមរដ្ឋលេខាធិការ តូច ចាន់កុសល់ បានសំណូមពរ ឱ្យអនុគណៈកម្មការ សុវត្ថិភាព ចរាចរណ៍ផ្លូវ គោក ពិនិត្យមើលពីស្ថានភាពនេះ ឱ្យបានម៉ត់ចត់ និងស្នើឱ្យបន្តយុទ្ធនាការ ចែកមួកសុវត្ថិភាពថែមទៀត ដើម្បីជួយកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរិមា តាមដែលអាចធ្វើទៅបាន។