រដ្ឋមន្ត្រីពាណិជ្ជកម្ម ស្នើដល់មន្ត្រីពង្រឹងកិច្ចសហការដើម្បីបម្រើប្រជាជន

05 12 2017

នៅក្នុងឱកាស ចុះសំណេះសំណាល ជាមួយមន្ត្រី នៃមន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានសំណូមពរដល់មន្ត្រីទាំងអស់ ពង្រឹងកិច្ចសហការគ្នា ដើម្បី បម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព សំដៅឆ្លើយតបនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា​កាំកុងត្រូល ខេត្តកំពង់ស្ពឺ សូមបន្តសកម្មភាព ក្នុងការផ្តល់ សេវាសាធារណៈ និងចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារ តាមហាងទំនិញ និងទីផ្សារ ក៏ដូចជាចុះត្រួតពិនិត្យ នៅតាមស្ថានីយ៍ ប្រេងឥន្ធនៈ ដើម្បីទប់ស្កាត់ទំនិញ ខូចគុណភាព ការលួចបន្លំ បរិមាណឬគុណភាពប្រេង និងប្រតិបត្តិការធុរកិច្ចបែបទុច្ចរិត ដោយ ធ្វើឲ្យការប្រកួតប្រជែង មានសមភាព និងអ្នកប្រើប្រាស់ ប្រកបដោយការជឿជាក់។ ទន្ទឹមនឹងនេះដែរ មន្ត្រីកាំកុងត្រូលក៏ត្រូវចុះ អប់រំ ដល់សិស្សានុសិស្ស និងប្រជាជន មុននឹងទិញទំនិញ ត្រូវពិនិត្យមើលការបរិច្ឆេទ ការវិចខ្ចប់ អនាម័យ កំប៉ុងកំពិត ឬមាន ជ្រេះ ជាដើម ដែលអ្នកលក់កង្វះអនាម័យ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តទៀតថា ដើម្បីជួយសម្រួលដល់ការនាំទំនិញ និងកសិផលឆ្លងកាត់ព្រំដែន ក្រសួងបាន ធ្វើប្រតិភូ កម្មលើការចេញវិញ្ញាបនប័ត្រ បញ្ជាក់ប្រភពដើមទំនិញ (CO) ជូនមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងប៉ៃលិន។ ប្រសិនបើកិច្ចការ នេះ អាចដំណើរ ការដោយរលូន ក្រសួងនឹងពង្រីក ការផ្តល់សេវា CO ជូនមន្ទីរពាណិជ្ជកម្ម នៅក្នុងខេត្តផ្សេងៗថែមទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានសំណូមពរដល់មន្ត្រីទាំងអស់ ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និង ខិតខំពង្រឹង សមត្ថភាព ភាសាចំនួនបី (ភាសាជំនាញ ភាសាកុំព្យូទ័រ ភាសាអង់គ្លេស) ដើម្បីជាទុនក្នុងការងារ បំពេញការងារប្រចាំថ្ងៃ និងការ ផ្តល់សេវាសាធារណៈជូនវិស័យឯកជន នៅក្នុងខេត្តកំពង់ស្ពឺ។ ជាចុងក្រោយ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានប្រគល់ថវិកាចំនួន ២លាន រៀល និងសម្ភារៈ ការិយាល័យមួយចំនួន ជូនថ្នាក់ដឹកនាំមន្ទីរ មន្ទីរពាណិជ្ជកម្ម និងសាខាកាំកុងត្រូល ខេត្តកំពង់ស្ពឺ ដើម្បី ប្រើប្រាស់ ក្នុងការចំណាយទៅតាមតម្រូវការជាក់ស្តែង៕