សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិប៉េកាំង រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព

29 11 2017

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃ​ព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព កាល​ពី​វេលាម៉ោង១៣និង២៥នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន ត្រូវនឹងម៉ោង១២និង៣២៥នាទី ម៉ោងនៅ​រាជ​ធានី​ភ្នំពេញ ប្រទេសកម្ពុជា ដើម្បី​អញ្ជើញ​ចូលរួម​កិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្ស​នយោបាយនានា លើពិភព​លោក ដែល​នឹងប្រារព្វធ្វើឡើង ពីថ្ងៃទី២៩វិច្ឆិកា ដល់ថ្ងៃទី២ធ្នូ។ យន្តហោះពិសេស របស់​ព្រះរាជាណាចក្រកម្ពុជា ជើង​ហោះ​ហើរ​លេខ០០១ បានធ្វើការចុះចត ប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋាន​អន្តរជាតិប៉េកាំង ក្រោមវត្តមាន នៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់បំផុតពី ឯកឧត្តម វ៉ាង យ៉ា​ជុន អនុរដ្ឋមន្រ្តីនៃគណះទាក់ទងការបរទេស នៃគណះកម្មាធិការ​មជ្ឈឹម​​បក្សកុម្មុយនីស្តចិន លោកជំទាវ ខែក កែម៉ា​លី ស៊ីសូដា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពរបស់ ព្រះរាជា​ណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជា​មានិតចិន ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន រដ្ឋាភិបាលចិន និងឥស្សរជនការទូត របស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប។ តាមកម្មវិធី ដែលបានគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញ​ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង អគ្គលេខាធិការ នៃគណះកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តចិន និង​ជាប្រធានាធិបតី នៃសាធារណរដ្ឋ​ប្រជា​មា​និតចិន នារសៀលថ្ងៃទី១ធ្នូ មុនពិធី បើកកិច្ចសន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្សនយោ​បាយ​នានា លើពិភពលោក ដែលគ្រោងប្រារព្វធ្វើ ឡើង នៅថ្ងៃដដែលនោះដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ​នាយក​រដ្ឋ​មន្រ្តី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញ ថ្លែងសុន្ទរកថាគន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃ​កិច្ច​សន្ទនាថ្នាក់ខ្ពស់ រវាងគណបក្សកុម្មុយនីស្តចិន ជាមួយគណបក្ស នយោបាយ​នានា លើពិភពលោក ក្រោមប្រធានបទ រួមគ្នាកសាងសហគមន៍ នៃអនាគតរួម សម្រាប់មនុស្សជាតិ និងពិភព លោក ស្រស់ស្អាត រួមទាំងការ អញ្ជើញ​ទស្សន​កិច្ច​ តំបន់ប្រវត្តិសាស្រ្តមួយចំនួន ក្នុងរដ្ឋធានីប៉េកាំង និងជួបជាមួយបណ្តាក្រុម ហ៊ុនចិនមួយចំនួន ដែលកំពុង​វិនិយោគ​ក្នុងប្រទេសកម្ពុជាផងដែរ។