កម្ពុជា-ចិន ចុះអនុស្សរណ:ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក

13​ 11 2017

កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងពាណិជ្ជកម្ម តំណាងឲ្យឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទី បានទទួលជួបពិភាក្សាជា​មួយ ឯកឧត្តម WANG Bingnan អនុរដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​ នៃសាធារណរដ្ឋ ប្រជាមានិតចិន លើការពង្រឹង ពាណិជ្ជកម្មទ្វេភាគី និងពិនិត្យឡើងវិញ លើលទ្ធផលនៃកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។

ក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរបានផ្តោតសំខាន់ ទៅលើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក (E-Commerce) និងបានចុះ ហត្ថលេខា​ លើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បីជំរុញវិស័យនេះនៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាធាតុផ្សំដ៏សំខាន់មួយ សម្រាប់យុទ្ធសាស្ត្រចតុកោណ របស់ រាជរដ្ឋាភិបាលកម្ពុជា និងជាផ្នែកមួយនៃគំនិតផ្តួចផ្តើមផ្លូវមួយ ខ្សែក្រវ៉ាត់មួយ (One Belt One Road Initiative) របស់រដ្ឋាភិបាល ចិន ដែលអាចទាក់ទាញ ការវិនិយោគកាន់តែច្រើន ពីប្រទេសចិនមកកម្ពុជា ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរយៈអនុស្សរណៈនេះ ភាគីទាំងពីរ នឹងសហការគ្នា ដើម្បីបង្កើតបរិយាកាសឲ្យមានអំណោយផល សម្រាប់ការអភិវឌ្ឍ ពាណិជ្ជកម្ម តាមអេឡិចត្រូនិក ក្រោមគោលបំណងទទួលបានផលប្រយោជន៍ទៅវិញទៅមក ដែលមានដូចខាងក្រោម៖

•ភាគីទាំងពីរ នឹងស្វែងយល់គ្រប់ច្រកល្ហក ក្នុងកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្មតាមអេឡិចត្រូនិក ដូចជាការសិក្សារួម កម្មវិធី បណ្ដុះបណ្ដាលសមត្ថភាព ជំនួយបច្ចេកទេសលើការបង្កើតក្របខណ្ឌច្បាប់ និងការអនុវត្តច្បាប់ ព្រមទាំងចែករំលែក បទ ពិសោធន៍ ស្ដីពីការកំណត់គោលនយោបាយ និងការគ្រប់គ្រងពាណិជ្ជកម្ម តាមអេឡិចត្រូនិក ដោយរដ្ឋាភិបាល។ល។

•ភាគីទាំងពីរ នឹងលើកទឹកចិត្ត ឲ្យសហគ្រាស ធ្វើកិច្ចសហប្រតិបត្តិការ លើពាណិជ្ជកម្មតាមអេឡិចត្រូនិក រួមមានការជំរុញ ពាណិជ្ជកម្ម លើផលិតផល ទៅវិញទៅមកពីប្រទេសរៀងៗខ្លួន តាមរយៈពាណិជ្ជកម្មតាមអេឡិចត្រូនិក។

•ភាគីទាំងពីរ នឹងគាំទ្រសកម្មភាពសហប្រតិបត្តិការ លើពាណិជ្ជកម្មតាមអេឡិចត្រូនិក តាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ អាជីវកម្ម ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព និងការផ្លាស់ប្ដូរបទពិសោធន៍អនុវត្តល្អៗ និងនវានុវត្ដថ្មីៗ។

ដើម្បីឲ្យវិស័យពាណិជ្ជកម្មអេឡិច ត្រូនិកប្រសើរឡើង កម្ពុជានឹងត្រៀមខ្លួនរៀបចំ ១-យុទ្ធសាស្ត្រពាណិជ្ជកម្មអេឡិចត្រូនិក ២-ហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងទូរគមនាគមន៍ ៣-កិច្ចសម្រួលពាណិជ្ជកម្មអេឡិចត្រូនិក ៤-Online Payment Gateway និង ៥-ធនធានមនុស្ស​លើវិស័យអេឡិចត្រូនិក។ ជាមួយគ្នានេះដែរ កម្ពុជាបានសំណូមពរ ឲ្យភាគីចិនបង្កើតកម្មវិធី ទស្សនកិច្ចសិក្សា និងបណ្តុះបណ្តាលសមត្ថភាព ដល់មន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ធនាគារជាតិ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាដើម។ ក្នុងឱកាសនោះដែរ ឯកឧត្តម កឹម ស៊ីថន បានជម្រាបភាគីចិនអំពីទំហំពាណិជ្ជកម្ម សរុបរវាងកម្ពុជា-ចិនឆ្នាំ២០១៦ ដែលមានចំនួន ៤,៧៦០ លានដុល្លារអាមេរិក (កើនឡើងប្រមាណ ៧.៣% បើធៀបនឹងឆ្នាំ២០១៥) ជាពិសេសរហូត​មកដល់ បច្ចុប្បន្ន ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឈានឡើង​លើសពី ៥,០០០ លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ ដែលចំនួន​នេះ លើសពីការរំពឹងទុក ដែលកំណត់ដោយថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។ ឯកឧត្តមអនុរដ្ឋមន្ត្រីចិន មានជំនឿថា ក្រោយ ពីមាន កិច្ចសហប្រតិបត្តិ លើ​វិស័យពាណិជ្ជកម្ម អេឡិចត្រូនិកនេះ ទំហំពាណិជ្ជកម្មរវាងប្រទេស​ទាំងពីរកាន់តែមានសន្ទុះ យ៉ាង ខ្លាំង បន្ថែម ហើយនឹងកើនឡើង​ដល់ ៦,០០០លានដុល្លារអាមេរិក នៅឆ្នាំ២០២០។